ហ្វេសប៊ុកលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យដឹងថា សប្បុរសជនបានផ្ដល់ជំនួយជាបន្ដបន្ទាប់សរុបជាទឹកប្រាក់ប្រមាណ ១លាន៧សែនដុល្លារហើយ គិតត្រឹមថ្ងៃម៉ោង១១និង៣០នាទី ថ្ងៃចន្ទនេះ។
ការផ្ដល់ជំនួយជាបន្ដបន្ទាប់នេះ គឺធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអំពាវនាវតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ដោយសុំឲ្យសប្បុរសជនជួយដល់ក្រុមគ្រួសារអ្នកស្លាប់ និងជនរងគ្រោះនៅក្នុងហេតុការណ៍បាក់អគារចិន៧ជាន់ នៅខេត្ដព្រះសីហនុ កាលពីថ្ងៃទី២២ មិថុនាកន្លងទៅនេះ។
តួលេខចុងក្រោយ គិតត្រឹមរសៀលម៉ោង៣ថ្ងៃទី២៤ ខែមិថុនានេះ អាជ្ញាធរខេត្តព្រះសីហនុ និងក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន ២៦នាក់ និងអ្នករងរបួសសរុបចំនួន ២៤នាក់ផ្សេងទៀត៕