រដ្ឋាភិបាល​អាមេរិក​បញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ​៣៧​នាក់​បន្ថែម​ទៀត​មក​កម្ពុជា

រូបភាពបង្ហាញពីការបញ្ជូនពលរដ្ឋខ្មែរពីអាមេរិកមកខ្មែរវិញ។ រូបភាព៖ ice.gov

​​រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជូនពលរដ្ឋខ្មែរចំនួន៣៧នាក់បន្ថែមទៀត មកដល់កម្ពុជាវិញនៅថ្ងៃនេះ ក្រោយពេលអនុវត្តទោសចប់ ពាក់ព័ន្ធបទឧក្រិដ្ឋផ្សេងៗ។​

បើតាមអង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង (KVAO) គឺពលរដ្ឋខ្មែរទាំងនោះបញ្ជូនដល់កម្ពុជានៅម៉ោង៨ព្រឹក ថ្ងៃទី៤ ខែកក្កដានេះ។​

​​​នាយក​ប្រតិបត្តិ​អង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង លោក តាន់ សូនិក ឱ្យ​ វី.អូ.ឌី ​ដឹង​នៅ​មុន​នេះ​បន្ដិច​ថា អង្គការ​លោក​កំពុង​ទទួល​អ្នក​ទាំង​៣៧នាក់​ដែល​ទើប​តែ​មក​ដល់​នៅ​ព្រឹក​នេះ ​​ឱ្យ​ស្នាក់​នៅជា​បណ្ដោះ​អាសន្ន​នៅ​អង្គការ​របស់លោក ខណៈ​​ពួកគេ​មួយ​ចំនួន​មាន​សាច់ញាតិ​មក​ទទួល​ទៅស្នាក់​នៅ​ជាមួយ។

វី.អូ.ឌី​ មិន​ទាន់​អាច​ទាក់​ទងអគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ​ លោក តុប នេត ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ​ ត្រឹម​រសៀល​ថ្ងៃទី​៤ ខែ​កក្កដា​នេះ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​នៅ​​ល្ងាច​ថ្ងៃ​ទី​៣​ ខែ​កក្កដា ម្សិល​មិញ​ថា អង្គភាពលោក​តែង​តែ​បាន​ផ្ដល់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​អាមេរិក ដើម្បី​ទទួល​ស្គាល់​ពួកគេ​ជា​ពលរដ្ឋ​ខ្មែរជា​ផ្លូវ​ការ​។

សហរដ្ឋ​​អាមេរិក​បាន​បញ្ជូន​ជន​ភៀសខ្លួន​កម្ពុជាដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ ក្រោម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃប្រទេស​ទាំង​ពីរ ចាប់​​តាំង​ពី​ឆ្នាំ​២០០២មក។​

ប៉ុន្តែ ក្រោយ​ពេល​ចំនួន​នៃ​ពលរដ្ឋ​ដែល​រង​ការ​បណ្ដេញចេញ​កើន​ឡើង​​ខ្លាំង ក្រោម​រដ្ឋបាល​លោក ត្រាំ ដែល​​រឹតបន្ដឹងការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​មក លោក​ ហ៊ុន សែន​ បាន​ប្រកាសជំហរ​មិន​ទទួល​យកពលរដ្ឋខ្មែរ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិកបណ្ដេញ​​ចេញ​ឡើយ។

ករ​ណី​នេះ​បាន​ធ្វើ​ឱ្យសហរដ្ឋអាមេរិក​​ប្រកាសកាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ឈប់​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រីការ​ទូត​ជាន់ខ្ពស់​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​មន្ត្រីជាន់​ខ្ពស់​ទាំង​នោះ ប្រសិន​បើ​រដ្ឋាភិបាលមិនព្រម​ទទួល​យក​ពលរដ្ឋ​កម្ពុជា​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពីអាមេរិក​នោះ​ទេ។ ជា​លទ្ធផល លោក ហ៊ុន សែន ក៏បាន​យល់​ព្រម​ទទួលយក​ពួកគេ​វិញ ក្រោយរង​សំពាធ​នេះ។

របាយការណ៍​របស់​អង្គភាព​អនុវត្តច្បាប់​អន្តោប្រវេសន៍ និងគយនៃ​សហរដ្ឋអាមេរិក ​ហៅ​កាត់​ថា (ICE) បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៨ ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​បណ្ដេញ​ចេញ​មាន​ចំនួន​សរុប ១១០នាក់​ ដែល​កើន​ឡើង​ជិត​៤ដង ​ពី​ឆ្នាំ២០១៧ ដែល​កាល​នោះ​មាន​តែ​ ២៩​នាក់​ប៉ុណ្ណោះ។

អ្នក​នាំពាក្យ និង​ជា​អតីត​ប្រធាន​ អង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង (KVAO) លោក ប៊ីល ហឺរ៉ដ (Bill Herod) ឱ្យ​ដឹង​ក្នុង​បទ​សម្ភាសន៍​ជាមួយ ​វី.អូ.ឌី ​កាល​ពី​ពេល​ថ្មី​ៗ​នេះថា ចាប់​តាំង​ពី​អង្គការ​លោក​ត្រូវ​បាន​បង្កើតក្នុង​ឆ្នាំ២០០២​មក​ អង្គការនេះបាន​ទទួល​ជនជាតិ​ខ្មែរ​ដែល​រង​ការ​​បណ្ដេញចេញសរុប ​៧០១នាក់ ដែល​សុទ្ធ​សឹងជា​ជនភៀសខ្លួនជាមួយ​ឪពុកម្ដាយ​របស់​ពួកគេ ​ក្រោយ​សម័យ​ខ្មែរ​ក្រហម​ ហើយ​បទ​ល្មើស​ដែល​ពួកគេ​មួយ​ចំនួន​បាន​ប្រព្រឹត្ត​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ ហើយ​ខ្លះ​ក៏​បានអនុវត្ត​ទោស​ចប់​សព្វគ្រប់អស់​​ដែរ។ លោក​បញ្ជាក់​ថា អង្គការលោក​​ត្រូវ​បាន​ប្រាប់​ឱ្យ​ត្រៀម​ទទួល​ជនរងគ្រោះ​ទាំង​នោះសរុប​រហូតដល់​ ២០០​នាក់​ នៅ​ឆ្នាំ​២០១៩នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ