UN​ អំពាវនាវ​ថ្មីទៀត​ឱ្យកម្ពុជា​សន្ទនា​នយោបាយ​សម្រាប់​សន្តិភាព​យូរអង្វែង​

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត និហលោក ដាវីដ កាយ៉េ អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិ។ រូបភាព៖ ហ្វេសប៊ុក Special Rapporteur Cambodia

អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ពីទី​ក្រុង​ហ្វឺ​ណែវ​ អំពាវនាវ​ជាថ្មី​ទៀត​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​សន្ទនា​នយោបាយ​ផ្តោត​លើ​បញ្ហា​ សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ​សន្តិភាព​យូរអង្វែង​។

សេច​ក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី១៩នេះ​ ​ការិយា​ល័យឧ​ត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លើកឡើង​ថា​ អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​មាន​កង្វល់​ចំពោះ​សកម្មភាព​រដ្ឋាភិបាល​ក្នុង​ការ​បំបិទ​សំឡេង​ដៃគូ​ប្រជែង​នយោបាយ​។

កង្វល់​នោះ​ អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​លើកឡើង​ថា​ បញ្ហា​ដែល​ខ្លួន​ព្រួយបារម្ភ​នោះ​មាន​ ការប្រើ​ច្បាប់ព្រហ្មទណ្ឌ​ដើម្បី​កំណត់​គោលដៅ​ បំភិតបំភ័យ​ ការ​ចាប់​ឃុំខ្លួន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​ ការចោទប្រកាន់​ពី​បទ​ញុះញង់​ និង​ចោទ​ថា​ រំលោភ​សាល​ដីការ​តុលាការ​កំពូល​ចុះ​ថ្ងៃទី១៦​ ខែ​វិ​ច្ឆិ​កា​ ឆ្នាំ​២០១៧​។

សេច​ក្តី​ថ្លែងការណ៍​នេះ​ បាន​ដកស្រង់​អនុសាសន៍​ ​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត ដែល​បាន​រំឭក​អំឡុង​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី៩ ខែឧសភា​ ថា​៖ «ដល់ពេល​ដែល​រដ្ឋាភិបាល​ដឹកនាំ​ផ្លាស់​ប្តូរ​វប្បធម៌​នយោបាយ​ទៅជា​កិច្ច​សន្ទនា​មួយ​ដែល​ផ្តោត​ទៅ​លើ​បញ្ហា​ ជាជាង​ផ្តោត​លើ​បុគ្គល ​ដែល​ជា​វិធី​មួយ​ឈានទៅមុខ​ និង​បង្កើត​មូលដ្ឋាន​រឹងមាំ​សម្រាប់​សន្តិភាព​យូ​អង្វែង​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​សិទ្ធិមនុស្ស​ទាំងអស់គ្នា​»។

យ៉ាងនេះ​ក្តី​ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន​ សែន ធ្លាប់ថ្លែង​ថា​ ចំណាត់ការ​នានា​រួម​ទាំង​ ចំណាត់ការ​រំលាយ​អតីត​គណបក្ស​ប្រឆាំងផង​ ថា​ ជា​វិធានការ​ច្បាប់​ និង​បាន​អំពាវនាវ​ទៅ​អាជ្ញាធរ​ ​ឱ្យ​ទប់ស្កាត់​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​កុំ​ឱ្យ​ងើប​រួច​ព្រមទាំង​ប្រើ​ពាក្យ​ធ្ងន់​ៗថា​ «ងើប​មួយ​វាយ​មួយ​» ដោយថា ដើម្បីការពារសន្តិភាព។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ