អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោក មាស នី លើកឡើងពីការព្រួយបារម្ភថា អាចនឹងមានការដូរទឹកដីពេលដែលពលរដ្ឋខ្មែរទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសកាន់តែច្រើន ហើយជនបរទេសមកធ្វើការងារនៅស្រុកខ្មែរវិញ។
នៅក្នុងកិច្ចពិភាក្សាមួយស្តីពីវប្បធម៌នយោបាយថ្មីកាលពីយប់ថ្ងៃទី២ ខែកក្កដា លោក មាស នី លើកឡើងពីបញ្ហាដែលអ្នកនយោបាយខ្មែរទាស់គ្នាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈសេដ្ឋកិច្ចប្រទេសជិតខាងមានថៃ និង វៀតណាម កាន់តែរីកចម្រើន។
លោក មាស នី បន្តថា អ្វីដែលជាបញ្ហាកាន់តែស្មុគស្មាញនោះ នៅពេលដែលពលរដ្ឋខ្មែរចេះតែស្វែងរកការងារធ្វើនៅក្រៅប្រទេស ហើយជនជាតិវៀតណាម និងចិន មកធ្វើការងារនៅកម្ពុជាវិញ។
លោក មាស នី៖ «ខ្ញុំចេះតែមានការព្រួយបារម្ភ ហើយសព្វថ្ងៃនេះ យើងចេះតែមានអំនួតហើយថា យើងរីកចម្រើនទៅមុខ ប្រៀបធៀបជាមួយឆ្នាំទី០មកថា យើងបានឆ្ងាយ តែបញ្ញាវន្តយើងអត់មើលអាហ្នឹងទេ។ យើងមើលថា ពីពេលនេះទៅមុខថា យើងធ្វើអីខ្លះដើម្បីឱ្យប្រណាំងជាមួយគេបាន។ ព្រោះឥឡូវនេះយើងម្ខាងៗស្ទើរតែ១លានកន្លះហើយទៅធ្វើការនៅថៃ។ បន្តិចទៀតវៀតណាមគេឡើងដែរ យើងទៅធ្វើការងារនៅវៀតណាមផងថៃផង ហើយប្រទេសនេះអ្នកណាមកនៅ? ចិន ឬវៀតណាមមករកស៊ីនៅស្រុកយើង អាហ្នឹងគេហៅថា ដូរដីហើយ។»
វៀតណាម និងសហភាពអឺរ៉ុបបានចុះកិច្ចព្រមព្រៀងចំនួនពីរ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនាឆ្នាំ២០១៩ គឺកិច្ចព្រមព្រៀងតំបន់ធ្វើពាណិជ្ជកម្មមិនជាប់ពន្ធ អឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារអ្នកវិនិយោគ អឺរ៉ុប-វៀតណាម (EVIPA)។
របាយការណ៍សិក្សាព្យាករណ៍ទុកមុន ដែលសិក្សាដោយក្រសួងផែនការ និងវិនិយោគរបស់វៀតណាមរំពឹងថា កិច្ចព្រមព្រៀងតំបន់ធ្វើពាណិជ្ជកម្មមិនជាប់ពន្ធនេះ អាចជួយឱ្យការនាំចេញរបស់វៀតណាមកើនឡើង ២០ភាគរយ នៅឆ្នាំ២០២០ កើនឡើង ៤២,៧ភាគរយ នៅឆ្នាំ២០២៥ និង៤៤,៤ភាគរយ នៅឆ្នាំ២០៣០។