សមាគម​អ្នកចិញ្ចឹម​សត្វ ​បារម្ភ​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូកពីវៀតណាម

ជ្រូកដែលបានឆ្លងជំងឺប៉េស្តជ្រូក ហើយស្លាប់ ត្រូវបានយកទៅកប់ចោល។ រូបភាព៖ ហ្វេសប៊ុក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy

សមាគម​អ្នក​ចិញ្ចឹម​សត្វ បង្ហាញ​ក្ដី​បារម្ភ​ពីជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិកដែលកំពុង​ផ្ទុះនៅប្រទេសវៀតណាម អាចឆ្លងចូលប្រទេសកម្ពុជា ព្រោះថា ការលួចនាំចូលសត្វជ្រូកដោយខុសច្បាប់ពីប្រទេសជិតខាងមួយនេះនៅតែបន្តកើតមានរាល់ថ្ងៃ។​

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​ លោក ស្រ៊ុន ពៅ លើកឡើងថា ការលួចនាំចូលជ្រូកពីប្រទេសវៀតណាមតាមច្រកព្រំដែននៅតែកើតមានដដែល ទោះបីជាកន្លងមក ក្រសួងប្រកាសពីវិធានការទប់ស្កាត់រួចហើយក៏ដោយ។

លោកបង្ហាញក្ដីបារម្ភ​ពី​ការ​លួច​នាំ​ចូល​សត្វ​ជ្រូក​នៅ​តាម​ច្រកព្រំដែន ខណៈ​​​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​ផ្ទុះ​នៅ​ប្រទេស​វៀតណាមខ្លាំង។

លោកស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ​​ ចាត់​វិធានការ​ទប់ស្កាត់ និង​បង្រ្កាប​ការ​នាំ​ចូល​សត្វជ្រូក​ពី​វៀតណាមឱ្យបានខ្លាំងក្លា ដើម្បី​ធានា​ថា ​គ្មានការនាំចូល​ជ្រូក​ពីប្រទេសមួយ​នេះចូល​មក​កម្ពុជា​បាន។​

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ ​លោក ស្រ៊ុន ពៅ
ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ ​លោក ស្រ៊ុន ពៅ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​រៀប​ចំ​ផែន​ការ​ត្រៀម​ និង​ឆ្លើយ​តប​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

លោកថា៖ «សំណូម(ពរ)ឱ្យរាជរដ្ឋាភិបាលជួយឱ្យមែនទែន ជួយឱ្យខានតែបាន ទោះបីបង្កើតច្បាប់យ៉ាងណាក៏ដោយ ទប់ស្កាត់កុំឱ្យជនខិលខូចនៅបង្កើតការលោភលន់ នាំជ្រូកចូលមក ហើយប៉ះពាល់សេដ្ឋកិច្ចក្នុងស្រុក។ នៅតាមព្រំប្រទល់វៀតណាមសឹងថា គ្រប់ខេត្តទាំងអស់ ប៉ុន្តែ ច្រើនជាងគេ មានតែព្រៃវែង និងត្បួងឃ្មុំ ដែលនាំចូលច្រើនជាងគេ។ បើតាមខ្ញុំ វាមិនក្រោម ៥០០ក្បាលទេ ក្នុងមួយថ្ងៃ ជុំវិញប្រទេសតាមព្រំដែនកម្ពុជាវៀតណាមដែលលួចចូលមក»។

លោក ស្រ៊ុន ពៅ បន្តថា ​ប្រសិនបើជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិកឆ្លងចូលមកកម្ពុជា លោកថា នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសុខភាពរបស់ប្រជាពលរដ្ឋ។ លោកបន្តថា សព្វថ្ងៃកម្ពុជានាំចូលជ្រូកពីប្រទេសថៃក្នុងមួយថ្ងៃជាង ១០០០ក្បាល ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងប្រទេស។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ​ លោក តាន់ ផាន់ណារ៉ា មានប្រសាសន៍ថា ក្រសួងបានដាក់វិធានការ ដើម្បីទប់ស្កាត់កុំឱ្យមានការលួចនាំចូលជ្រូកពីវៀតណាមរួចហើយ។

លោកថា៖ «បើសិនជាសមាគម គាត់និយាយថា នាំចូល ៥០០ក្បាល ​​ឱ្យគាត់សហការមកខាងខ្ញុំទៅ ដើម្បីទប់ស្កាត់ ឱ្យគាត់នាំព័ត៌មានមកខាងខ្ញុំ ទៅមើលថាចូលពីកន្លែងណា ខាងខ្ញុំនឹងទប់ស្កាត់ឱ្យ មិនមែនខាងខ្ញុំមិនធ្វើការទេ។ ខាងខ្ញុំយប់មិញចាប់បាននៅស្វាយរៀង ហើយក៏ចាប់បាននៅត្បូងឃ្មុំ ចាប់បានរហូត»។

​កាលពី​ថ្ងៃ​ទី៣០ ខែ​ឧសភា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ លោក វេង សាខុន បាន​ចេញសារាចរ​ណែនាំមួយប្រាប់​ឱ្យ​មន្ទីរ​កសិកម្ម​ជាប់​ព្រំ​ដែន​វៀតណាម​ទាំង​អស់​បង្កើន​ការ​ប្រុង​ប្រយ័ត្នចំពោះ​​​ការរីករាល​ដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូកអាហ្វ្រិក​​ពី​វៀតណាម ជា​ពិសេស​ខេត្ត​រតនគិរី មណ្ឌលគិរី ព្រៃវែង កំពត និង​ខេត្ត​កណ្ដាល​​ ។

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​ប្រទេស​ចិន ​បាន​រីក​រាលដាល​ដល់​ប្រទេស​វៀតណាម​នៅ​ដើម​ឆ្នាំ​នេះ និង​បាន​ឆ្លង​ចូល​ដល់​ខេត្ត​រតនគិរី​ នៃ​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ​​។

សារព័ត៌មាន​ Straits Times របស់​សឹង្ហបុរី​ បានចុះផ្សាយថ្ងៃនេះ ដកស្រង់សម្ដីមន្រ្តីក្រសួង​កសិកម្ម​របស់​វៀតណាមម្នាក់​ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានកើតឡើងស្ទើរទូទាំងប្រទេស ដោយអាជ្ញាធរបានសម្លាប់សត្វជ្រូក​ជាង​ ២លាន ៥សែនក្បាល​ ដើម្បី​កុំ​ឱ្យ​ជំងឺនេះ​រីករាល​ដាលកាន់​តែខ្លាំង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ