ទីក្រុង​ហុងកុង​ក្លាយ​ជា​សមុទ្រ​ខ្មៅ​នៃ​បាតុកម្ម​ប្រឆាំង​ការ​ប៉ុន​ប៉ង​បង្កើត​ច្បាប់​បត្យាប័ន

ពលរដ្ឋ​ទីក្រុង​ហុងកុង​រាប់​ម៉ឺន​នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ខ្មៅ ចេញ​តវ៉ា​តាម​ដង​វិថី​នានា​ក្នុង​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៩ ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​ទីក្រុង​ហុងកុង ចុះ​ចេញ​ពី​តំណែង។ រូបថត៖ CNA

ទីក្រុង​ហុងកុង​បាន​ក្លាយ​ទៅ​ជា​សមុទ្រ​ខ្មៅ​ហើយ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​មនុស្ស​រាប់​ម៉ឺន​នាក់​ស្លៀក​ពាក់​ខោ​អាវ​ខ្មៅ ចេញ​មក​តវ៉ា​យ៉ាង​កក​កុញ​នៅ​តាម​ដង​ផ្លូវ​នានា​នៅ​ទីក្រុង​មួយ​នេះ ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​ទីក្រុង​មួយ​នេះ​ចុះ​ចេញ​ពី​តំណែង។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ South China Morning Post។

សារព័ត៌មាន​មួយ​នេះ បាន​ផ្សាយ​បន្ត​ផ្ទាល់​​នូវ​ទិដ្ឋភាព​នៃ​ក្រុម​ពលរដ្ឋ​ហុងកុង​រាប់​ម៉ឺន​នាក់ ស្លៀក​ពាក់​ខោវ​អាវ​ខ្មៅ ​ដើរ​ដង្ហែ​តាម​ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង​ហុងកុង និង​ស្រែក​ថា «កុំ​បាញ់ យើង​ជា​អ្នក​ហុងកុង»។

​ទីភ្នាក់ងារព័ត៌មាន Reuters បាន​រាយការណ៍​ថា បាតុករ​មាន​ទាំង​មនុស្ស​ចាស់ យុវជន និង​សមាជិក​ក្រុម​គ្រួសារ ដែល​បាន​ដើរ​ត្រៀម​ត្រា​នៅ​តាម​ដង​វិថី​នានា និង​ស្ថានីយ៍​រថភ្លើង នៅ​ក្នុង​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ។

រូបថត​នានា បង្ហាញ​បាតុករ​កាន់​បដារ​សរសេរ​ថា «ឈប់​សម្លាប់​យើង​ទៅ!» «គ្មាន​ច្បាប់​បត្យាប័ន​ គ្មាន​អំពើ​ព្រៃផ្សៃ​របស់​ប៉ូលិស!»។

ក្រុម​បាតុករ​ទាំង​នោះ បាន​ចុះ​ផ្លូវ​តវ៉ា​យ៉ាង​កក​កុញ​បែប​នេះ ដើម្បី​ទាមទារ​ទៅ​មេដឹកនាំ​ទីក្រុង​ហុងកុង ចុះ​ចេញ​ពី​តំណែង តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​មេដឹកនាំ​ទីក្រុង​មួយ​នេះ បាន​សម្រេច​ផ្អាក​ផែនការ​បង្កើត​ច្បាប់​បត្យាប័ន​ដ៏​ចម្រូង​ចម្រាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ