មន្ត្រី​ជំនាញ​ រក​មិន​ឃើញ​មេរោគ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ក្នុង​សត្វ​ជ្រូក​ដែល​លួច​នាំ​​ចូល​ពីវៀតណាម​នោះ​ទេ

សកម្មភាពនាំជ្រូកចូលពីប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញ ចាប់ឃាត់បាន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម​ លើក​ឡើង​ថា​ មន្ត្រី​ជំនាញ​របស់​ខ្លួន​រក​មិន​ឃើញវីរុស​ប៉េស្តជ្រូក​អាហ្រិ្វកក្នុ​ងសត្វ​ជ្រូក​ដែល​លួច​នាំ​ចួល​ដោយ​ខុស​ច្បាប់ពី​វៀតណាម​ និង​ត្រូវ​បាន​ចាប់​បាន​នោះ​ទេ ខណៈ​ជំងឺ​នេះ​បាន​ផ្ទុះ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ ចំនួន​៤​ក៏​ដោយ​នោះ។

អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិត​កម្ម​សត្វ​ លោក តាន់ ផាន់ណារ៉ា បាន​ថ្លែង​ក្នុង​សន្នីសីទ​សារព័ត៌មាន​នៅ​ព្រឹក​នេះ​ថា​ ក្នុង​រយៈពេល​៦​ខែ​ នៃ​ឆ្នាំ​២០១៩​នេះ​ អាជ្ញាធរ​បាន​បង្ក្រាប​បទល្មើស​លួច​នាំ​ចូល​សត្វ​ជ្រូក​ខុស​ច្បាប់​ចូល​កម្ពុជា​ចំនួន​៥៥​ករណី ដែល​មាន​ចំនួន​សត្វ​ជ្រូក​ចំនួន​ជិត​១៥០០ក្បាល។

លោក​ តាន់ ផាន់ណារ៉ា បញ្ជាក់​ថា ​ក្នុង​ចំណោម​ជ្រូក​ដែល​ចាប់​បាន​ទាំង​អស់​នោះ​ត្រូវ​បាន​អគ្គនាយកដ្ឋាន​យក​ឈាម​ទៅ​ពិសោធទាំង​អស់​ ដែល​ជា​លទ្ធផល​គឺ​គ្មាន​សញ្ញាវិជ្ជមាន​នៃ​វីរុស​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នោះ​ទេ។

លោក​ថា៖ «ជ្រូក​ទាំង​អស់​ហ្នឹង​ធ្វើ​តេស្ត​ទៅ ​គឺ​អត់​បាន​រក​ឃើញ​ទេ យើង​បាន​ធ្វើ​តេស្ត​ទាំង​អស់ ​តែ​ជា​លទ្ធផល​គឺ​អត់​បាន​រក​ឃើញ​ (វីរុស​ប៉េស្ត​ជ្រូក​អាហ្វ្រិក​) ទេ»។

ទោះ​ជា​យ៉ាង​ណា ​លោកបញ្ជាក់ថា ​រដ្ឋាភិបាល​នៅ​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នៃ​ការ​លួច​នាំ​ចូល​ទាំង​នេះដដែល​។

បើ​តាម​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិត​កម្ម​សត្វ​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ ក្រៅ​ពី​ចំលង​តាម​រយៈ​ជ្រូក​ដែល​មាន​ជំងឺ វា​អាច​ឆ្លង​តាម​សម្ភារ​ បរិក្ខារ មធ្យោបាយ​ធ្វើ​ដំណើរ កាក​សំណល់​អាហារ​ដែល​ចំ​អិន​មិន​បាន​ឆ្អិន​ល្អ និង​ឧបករណ៍​ផ្សេង​ទៀត​ដែល​មាន​មេរោគ​ ជា​ពិសេស​ចេញ​ពី​កន្លែង​ដែល​ផ្ទុះ​ជំងឺ ​ជំងឺ​នេះ​ក៏​អាច​ឆ្លង​តាម​ខ្យល់​អាកាស តាម​រយៈ​ដង្កែទន់ សត្វ​ល្អិត​បឺត​ឈាម និង​ភ្នាក់ងារចម្លង​ផ្សេង​ទៀត​មាន​ដូច​ជា​ កណ្ដុរ​ ជា​ដើមផង​ដែរ។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​ លោក​ ស្រ៊ុន ពៅ មាន​ប្រសាសន៍​ថា ​ខណៈ​ដែល​វៀតណាម​មាន​ជំងឺ​នេះ​ឆ្លង​ស្ទើរពេញ​ប្រទេស​ហើយ​នោះ ការ​ដឹក​ជញ្ជូន​សត្វ​ជ្រូក​ពី​ប្រទេស​នេះ​មិន​មែន​ជា​សត្វ​ដែល​មាន​សុវត្ថិភាព​នោះ​ទេ។ លោក​ព្រមាន​ថា ​ប្រសិន​ជា​មិន​អាច​ទប់​ស្កាត់​ការ​លួច​នាំ​ចូល​ជ្រូក​ទាំង​តូច​ និង​ធំ​នៅតាម​ព្រំ​ដែន​បាន​នោះ​ទេ​ បញ្ហា​នេះ​នឹង​ផ្ទុះ​កាន់​តែ​ធ្ងន់ធ្ងរ។

លោក​ថា៖ «អត់​ទេ! វា​ឆ្លង​តែ​មួយ​ទេ​ គឺ​ការ​នាំ​ចូល ប្រាកដ​ជា​ឆ្លង​តាម​ការ​នាំ​ចូល។ […] ប៉េស្តជ្រូក​អាហ្វ្រិក​នេះ​ វា​ច្រើន​កើត​នៅ​កសិករ​ខ្នាត​តូចៗ​ វា​មិន​អាច​កើត​នៅ​កសិដ្ឋាន​ខ្នាត​ធំៗ​ទេ! វា​មិន​ងាយ​ដល់​ភ្លាម​ៗ​ទេ ដល់​គង់​តែ​ដល់​ទេ ​តែ​យូរ។ ដូច្នេះ​ នៅ​វៀតណាម​សព្វថ្ងៃ​នេះ​ វា​ផ្ទុះ​ដល់​កសិដ្ឋាន​ធំៗ​ហើយ។ អញ្ចឹង​ សួរ​ថា​ កម្ពុជា​យើង​សព្វ​ថ្ងៃ​ផ្ទុះ​ប៉ុន្មាន​ខេត្ត​ហ្នឹង សួរ​ថា​ យើង​អាច​នឹង​ការ​ពារ​បាន​ប៉ុន្មាន​ទៀត​»។

ក្រសួងកសិកម្ម កាលពីថ្ងៃទី០៨ ខែកក្កដា បានផ្ញើលិខិតទៅកាន់អភិបាលនៃខេត្តស្វាយរៀង និងតាកែវ ដើម្បីស្នើ​ឲ្យ​មាន​ការ​ចាត់​វិធានការទប់ស្កាត់ការនាំចូលសាច់ជ្រូកឈឺពីប្រទេសវៀតណាម  និងហាមមិនឱ្យដឹកជ្រូក និងផលិតផល​មាន​ដើម​កំណើត​​ពី​សត្វជ្រូកពីកន្លែងផ្ទុះជំងឺដឹកទៅ​កាន់​តំបន់​ផ្សេងៗទៀតផង​ដែរ។

បើ​តាម​ក្រសួង រហូត​មក​ដល់​ពេល​នេះ​ មាន​ជ្រូកដែល​ឆ្លង​ជំងឺ​ប៉េស្ត​នេះ​​ងាប់ និង​ត្រូវ​បាន​សម្លាប់​មាន​ជាង​២ពាន់​ក្បាល​ហើយ​ ដែល​ក្នុង​នោះ​ជិត​៨រយ​ក្បាល​ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​បំផ្លាញ​ចោល​ ដែល​គិត​ជា​ទឹក​ប្រាក់​អស់​ប្រមាណ៥០ម៉ឺនដុល្លារ​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ