អតីតបុគ្គលិកកាសែត ខ្មែរថាមស៍ ចោទចាងហ្វាងកាសែតមួយនេះថា បៀតបៀនផ្លូវភេទ

ចាងហ្វាងកាសែត ខ្មែរថាមស៏ លោក T. Mohan ។ រូបភាព៖ បណ្ដាញសង្គម

អតីតបុគ្គលិកស្រីម្នាក់ ដែលបម្រើការនៅស្ថាប័នកាសែត ខ្មែរថាមស៍ ចោទប្រកាន់ចាងហ្វាងកាសែតមួយនេះថា បានបៀតបៀនផ្លូវភេទ តាមរយៈការផ្ដល់ប្រាក់ជាថ្នូរនឹងការចង់រួមដំណេកជាមួយនាង។

ក្នុងលិខិតចំហរមួយចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ដែលផ្ញើជូនទៅស្ថានទូតហ្វីលីពីនប្រចាំប្រទេសកម្ពុជា អតីតបុគ្គលិកកាសែត ខ្មែរថាមស៍ ម្នាក់ ដែលជាជនជាតិហ្វីលីពីន និងជាអ្នកសរសេរអត្ថបទជីវិតកម្សាន្ដ និងសង្គម អ្នកនាង April Reposar បានលាតត្រដាងនូវរឿងអាស្រូវមួយ ដែលថា ចាងហ្វាងកាសែត ខ្មែរថាមស៏ លោក T. Mohan បានបៀតបៀនផ្លូវភេទលើរូបនាង។

ក្នុងលិខិតចំហរនោះ នាង April Reposar​ សរសេរថា កាលពីអំឡុងខែឧសភាកន្លងទៅ ពោលគឺក្រោយពិធីជប់លៀងបញ្ចប់អាណត្តិអតីតឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar នោះ លោក T. Mohan បានបបួលនាងទៅញ៉ាំអាហារពេលល្ងាច ហើយបានសុំនាងរួមដំណេកជាមួយ ដោយសន្យាផ្ដល់ប្រាក់ចំនួន១ពាន់ដុល្លារ ព្រមទាំងការផ្គត់ផ្គង់ផ្សេងទៀតដល់នាងប្រចាំខែ។ បើតាមលិខិតនោះ នាង April Reposar បានបដិសេធ និងព្យាយាមគេចវេសមិនទទួលយកសំណើលោក T. Mohan នោះទេ និងចុងក្រោយ នាងបានដាក់ពាក្យសុំលាឈប់ពីការងារនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្រោយចូលមកបំពេញការងារក្នុងប្រទេសកម្ពុជា មិនដល់១ខែផងនោះ។

ក្រោយពីបានឃើញលិខិតសុំឈប់ពីការងារនោះ លោក Mohan បានកោះហៅនាងមកជួបពិភាក្សាគ្នា ហើយនាងបានប្រាប់ដោយត្រង់ពីមូលហេតុនៃការលាឈប់នេះ និងចាត់ទុកទង្វើរបស់លោក T. Mohan ថា «គ្មានវិជ្ជាជីវៈ» និងមិនអាចទទួលយកបាន។ នេះបើតាមលិខិតចំហរដដែល។

បើតាមការរៀបរាប់របស់នាង April Reposar នៅក្នុងលិខិតចំហរ មុនពេលបញ្ឈប់ពីការងារនោះ លោក Mohan ថែមទាំងបានហាមប្រាមនាងមិនឲ្យប្រាប់រឿងនេះឲ្យអ្នកផ្សេងដឹងនោះទេ និងបង្គាប់ឲ្យនាងលុបឆាតឆ្លើយឆ្លងគ្នាទាំងអស់ចោល ដោយថា ដើម្បីរក្សាកេរ្តិ៍ឈ្មោះស្ថាប័នកាសែតមួយនេះ។

ក្នុងលិខិតនោះ អ្នកនាង Reposar April សរសេរថា៖ «លោក T. Mohan និយាយថា គាត់អាចចំណាយលុយឲ្យខ្ញុំចំនួន ១ពាន់ដុល្លារក្នុងមួយខែ បន្ថែមទៅលើប្រាក់ខែ ដើម្បីធ្វើការងារផ្សេងដែលគាត់ចង់ឲ្យខ្ញុំធ្វើ។ ខ្ញុំមានឯកសារថតចម្លងពីកិច្ចសន្ទនានោះជាច្រើន ដើម្បីគាំទ្រការអះអាងរបស់ខ្ញុំ»។

ក្នុងលិខិតចំហរនោះ នាង April Reposar សរសេរបន្ដថា ក្រោយពេលដែលនាងលាឈប់ទៅហើយនោះ លោក T. Mohan បែរជាចែកចាយព័ត៌មានមិនពិតទៅកាន់បុគ្គលិកនៅក្នុងស្ថាប័នកាសែត ខ្មែរថាមស៍ ដោយចោទនាងថា បានព្យាយាមលក់ខ្លួនឲ្យគាត់ ដើម្បីទទួលបានអនាគតល្អប្រសើរ ហើយថា លោក T. Mohan ទេ ដែលជាអ្នកបដិសេធមិនទទួលយកសំណើររបស់នាងទៅវិញ។ 

អ្នកនាង April Reposar ប្រាប់ VOD តាមរយៈអ៊ីម៉ែលបន្ថែមនៅថ្ងៃនេះថា នាងបានពឹងពាក់មេធាវីរួចហើយ ដើម្បីដំណើរការក្ដីនៅក្នុងរឿងនេះ និងថា មេធាវីក៏បានធ្វើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍របស់នាងសម្រាប់ប្រើនៅក្នុងតុលាការផងដែរ។

VOD បានទាក់ទងចាងហ្វាងកាសែត ខ្មែរថាមស៍ ជាជនម៉ាឡេស៊ី លោក T. Mohan តាមរយៈសារអេឡិចត្រូនិច និងបណ្ដាញសង្គម WhatsApp ប៉ុន្ដែ នៅមិនមានការឆ្លើយតបណាមួយនោះទេ រហូតដល់ម៉ោងចេញផ្សាយអត្ថបទនេះ។

ប្រធានប្រតិបត្តិកាសែតខ្មែរថាមស៍ លោក កៃ គឹមសុង ប្រាប់ VOD ថា ករណីនេះមិនមែនជារឿងពិតនោះទេ ដោយលោកការពារថា លោក T. Mohan គឺជាមនុស្សស្អាតស្អំ និងមិនបានប្រព្រឹត្តអំពើបែបនេះនោះទេ។

ប៉ុន្ដែ នៅពេល VOD សួរថា នៅស្ថាប័នកាសែត ខ្មែរថាមស៍ មានបុគ្គលិកឈ្មោះ «April Reposar» ដែរឬទេ លោក កៃ គឹមសុង ប្រាប់ថា លោកមិនចាំនោះឡើយ។

លោកបន្ដថា៖ «គេរកភស្ដុតាងយ៉ាងម៉េចខ្ញុំមិនដឹងទេ ប៉ុន្ដែ ខ្ញុំគិតថា គាត់ [លោក T. Mohan] ដូចជាមិនមែនមនុស្សប្រភេទហ្នឹង ព្រោះខ្ញុំអត់ជឿ ខ្ញុំអត់ជឿ។ តាមគំនិតខ្ញុំ គំនិតរបស់ខ្ញុំទេ។ រយៈពេលខ្លីមែនទែន ខ្ញុំក៏អត់ស្គាល់ ខ្ញុំសឹងតែភ្លេចមុខគាត់ [Reposar April] ទៅហើយ»។ ​

អ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា លោកមិនបានទទួលលិខិតរបស់អតីតបុគ្គលកាសែត ខ្មែរថាមស៍ រូបនេះនោះទេ។ ប៉ុន្ដែ លោកពន្យល់ថា ករណីនេះជារឿងព្រហ្មទណ្ឌ ដែលភាគីរងគ្រោះអាចប្ដឹងទៅអាជ្ញាធរកម្ពុជា ដើម្បីជួយរកយុត្ដិធម៌។

លោក បន្ដថា៖ «អាហ្នឹងជារឿងព្រហ្មទណ្ឌ អញ្ចឹង វាប៉ះពាល់គាត់ គាត់អាចប្ដឹងទៅសមត្ថកិច្ចបាន គេនឹងដោះស្រាយ។ បាទ អាហ្នឹងច្បាប់កម្ពុជាយើង»។

នាយិកាអង្គការសីលការ កញ្ញា សេង រាសី មានប្រសាសន៍ថា អាជ្ញាធរកម្ពុជាគួរតែចូលរួមនៅក្នុងរឿងនេះ ដើម្បីជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងលុបបំបាត់អំពើបៀតបៀនផ្លូវភេទក្នុងប្រទេសកម្ពុជា។

លោក T. Mohan ជាជនជាតិម៉ាឡេស៊ី បានចូលប្រឡូកក្នុងវិស័យព័ត៌មាននៅកម្ពុជាដំបូង នៅទសវត្សរ៍ឆ្នាំ១៩៩០ ដោយនៅពេលនោះ លោកគឺជាអ្នកគ្រប់គ្រងទូទៅនៃកាសែត Cambodia Times ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៥ ហើយបន្ទាប់មកគឺនៅកាសែត Cambodia Today ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៦។

ក្រោយមកទៀត លោក T. Mohan គឺជាស្ថាបនិកកាសែត ខ្មែរថាមស៍ ដែលត្រូវបានបង្កើតឡើងនៅខែឧសភា ឆ្នាំ២០១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ