វៀតណាម​សម្លាប់​ជ្រូក​ជាង​២លាន​ក្បាល​ដើម្បីទប់ស្កាត់​​ការផ្ទុះនៃជំងឺប៉េស្ត​ជ្រូកអាហ្រ្វិក​

អ្នកឯកទេសខាងពេទ្យសត្វមួយពិនិត្យកសិដ្ឋានជ្រូកមួយកន្លែង ដែលមានជ្រូកងាប់ច្រើន នៅហាណូយ នៅថ្ងៃទី 27 ខែឧសភា ឆ្នាំ 2019 ។ PHOTO: AFP

អាជ្ញាធរវៀតណាម បាន​សម្លាប់ជ្រូក​ជាង​ ២លាន ៥សែនក្បាល​ ដើម្បី​កុំ​ឱ្យ​ជំងឺប៉េស្តជ្រូកអាហ្រ្វិក​ដែល​កំពុងផ្ទុះ​ឡើង​រីករាល​ដាលកាន់​តែខ្លាំង។​

មន្រ្តីក្រសួង​កសិកម្ម​របស់​វៀតណាមម្នាក់​ ត្រូវបាន​​សារព័ត៌មាន​ Straits Times របស់​សឹង្ហបុរី​ ដកស្រង់សម្តីមក​ចុះផ្សាយ​ថា​ ពេលនេះ ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានកើតឡើងនៅទូទាំង ៦៣ខេត្ត​របស់​ប្រទេសកុម្មុយនីស្តមួយនេះ។ ទោះយ៉ាងណាក៏ដោយ ​មន្រ្តី​វៀតណាម​រូបនេះ អះអាងថា​ ប្រទេសរបស់លោកនឹងមិនប្រកាស​ភាព​អាសន្ននោះទេ ដោយ​សារតែ​ជំងឺនេះមិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្សឡើយ។

ប្រជាជន​វៀតណាម ប្រហែល​ ៣០លាននាក់ប្រកបរបរ​ចិញ្ចឹម​ជ្រូកសម្រាប់​លក់​ និងទទួល​ទានក្នុងស្រុក។ សាច់ជ្រូក​ ជាប្រភេទសាច់ដែលជនជាតិ​​វៀតណាម​ចូលចិត្ត​បរិភោគ​ជាងគេ​ ដែល​មានប្រហែល​ ៧៥ភាគរយនៃផលិតផលសាច់សរុបក្នុងប្រទេសនេះ។

ទោះ​យ៉ាងណាក៏ដោយ អ្នកជំនាញសេដ្ឋកិច្ច​វៀតណាម លោក Can Van Luc  អះអាងថា ​ការផ្ទុះ​ជំងឺប៉េស្តជ្រូក​អាហ្រ្វិក មិនទាន់​​ជះឥទ្ធិពល​ជាអវិជ្ជមាន​ច្រើន​ដល់​សេដ្ឋកិច្ច​ប្រទេសនេះនៅឡើយទេ។

កាល​ពីខែសីហាកន្លងទៅ ជំងឺប៉េស្តជ្រូកអាហ្រ្វិក បាន​រីករាល​ដាល​ក្នុងខេត្ត និងតំបន់​ចំនួន​​២៥ នៅប្រទេស​ចិន ដែល​ពេលនោះ​អាជ្ញាធរ​ចិនបាន​សម្លាប់ជ្រូក​ចោល​រហូតដល់​ ២០០លាន​ក្បាល។  

ភ្លាមៗក្រោយការផ្ទុះ​ជំងឺនេះ អង្គការ​ស្បៀងអាហារ និង​កសិកម្ម ហៅកាត់ថា​ FAO​ បាន​ព្រមាន​ថា​​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិកដែល​​កើតឡើង​នៅចិន​ អាច​រីក​រាល​ដាល​ដល់​ប្រទេសផ្សេងទៀតនៅតំបន់​​អាស៊ី​។ អង្គការដដែលនេះ ឲ្យ​ដឹង​ថា មេរោគ​ប៉េស្ត​ជ្រូកអាហ្វ្រិកជាមេរោគ​ដែល​ធន់​​ខ្លាំងហើយ​អាចរស់​នៅបាន​យូរ ពោល​គឺវា​អាចស៊ាំនឹង​អាកាសធាតុ​​ក្តៅខ្លាំង ត្រជាក់​ខ្លាំង ហើយ​មិនត្រឹម​តែប៉ុណ្ណោះ​ វា​ថែម​ទាំង​អាច​រស់​នៅ​បាន​ក្នុង​ផលិត​ផល​សាច់ជ្រូកក្រៀម​ទៀត​ផង។

បើតាម​អង្គការ​ស្បៀងអាហារ និង​កសិកម្ម ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក មិនបង្ក​ផល​​ប៉ះពាល់​ដល់​សុខភាព​មនុស្សទេ។ ប៉ុន្តែ ពុំមាន​វ៉ាក់សាំង​ណាមួយ​ដែល​អាច​​ចាក់​ការពារ​ជ្រូក​មិន​ឲ្យ​ឆ្លង​ និងកើតជំងឺនេះឡើយ។​

ប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​​ផ្ទុះ​ខ្លាំងកាលពីទស្សវត្ស​ឆ្នាំ​១៩៦០​ នៅអឺរ៉ុប ​និង​អាមេរិក។ ដោយសារតែមាន​ប្រវត្តិនៃការផ្ទុះ និងការសាយ​ភាយ​នៅតំបន់​ផ្សេង​ៗគ្នា​បែបនេះ ទើបអង្គការ​ស្បៀងអាហារ និង​កសិកម្ម យល់​ថា​ ជំងឺនេះអាច​រីករាលដាល​ដល់​ប្រទេសជិត​ខាង​ ជាពិសេស​ប្រទេសនៅតំបន់​អាស៊ី​អាគ្នេយ៍ និង​ឧបទ្វីបកូរ៉េ ព្រោះប្រទេសក្នុងតំបន់​ទាំង​នេះ​មាន​តម្រូវ​ការ​សាច់ជ្រូកខ្ពស់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ