អង្គការ​ពលកម្ម​អន្តរជាតិ​ជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​យកចិត្ត​ទុកដាក់​បន្ថែម​លើ​សុវត្ថិភាព​កម្មករ​

បុរស​ម្នាក់​អង្គុយ​រង់ចាំ​សាច់​ញាតិ​របស់​គាត់ ដែល​ត្រូវ​បាន​គេ​ជឿ​ថា បាន​កប់​នៅ​ក្រោម​គំនរ​បាក់​បែក​នៃ​សំណង់​អគារ​របស់​ចិន​មួយ​ស្ថិត​នៅ​ខេត្ត​ព្រះសីហនុ។ រូបថត៖ សូត សុខប្រាថ្នា

អង្គការ​ពលកម្ម​អន្តរជាតិ​ហៅ​កាត់​ថា ​ILO បាន​ជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើ​សុវត្ថិភាព​របស់​កម្ម​ករ​ក្រោយ​មាន​ហេតុការណ៍​បាក់អគារសង្កត់​កម្មករ​សំណង់​ស្លាប់​កាល​ពី​ចុង​សប្ដាហ៍​មុន។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​នៅ​ថ្ងៃ​ទី​២៥ មិថុនា នេះ អង្គការ ​ILO បាន​សំដែង​នូវ​ការ​សោក​ស្ដាយ​ចំពោះ​​គ្រោះ​ថ្នាក់​ការងារ​ដែល​កើត​ឡើង​នេះ​ ដោយ​ជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​មាន​វិធាន​ការណ៍​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​សុវត្ថិភាព និង​សុខភាព​របស់​កម្ម​ករ​នៅ​កន្លែង​ធ្វើ​ការ​របស់​ពួកគេ។

ក្នុង​សេចក្តីថ្លែងការណ៍​នោះ​លើក​ឡើង​ថា៖ «ការ​បាត់បង់​ជីវិត​នេះ​ គឺ​ជា​ការ​រំលឹក​មួយ​ទៀត​អំពី​ហានិភ័យ​ដែល​កម្មករ​រាប់ពាន់​នាក់​ប្រឈម​មុខ​រាល់​ថ្ងៃ​ហើយ​ទាមទារ​ឱ្យ​មាន​វិធាន​ការ​ជា​បន្ទាន់​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព និង​សុខភាព​កម្មករ​នៅ​កន្លែង​ធ្វើការ​ »។

អង្គការ​នេះ​បាន​ឲ្យ​ជា​យោបល់​ថា​ រដ្ឋាភិបាល​ និង​​ភាគី​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការ​ជា​មួយ​គ្នា​ក្នុងការ​ពិនិត្យ​ឡើង​វិញ​នូវ​​សេចក្តីណែនាំ​ស្ដង់ដារ​សុខភាព និង​សុវត្ថិភាព​​ការងារ ​សុវត្ថិភាព​នៃ​សំណង់​ បង្កើន​ការ​ត្រួតពិនិត្យ​កម្លាំង​ពលកម្ម​ និង​មាន​យុទ្ធនាការ​គ្មាន​គ្រោះថ្នាក់​នៅ​កន្លែង​ធ្វើ​ការ​ជាដើម ​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​ការងារ​ក្នុង​វិស័យ​នេះ។

ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ មាន​គ្រោះថ្នាក់ការងារ​កើត​ឡើង​ជាង​២ម៉ឺន៥ពាន់​ករណី ដែល​បាន​បណ្ដាល​ឲ្យ​កម្មករ​បាត់បង់​ជីវិត​ចំនួន​២០០នាក់ និង​ជាង​២ពាន់​៧រយនាក់​ទៀត​រងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ