ខួប៣ឆ្នាំ​សពលោក​ កែម​ ឡី​ គ្រួសារ​និមន្ត​ព្រះសង្ឃ៦អង្គ​ដើម្បី​ប្រា​រព្វ​ពិធី​

ទីតាំងផ្ទះលោក កែម ឡីង ដែលគ្រោងធ្វើពិធីបុណ្យរំលឹកខួប៣ឆ្នាំនៃការស្លាប់របស់លោក។ រូបភាព៖ ផ្ដល់ឱ្យ/ យុវជន១០០រាត្រី

ក្រុម​គ្រួសារ​អះអាង​ថា​ ពិធី​រំឭក​ខួប​គម្រប់៣ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក​ កែម​ ឡី​ ដែល​គ្រោង​ធ្វើ​នៅ​សប្តាហ៍​ក្រោយនេះ​ ធ្វើ​តូចជាង​ឆ្នាំមុន​ ដោយ​ថា ​និមន្ត​ព្រះសង្ឃ​តែ៦​អង្គ​ប៉ុ​ណ្ណោះ​ដើម្បី​ប្រា​រព្វ​ពិធី​។

ម្តាយ​បង្កើត​លោក​ កែម​ ឡី​ គឺ​អ្នកស្រី​ ភោគ​ សេ​ ឱ្យ​ដឹង​ថា​ ពិធីបុណ្យ​គម្រប់​ខួប៣ឆ្នាំ​របស់​កូនប្រុស​ នឹង​ប្រា​រព្វ​ធ្វើ​នៅ​ស្រុកកំណើត​ ក្នុង​ខេត្តតាកែវ​ដូច​ឆ្នាំ​មុន​ៗ ចាប់ពី​ថ្ងៃទី១០ ដល់១១ ខែកក្កដា​ឆ្នាំនេះ​។

ស្ត្រី​វ័យ​៧៩ឆ្នាំ​រូប​នេះ​ បញ្ជាក់​ថា ​ឆ្នាំនេះ​ កម្មវិធី​បុណ្យ​និមន្ត​ព្រះសង្ឃ​តែ៦​អង្គ​ប៉ុណ្ណោះ​ និង​ត្រៀម​នំបញ្ចុក៣០០គីឡូ​ សម្រាប់​ទទួលភ្ញៀវ​ខណៈ​ឆ្នាំមុន​និមន្ត​ព្រះសង្ឃ​ដល់ទៅ៥២អង្គ​។

ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​ នៅតែ​មិន​ជឿ​ថា​ ការ​បាញ់សម្លាប់​កូនប្រុស​របស់​គាត់​នៅ​កណ្តាល​ទីក្រុង​មានតែ​មនុស្សម្នាក់​ដែល​បាន​រៀបចំផែនការ​សម្លាប់​។

អ្នកស្រី​ថា​៖ «អ្នករក​ហ្នឹង​ រក​ឱ្យ​ឃើញ​យុត្តិធម៌​ឱ្យ​ផង​។ ខ្ញុំ​មិនថា​អី​ទេ​ អ្នក​ដែលគេ​ចាប់​មក​ហ្នឹង​។ ប៉ុន្តែ ​ខ្ញុំ​មិន​ជឿ​ថា​ កូន​ខ្ញុំ​ខ្ចី​លុយ៣ពាន់​ បាន​គេ​បាញ់សម្លាប់​។ ខ្ញុំ​មិន​ជឿ​ទេ​ កូន​ខ្ញុំ​ទៅ​ខ្ចី​អី​អា​លុយ​ ៣ពាន់​ហ្នឹង​»។

បងស្រី​លោក​ កែម​ ឡី​ គឺ​អ្នកស្រី​ កែម​ ថា​វី​ ឱ្យ​ដឹង​ដែរ​ថា​ ការ​ធ្វើពិធី​បុណ្យ​តូច​នៅ​ឆ្នាំនេះ​ ដោយសារ​ក្រុម​គ្រួសារ​ខ្វះខាត​ មិន​ចង់​ឱ្យ​ជំពាក់​លុយ​គេ​ដូច​ពេល​មុន​ៗក្រោយ​បញ្ចប់​ពិធីបុណ្យ​ទៅ​។

ស្ត្រីអាយុ៥៦ឆ្នាំ​រូប​នេះ​ អះអាង​ថា​ បើ​អ្នក​ពាក់ព័ន្ធ​នៃ​អំពើ​ឃាតកម្ម​នៅតែ​មិន​ត្រូវ​បាន​វែកមុខ ​វា​ហាក់​នៅតែ​បង្កើត​មន្ទិលសង្ស័យ​ដល់​ពលរដ្ឋ​ច្រើន​លាន​នាក់​ដែល​ចូលចិត្ត​លោក​ កែម​ ឡី​ ផង​ដែរ​។

អ្នកស្រី​ថា​៖ «បើ​យើង​មើល​សន្ទុះ​កាលដែល​គាត់​ស្លាប់​ បើ​យើង​ស្មាន​ទៅ​ចូល៣លាន​អ៊ីចឹង​ អា​ផល​ប៉ះពាល់​ហ្នឹង​វា​អត់​ក្រោម​ហ្នឹង​ទេ​ វា​មានតែ​លើស​ហ្នឹង​ចូល៤ទៅ៥លាន​ផង​មិនដឹង​គាត់​មិន​អស់​ចិត្ត​ដូចតែ​គ្នា​ គ្រាន់តែ​គាត់​មិនមែន​ជា​ពោះ​មួយ​ដូច​យើង​ជា​ម៉ែ​ ជា​បង​ ជា​ប្អូន​ប៉ុន្តែ​ តាមខ្ញុំ​មើល​ទឹកចិត្ត​របស់​គាត់​មិន​ខុសពី​ពួក​ខ្ញុំ​ទេ​»។

ក្រុម​យុវជន១០០រាត្រី​ និង​ជាអ្នក​បន្តវេន​ពី​លោក​ កែម​ឡី​ គឺ​លោក​ មួង​ សូ​នី​ អះអាង​ថា​ លោក​សោក​ស្តាយ​ ដែល​ថា ៣ឆ្នាំ​មកនេះ​ រដ្ឋាភិបាល​នៅតែ​មិនទាន់​រក​ឃើញ​អ្នក​នៅ​ពីក្រោយ​ការ​បាញ់សម្លាប់​នេះ​មក​ផ្តន្ទា​ទោស​បាន​ក្រៅពី​បុរស​ម្នាក់​ដែល​សមត្ថកិច្ច​ចោទ​ថា​ ជា​ខ្មាន់​កាំភ្លើង​។

លោក​ថា​៖ «ខ្ញុំ​គិតថា​ សំឡេង​ពលរដ្ឋ​តាម​សង្គម​ហ្វេ​សប៊ុ​ក តាម​យូ​ធូប​អី​នឹង​ វា​ជួយ​ដាស់តឿន​ដែរ​ ដាស់តឿន​ទៅ​រដ្ឋាភិបាល​ ទៅ​ក្រសួង​យុត្តិធម៌​ ទៅ​ចៅក្រម​គ្រប់​ជាន់ថ្នាក់​ហ្នឹង​ឱ្យ​ភ្ញាក់​ស្មារតី​ក្នុង​ការជំរុញ​ឱ្យ​មាន​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា​យើង​ កុំ​ឱ្យ​វា​ដុនដាប​អាក្រក់​អា​ក្រី​ខ្លាំងពេក​»។

លោក​ កែម​ ឡី​ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​នៅក្នុង​ស្តា​ម៉ាត​មួយ​កន្លែង​ស្ថិត​ក្នុង​ស្ថា​នីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ ជាប់​នឹង​ស្តុ​បបូ​កគោ​ រាជធានី​ភ្នំពេញ​ កាល​ថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ២០១៦​ ក្រោយពី​លោក​ កែម​ ឡី​ បាន​វិភាគ​បន្ថែម​លើ​របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​អន្តរជាតិ​ Global​ Witness​ ដែល​លាតត្រដាង​ពី​ការ​ក្តោប​ក្តាប់​មុខ​ជំនួញ​របស់​គ្រួសារ​«ត្រកូល​ហ៊ុន​»

រហូត​ទល់​ពេល​បច្ចុប្បន្ន​ អាជ្ញាធរ​ចាប់ខ្លួន​បុរស​ម្នាក់​ប៉ុណ្ណោះ​ឈ្មោះ​ អឿត​ អាង​ ហៅ​ «ជួប​សម្លាប់» ដោយ​កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​មួយ​ជីវិត​។

ការ​បាញ់សម្លាប់​លោក​ កែម​ ឡី​ ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​ ដែល​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ ចោទ​រដ្ឋាភិបាល​ថា​ ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ​។ ប៉ុន្តែ​ នាយក​រដ្ឋមន្ត្រី​ តាមរយៈ​មេធាវី​បាន​ដាក់​ពាក្យ​ប្តឹង​លោក​ សម​ រង្ស៊ី​ ចំពោះការចោទនេះ ហើយ​ទីបំផុត​ តុលាការ​បាន​កាត់​ក្តី​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ជា​អ្នកឈ្នះ​ក្តី។

យ៉ាងនេះក្តី លោកនាយក​រដ្ឋមន្ត្រី​ធ្លាប់​ចូលបុណ្យ១ម៉ឺន​ដុល្លារ​ ដល់​ក្រុម​គ្រួសារ​សព​ ក្រោយពី​ប្អូនប្រុស​លោក​ កែម​ ឡី​ គឺ​លោក​ កែម​ រិទ្ធិ​សិទ្ធ​ អះអាង​ថា​ ការ​ធ្វើបុណ្យ​គម្រ​ប់​ខួប១ឆ្នាំ​ នៅ​ឆ្នាំ២០១៧នោះ​ ជំពាក់​លុយ​ថ្លៃ​បបរ​ និង​ចំ​ណាយ​ផ្សេង​ៗ ៧៨០០ដុល្លារ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ