​រដ្ឋាភិបាលហុងកុង បដិសេធព័ត៌មាន​ពីការលាលែងតំណែងរបស់​លោកស្រី Carrie Lam

លោកស្រី Carrie Lam មេដឹកនាំក្រុងហុងកុង។ រូបភាព៖ scmp

ការិយាល័យ​មេដឹក​នាំ​​ហុងកុង ច្រានចោលព័ត៌មានដែល​ចុះផ្សាយ​ថា​ លោក ស្រី Carrie Lam បាន​ស្នើសុំ​លាលែង​ពីតំណែង​ជា​ប្រមុខ​តំបន់ស្វយ័តនេះ​។

ប្រធានការិយាល័យ​ប្រមុខរដ្ឋាភិបាល​ហុងកុង លោក Eric Chan បាន​ប្រាប់​សារព័ត៌មាន ​South China Morning Post ដែល​ចុះ​ផ្សាយនៅថ្ងៃនេះថា​ ពាក្យចចាម​អារ៉ាម​ និងការ​ចោទប្រកាន់​ពី​ការ​លាលែងតំណែងរបស់​លោក​ស្រី​ Carrie Lam ជា​ការលើកឡើងដែលគ្មាន​មូលដ្ឋាន​។

កាលពីថ្ងៃ​អាទិត្យ​សប្តាហ៍មុន សារព័ត៌មាន​ Financial Times បាន​ចុះផ្សាយ​ថា​ លោកស្រី Carrie Lam បាន​សុំ​លាលែងតំណែងពីរ​បីដង​រួចមកហើយ​ ក្នុងអំឡុងពេល​មាន​បាតុកម្ម​តវ៉ាក្នុងទីក្រុង​ហុងកុង​ក្នុង​រយៈពេល​ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែ ការស្នើសុំនេះត្រូវបាន​រដ្ឋាភិបាល​ក្រុងប៉េកាំងបដិសេធ។

លោក Eric Chan បាន​អះអាង​ លោកស្រី Carrie Lam មិន​ដែល​ស្នើសុំ​ ឬបង្ហាញ​ពីចេតនាណាមួយ​ក្នុងការលាលែងពីតំណែង​សោះឡើយ។

តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ South China Morning Post ដដែល ព័ត៌មាន​នៃការលាលែង​តំណែង​របស់លោក​ស្រី Carrie Lam ក៏ត្រូវបាន​សារព័ត៌មាន​ចិន​មួយចំនួន​ផ្សព្វផ្សាយ​ផង​ដែរ ហើយក៏មិន​មាន​ជាលើកដំបូង​ដែរ​ ដែល​រដ្ឋាភិបាល​ហុងកុង​ច្រានចោល​ព័ត៌មាន​នេះ។

ក្នុងយុទ្ធនាការ​រកសំឡេងឆ្នោតកាលពីឆ្នាំ២០១៧កន្លងទៅ លោកស្រី Carrie Lam បានសន្យាថា​ លោកស្រី នឹងចុះ​ចេញ​ពីតំណែង​ បើពលរដ្ឋ​ហុងកុង​ភាគ​ច្រើនចេញ​មុខប្រឆាំង​នឹងការដឹកនាំរបស់​ខ្លួន។

កាល​ពី​ខែមិថុនា និង​ដើម​ខែកក្កដានេះ ពលរដ្ឋហុងកុងបាន​នាំគ្នា​ចេញ​តវ៉ា​ ដោយ​ស្នើឲ្យ​រដ្ឋាភិបាលទម្លាក់​ចោល​ទាំងស្រុង​សេចក្តី​ស្នើច្បាប់ធ្វើ​​បត្យាប័ន​អ្នកទោស​ ស្នើឱ្យ​មេដឹកនាំ​ហុងកុង លោកស្រី Carrie Lam ចុះ​ចេញ​ពីតំណែង និង​ស៊ើបអង្កេត​ការប្រើ​ប្រាស់​អំពើហិង្សា​របស់​ប៉ូលី​សទៅលើ​ក្រុមបាតុករ។​

ជាលទ្ធផល​នៅថ្ងៃទី​៩ ខែកក្កដា លោកស្រី Carrie Lam បាន​ប្រកាសលុបចោលសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័ន។ មេដឹកនាំហុងកុងរូបនេះ អះអាង​ថា ​ក្នុងអាណត្តិ​របស់​លោកស្រី ច្បាប់នេះ​នឹងមិន​មានឡើយ។​

ទោះបី​ជាលោកស្រី Carrie Lam បាន​បញ្ជាក់​ពី​ការរលត់​ទៅនៃច្បាប់​នេះយ៉ាងក្តី តែ​ពលរដ្ឋហុងកុង​នៅតែគិតថា​ ការប្រកាសរបស់​មេដឹកនាំខ្លួន​មិនស្មោះត្រង់​នោះទេ។

កាលពីថ្ងៃចុងសប្តាហ៍មុន ក្រុមបាតុករ​ជាង​១១ម៉ឺន​នាក់​ បានប្រមូលផ្តុំ​គ្នា​នៅ​សង្កាត់មួយ​ដែល​សម្បូរដោយ​ជន​ជាតិចិនដីគោក​រស់​នៅ​ប្រកបរបររកស៊ី ដើម្បី​ប្រឆាំងនឹង​ច្បាប់​ធ្វើបត្យាប័ន ប្រឆាំងជនជាតិ​ចិនដីគោក​​ដែលមករស់នៅ និង​នាំទំនិញគេចពន្ធឆ្លងដែន និង​ទាមទារឲ្យលោកស្រី Carrie Lam ចុះចេញពីតំណែង។  ប៉ុន្តែ​ អាជ្ញាធរ​ហុងកុង​អះអាង​ថា ​អ្នក​តវ៉ាមានជិត​៣ម៉ឺននាក់ប៉ុណ្ណោះ។

ការតវ៉ា បាន​ប្រែក្លាយ​ជាអំពើហិង្សា​រវាង​នគរបាល និង​ក្រុម​បាតុករ។ មនុស្ស​២២នាក់ត្រូវបាន​បញ្ជូន​ទៅមន្ទីរពេទ្យ។ ចំណែក​ឯ​បាតុករជាង​៤០នាក់ត្រូវបាន​សមត្ថកិច្ចហុងកុង​ចាប់​ខ្លួន​ពាក់​ព័ន្ធនឹងកុបកម្មនេះ។ នេះបើតាមការចុះផ្សាយរបស់​សាព័ត៌មាន Hong Kong Free Press

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ