ស្ត្រី​រឹត​តែ​ច្រើន​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​វិស័យ​សំណង់​ដែល​ទទួល​បាន​​ទុន​វិនិយោគ​ធំ​ធេង

ស្ត្រី​ជា​កម្មករ​សំណង់​ម្នាក់ អង្គុយ​នៅ​ច្រក​ចូល​នៃ​រោង​ស្នាក់នៅ​នៅ​ក្រោម​អគារ​ខុនដូ​កំពុង​ដំណើរការ​សាង​សង់ ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង៣ ខណ្ឌ​ចំការមន ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១៩។

បើ​គិត​ត្រឹម​ដើម​ខែ​កក្កដា​នេះ អ្នកស្រី ឆាំ ឡាំ បាន​ឲ្យ​ដឹង​ថា គាត់​បាន​ចូល​ធ្វើការ​ជា​កម្មករ​សំណង់​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​មក​ហើយ ហើយ​បាន​ផ្លាស់​ប្ដូរ​ពី​ការដ្ឋាន​មួយ​ទៅ​ការដ្ឋាន​មួយ​ទៀត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ជា​ទី​ដែល​សំណង់​អគារ​ខ្ពស់​​ៗបាន និង​កំពុង​ដុះ​ដាល​ឡើង​ព្រោង​ព្រាត។

ជា​ស្ត្រី​មេ​ម៉ាយ​ចំណាក​ស្រុក​មក​ពី​ខេត្ត​សៀមរាប ជា​ទឹក​ដី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នោះ អ្នកស្រី ឡាំ អាយុ ៤៣​ឆ្នាំ បាន​ឲ្យ​ដឹង​ទៀត​ថា គាត់​ធ្វើ​ជា​កម្មករ​លាយ​ និង​ជញ្ជូន​កំបោរយក​ទៅ​ឲ្យ​កម្មករ​សំណង់​ជា​បុរស​នៅ​ការដ្ឋាន​សំណង់​ខុនដូ​មួយ​កម្ពស់ ៥​ជាន់ ដែល​គ្មាន​ស្លាក​បង្ហាញ​ឈ្មោះ​ម្ចាស់​គម្រោង​អគារ​ខុនដូ និង​ក្រុមហ៊ុន​ទទួល​សាង​សង់​នោះ​ឡើយ។

និយាយ​មក​កាន់​អ្នក​យក​ព័ត៌មាន​នៅ​មុខ​ការដ្ឋាន​សំណង់​ខុនដូ ស្ថិត​នៅ​ម្ដុំ​សង្កាត់​បឹងកេងកង ៣ ក្នុង​ខណ្ឌ​ចំការមន ស្ត្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា គាត់​បាន​លាយ និង​ជញ្ជូន​កំបោរ​ដោយ​ដៃ​ផ្ទាល់នៅ​ជាន់​ទី​៤ នៅ​ការដ្ឋាន​សាង​សង់​ខុនដូ​នោះ។

ធ្វើ​ការងារ​ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ចាប់​ពី​ម៉ោង ៧​​ព្រឹក​​រហូត​ដល់​ម៉ោង ៥​ល្ងាច ដោយ​ឈប់​សម្រាក​អាហារ​ថ្ងៃ​ត្រង់ អ្នកស្រី ឡាំ ​ទទួល​បាន​ប្រាក់​ឈ្នួល ៣​ម៉ឺន​រៀល​ ឬ​ប្រហែល ៧.៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ហើយ​អាច​ទទួល​បាន​ត្រឹម​តែ ១៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

អ្នកស្រី ឡាំ បាន​ឲ្យ​ដឹង​ថា គាត់​បាន​សម្រេច​ចិត្ត​ចូល​ធ្វើ​ការ​ជា​កម្មករ​សំណង់​ បន្ទាប់​ពី​រូប​គាត់​ពុំ​អាច​រក​ការងារ​ផ្សេង​ទៀត​បាន​ដោយសារ​កត្តា​អាយុ និង​ក្រោយ​ពី​ដី​ស្រែ​របស់​គាត់ និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត បាន​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​បុគ្គល​មាន​អំណាច​នៅ​ក្នុង​ខេត្ត​សៀមរាប។

អ្នកស្រី ឆាំ ឡាំ ប្រាប់​ថា​៖ «មិន​ដឹង​ម៉េច បើ​យើង​អត់​មាន​ការងារ​ធ្វើ។ [មិន​ទៅ​សាកល្បង​ការងារ​រោងចក្រ​ទេហ្អ?] គេ​អត់​យក។ ខ្ញុំ​ទៅ​ម្ដង​ហើយ តែ​ធ្វើ​តេស្ត​អត់​ជាប់ ព្រោះ​យើង​អត់​ដែល​ធ្វើ ព្រោះ​យើង​ចាស់​ពេក។ បើ​យើង​ធ្លាប់​ធ្វើ​ពី​ក្មេង​មក ចាស់​ប៉ុណ្ណេះ​ក៏​គេ​យក​ដែរ។ គេ​ប្រាប់​យើង​អ៊ីចឹង​ឯង បើសិន​ជា​យើង​អត់​ធ្លាប់​ទេ អត់​យក​ទេ ហើយ​ក៏​អត់​បាន​ធ្វើ​នឹង​គេ​ទៅ»

ស្ត្រី​កាន់​តែ​ច្រើន​ធ្វើ​ការ​នៅ​​តាម​ការដ្ឋាន​ ខណៈ​វិស័យ​សំណង់​ទទួល​បាន​ទុន​វិនិយោគ​យ៉ាង​គំហុក

ដោយ​បាន​ប្រឡូក​ក្នុង​ការងារ​សំណង់​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​មក​ហើយ​នោះ អ្នកស្រី ឡាំ បាន​សង្កេត​ឃើញ​​ស្ត្រី​ជាច្រើន បាន​ចូល​ពាក់​ព័ន្ធ​នឹង​វិស័យ​សាង​សង់​ដូច​គាត់​ផង​ដែរ។

អ្នកស្រី ឡាំ បាន​ឲ្យ​ដឹង​ថា មាន​ស្ត្រី ៥​នាក់ កំពុង​ធ្វើការ​ជាមួយ​​កម្មករ​សំណង់​ជា​បុរស ២​នាក់​នៅ​ឯ​ការដ្ឋាន​​សាង​សង់​ខុនដូ​ ដែល​គាត់​កំពុង​ធ្វើ​ការនោះ។

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា កាល​ពី ៤​ខែ​មុន ស្ត្រី​ដល់​ទៅ ២០​នាក់ បាន​ចូលរួម​ក្នុង​ការងារ​សាង​សង់​ជាមួយ​កម្មករ​សំណង់​​ជា​បុរស​​ប្រហែល ១០​នាក់ ដែល​ត្រូវ​បាន​ជួល​ឲ្យ​បញ្ចប់​ការ​សាង​សង់សំណង់​​ ៣​ជាន់​នៃ​អគារ​​ខុនដូ​កម្ពស់ ២០​ជាន់​មួយ​កន្លែង​ ស្ថិត​នៅ​ជិត​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត។

នៅ​ឯ​តំបន់​កោះពេជ្រ​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សំណង់​ខុនដូ អគារ​ពាណិជ្ជកម្ម អគារ​លំនៅឋាន សំណង់​សណ្ឋាគារ និង​អគារ​ផ្សេងៗ​ទៀត​នោះ បាន​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ស្ត្រី​ស្មើ​នឹង​ចំនួន​កម្មករ​សំណង់​ជា​បុរស​ផង​ដែរ។

អ្នកស្រី ណន សន អាយុ ៤៧​ឆ្នាំ ដែល​ធ្វើ​ជា​កម្មករ​​បោស​សម្អាត​នៅ​​តាម​អគារ​កំពុង​សាង​សង់​នៅ​តំបន់​កោះ​ពេជ្រ​នោះ បាន​ឲ្យ​ដឹង​ថា កម្មករ​សំណង់​ជា​ស្ត្រី​ មាន​ចំនួន​ប្រហែល ១,៥០០​នាក់ ដែល​ស្មើ​នឹង​ចំនួន​កម្មករ​សំណង់​ជា​បុរស​ ១,៥០០​នាក់​ដូច​គ្នា។

អ្នកស្រី ណន សន និយាយ​ថា​៖ «ស្រី​ៗ​ក៏​ច្រើន​ដែរ ព្រោះ​ខាង​សំណង់ ជាង​មួយ កម្មករ​មួយ ស្មើ​គ្នា​ហ្មង។ […] ស្រីៗ​ហ្នឹង​ធ្វើ​សំណង់​ជាមួយ​គ្នា​ដែរ ប៉ុន្តែ ​គ្រាន់​តែ​ថា ជាង​ឡើង​វ៉ៃ​ពុម្ព​អ៊ីចឹង​ទៅ ជាង​​ត្រូវការ​ស្រីៗ​កម្មករ​ហ្នឹង​ហុច​ដែក ហុច​អន្ទា​អ៊ីចឹង​ ហុច​អ៊ុយ​ហុច​អី​ឲ្យ​អ៊ីចឹង​អី​ណ៎ា។ ពេល​គេ​ឡើង​ទៅ​លើ គេ​មិន​អាច​ចុះ​មក​បាន​ទេ។ អ៊ីចឹង​សម្រាប់​ឲ្យ​កម្មករ​ហុច​ឲ្យ​គេ​អ៊ីចឹង»

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញ​ថា ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​​នៅ​កម្ពុជា​ បាន​កើន​ឡើង​​​ពី​ចំនួន​ជាង ២,១៥៣​លាន​ដុល្លារ​នៅ​ឆមាស​ទី​១​កាល​ពី​ឆ្នាំ​មុន មក​ដល់​ទំហំ​ជិត ៣,៤០០​លាន​ដុល្លារ​នៅ​ឆមាស​ទី​ក្នុង​ឆ្នាំ​នេះ ពោល​គឺ​បាន​កើត​ឡើង​ជាង ៥៧​ភាគរយ។

របាយការណ៍​ដដែល​នោះ ឲ្យ​ដឹង​ទៀត​ថា លំហូរ​ទុន​វិនិយោគ​យ៉ាង​សន្ធឹក​សន្ធាប់​ចូល​​វិស័យ​មួយ​នេះ​ ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​​ជិត ៧​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃៗ និង​ផ្ដល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​គ្មាន​ជំនាញ​ចន្លោះ​ពី ៣​ម៉ឺន ទៅ ៤​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ៗ​ផង​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ (MLVT) លោក ហេង សួរ បាន​ឲ្យ​ដឹង​ថា កម្មករ​សំណង់​ជា​ស្ត្រី មាន​ចំនួន​ប្រហែល ២០​ភាគរយ ក្នុង​ចំណោម​កម្មករ​សំណង់​សរុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​កន្លង​មក​នេះ។

ប៉ុន្តែ អនុ​ប្រធាន​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា (BWTUC) លោក សួ ឆ្លូញ បានឲ្យ​ដឹង​ថា កម្មករ​សំណង់​ជា​ស្ត្រី មាន​ចំនួន​ចន្លោះ​ពី ២៥ ទៅ ៣០​ភាគរយ​នៃ​ចំនួន​កម្មករ​សំណង់​សរុប​នៅ​ទូទាំង​ប្រទេស ហើយ​លោក​ថា ស្ត្រី​កម្ពុជា​កាន់​តែ​ច្រើន កំពុង​ចូល​រួម​​ក្នុង​វិស័យ​មួយ​នេះ​តាម​រយៈ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ។

លោក សួ ឆ្លូញ ប្រាប់​ថា​៖ «ចំនួន​ស្ត្រី​[ចូល​ប្រឡូក​ក្នុង​វិស័យ​សំណង់]​មាន​ការ​កើន​ឡើង កើន​ឡើង​ដោយសារ​ពួកគាត់​ទាំង​អស់​ហ្នឹង គឺ​គាត់​ចំណាក​ស្រុកម​ក​ធ្វើការ​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់។ យើង​មើល​ឃើញ​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​សំណង់​ច្រើន​ជាមួយ​ក្រុម​គ្រួសាររបស់​គាត់»

របាយការណ៍​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​២០១៧​កន្លង បាន​រក​ឃើញ​ថា កម្មករ​សំណង់​ជា​ស្ត្រី​ភាគ​ច្រើន​បំផុត​ដល់​ទៅ ៧៦​​ភាគរយ ធ្វើ​ការងារ​​ជា​អ្នក​រៀប​ឥដ្ឋ បូក​ជញ្ចាំង ឬបៀក​កំបោរ​ ជញ្ជូន​ឥដ្ឋ សម្អាត​ការដ្ឋាន លាយ​ស៊ីម៉ង់ត៍ និង​ការងារ​ដទៃ​ទៀត​ដែល​មិន​ត្រូវ​ការ​ជំនាញ​។

កម្មករ​​ជា​ស្ត្រីបន្ត​ស្នាក់​នៅ​ក្នុង​អគារ​កំពុង​សាង​សង់​​ក្រោយ​​រដ្ឋាភិបាល​ហាម​ឃាត់

គ្រោះ​ថ្នាក់​នៅ​ការដ្ឋាន​ បាន​ក្លាយ​ជា​បញ្ហា​នៃ​ការ​ចោទ​សួរ​កាន់​តែ​ខ្លាំង ក្រោយ​ពី​បាក់​រលំ​សំណង់​អគារ​ដែក​មួយ​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ចុង​ខែ​មិថុនា​កន្លង​មក ដែល​បណ្ដាល​ឲ្យ​កម្មករ​សំណង់​ ២៨នាក់​ស្លាប់ ហើយ​កម្មករ​សំណង់ ២៦​នាក់​ទៀត​បាន​រង​របួស។

ឧបទ្ទវហេតុ​បាក់​រលំ​សំណង់​អគារ​គ្រោង​ឆ្អឹង​ដែក​ដែល​សាង​សង់​ឡើង​ដោយ​ជន​ជាតិ​ចិន​នោះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ហាម​ឃាត់​កម្មករ​ទាំង​អស់ មិន​ឲ្យ​ស្នាក់​នៅ​ក្រោម ឬ​ក្នុង​អគារ​កំពុង​ដំណើរការ​សាង​សង់​នោះ​ឡើយ ហើយ​តម្រូវ​ឲ្យ​​ម្ចាស់​គម្រោង​សាង​សង់ និង​ក្រុមហ៊ុន​ម៉ៅការ​សាង​សង់​ទាំង​អស់​ ផ្ដល់​ជម្រក​ស្នាក់នៅ​​​សមរម្យ​​ដល់​​កម្មករ។

ថ្វីបើ​រដ្ឋាភិបាល​ហាម​ឃាត់​បែប​នេះ​ក្ដី អ្នកស្រី ឡាំ បាន​បន្ត​ស្នាក់នៅ​ក្នុង​រោង​​មួយ​បិទ​បាំង​ទៅ​ដោយ​ផ្ទាំង​កៅស៊ូ ៤​ជ្រុង  ​ស្ថិត​នៅ​ក្រោម​អគារ​កម្ពស់ ៥​ជាន់ ដែល​កំពុង​សាង​សង់ ចាប់​តាំង​ពី​ដូរ​​មក​ការដ្ឋាន​សំណង់​ខុនដូ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹងកេងកង​ ៣។

អ្នកស្រី ឡាំ បានអះ​អាង​ថា មិន​មែន​​តែ​គាត់​ទេ ប៉ុន្តែ ស្ត្រី​ជា​កម្មករ​សំណ់ង​ដទៃ​ទៀត និង​សមាជិក​ដទៃ​ទៀត​នៃ​គ្រួសារ​កម្មករ​សំណង់ ក៏​​កំពុង​តែ​បន្ត​ស្នាក់នៅ​​ក្នុង​រោង​ប្រហាក់​ប្រហែល​គ្នា​​ នៅ​ក្រោម​សំណង់​អគារ​ខុនដូ​នោះ ដែល​លាយ​ឡំ​ជាមួយ​កម្មករ​សំណង់​ជា​បុរស​ផង​ដែរ។

ស្ត្រី​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា គាត់​តែង​តែ​​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផង​ដែរ ប៉ុន្តែ ថា គាត់​គ្មាន​ជម្រើស​នោះ​ឡើយ។

អ្នកស្រី​បន្ថែម​ថា​៖«បារម្ភ​ដែរ​តើ! ពេល​ខ្យល់​ខ្លាំង ខ្ញុំ​ខ្លាច ខ្ញុំ​រត់​ចេញ​ក្រៅ។ ពេល​យើង​អង្គុយ​លេង​អ៊ីចឹង ខ្យល់​វឹបៗ​មក រត់​ចេញ។ រត់​តែ​ខ្ញុំ​មួយ គេ​មាន​ខ្លាច​ណា។ ខ្ញុំ​ខ្លាច​ខ្យល់។ ខ្លាច​អគារ​ហ្នឹង​ឯង។ ដល់​ពេល​ឃើញ​គេ​បាក់​អ៊ីចឹង ខ្ញុំ​ភ័យ ខ្ញុំ​ខ្លាច»

បើទោះបី​ជា​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​ក្រោយ​ពី​បាន​ដឹង​អំពី​ដំណឹង​នៃ​ការ​បាក់​អគារ​សម្លាប់​កម្មករ​ជាច្រើន​នាក់​នៅ​ឯ​ខេត្ត​ព្រះសីហនុ​ក្ដី ប៉ុន្តែ ស្ត្រី​រូប​នេះ​ប្រាប់​ថា រូប​គាត់ និង​ស្ត្រី​កម្មករ​សំណង់​ផ្សេង​ទៀត មិន​អាច​លៃ​លក​ជួល​បន្ទប់​ស្នាក់នៅ​បាន​នោះ​ឡើយ ដោយសារ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ទង់ ៦០​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ៗ។

អ្នក​ស្រី ឡាំ ប្រាប់​ថា​៖ «គេ​ឲ្យ​នៅ​ក្នុង​នេះ កុំ​ឲ្យ​ពិបាក​ដើរ កុំ​ឲ្យ​ពិបាក​ដើរ​ឆ្ងាយ! បារម្ភ​ដែរ ប៉ុន្តែ មិន​ដឹង​ទៅ​ណា បើ​គេ​ឲ្យ​នៅ​ហើយ ចេះ​តែ​នៅ​ទៅ។ បើ​ជួល ជួល​ខ្លួន​រត់​អត់​រួច​ទេ។ បើ​មេ​ជួល​ឲ្យ បាន​នៅ។ បើ​ថា​មេ​​ជួល​ឲ្យ​បាន​ទៅ។ លើក​មុន​មេ​ជួល​ឲ្យ​អ៊ីចឹងតើ។ នៅ​ពេទ្យ​រុស្ស៊ី​មេ​ជួល​ឲ្យ។ ដល់​មេ​គាត់​មក​នេះ គាត់​ខ្ជិល​ដឹក​ទៅ​ដឹក​មក គាត់​យក​មក​ដាក់​កន្លែង​ហ្នឹង​ស្រេច»

វីអូឌី​ពុំ​អាច​ស្វែង​រក​ការ​បក​ស្រាយ​ពី​ម្ចាស់​សំណង់ ឬ​អ្នក​ម៉ៅការ​សាង​សង់​អគារ​ខុនដូ​នោះ​បាន​ឡើយ ខណៈ​ដែល​គ្មាន​ស្លាក​​​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន​សាង​សង់​ ​នៅ​ទីតាំង​ការដ្ឋាន​សំណង់​នោះ​ឡើយ។

របាយការណ៍​ស្ទង់​មតិ​បឋម​មួយ​ទៅ​លើ​កម្មករ​សំណង់​នៅ​រាជ​ធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០១៧ បាន​រកឃើញ​ថា កម្មករ​សំណង់​ដល់​ទៅ ៧៦​ភាគរយ ស្នាក់នៅ​ក្នុង​ការដ្ឋាន​សំណង់ ខណៈ​ដែល​កម្មករ​សំណង់​ប្រហែល ១០​ភាគរយ​ប៉ុណ្ណោះ បាន​ស្នាក់នៅ​ខាង​ក្រៅ​ការដ្ឋាន​សំណង់។

អនុ​ប្រធាន​​សហជីព​ BWUTC លោក សួ ឆ្លូញ បាន​អះ​អាង​ថា លោក​នៅ​តែ​សង្កេត​ឃើញ​កម្មករ​សំណង់​ភាគច្រើន​ នៅ​តែ​បន្ត​ស្នាក់នៅ​ក្នុង​ ឬ​ក្រោម​អគារ​កំពុង​សាង​សង់​ដដែល បើ​ទោះបី​ជា​រដ្ឋាភិបាល​បាន​ហាម​ឃាត់​ដោយ។

មេដឹកនាំ​សហជីព​រូប​នេះ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​ថ្មី​នោះ​ឲ្យ​បាន​ទូលំ​ទូលាយ និង​ចាត់​វិធានការ​បន្ថែម​​ទៀត ដើម្បី​ត្រួត​ពិនិត្យ និង​ដាក់​ពិន័យ​លើ​ម្ចាស់​សំណង់ និង​អ្នក​ម៉ៅការ ដែល​ខក​ខាន​ពុំ​អនុវត្ត​តាម​វិធានការ​សុវត្ថិភាព​នេះ។

លោក សួ ឆ្លូញ ប្រាប់​ថា​៖ «ខ្ញុំ​យល់​ឃើញ​ថា អ្នក​ដើរ​តួនាទី​សំខាន់​បំផុត​ គឺ​សាមី​ក្រសួង​ហ្នឹង ដែល​ចុះ​ទៅ​អធិការកិច្ច ចុះ​ទៅ​ធ្វើការ​អប់រំ​ណែនាំ​ទៅ​ដល់​ក្រុមហ៊ុន​សំណង់​ម៉ៅការ ក៏​ដូចជា ក្រុម​អ្នក​ម៉ៅការ​បន្ត​ទាំង​អស់​ហ្នឹង ដើម្បី​ឲ្យ​គាត់​បាន​ដឹង និង​ចាត់​ចែង​កន្លែង​ស្នាក់នៅ​​សារ​ឡើង​វិញ កុំ​ឲ្យ​ពួកគាត់​ស្នាក់នៅ​កន្លែង​សំណង់​អគារ​​ដែល​គាត់​ធ្វើ​ហ្នឹង»

លោក សួ ឆ្លូញ បន្ថែម​ថា​៖ «ស្ថាប័ន​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​ទៅ​លើ​សុវត្ថិភាព [កម្មករ​សំណង់] គឺ​ក្រសួ​ង​ការងារ ដែល​លោក​ត្រូវ​តែ​មាន​មន្ត្រី​ជំនាញ​ខាង​អធិការ​កិច្ច​ចុះ​ទៅ​ធ្វើការ​ណែនាំ​អប់រំ​ទៅ​លើ​រឿង​ទាំង​អស់​ហ្នឹង»

ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​នៅ​តាម​ការដ្ឋាន​សំណង់ ត្រូវ​បាន​រដ្ឋាភិបាល​បំពាក់​ភារកិច្ច​ទៅ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​សុខភាព​របស់​កម្មករ​សំណង់។

ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​រាជ​ធានី​ភ្នំពេញ លោក សារិន វណ្ណា បាន​ឲ្យ​ដឹង​ថា សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​តាម​ខណ្ឌ​នីមួយៗ ទទួល​ខុស​ត្រូវ​លើ​ការ​ត្រួត​ពិនិត្យ​ការដ្ឋាន​សំណង់​នានា។

លោក សារិន វណ្ណា មាន​ប្រសាសន៍​ថា​៖ «អ៊ីចឹង​វិធានការ​នេះ ឯកឧត្ដម​អភិបាល​[រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង] បាន​ជម្រាប​ទៅ​អភិបាល​ខណ្ឌ និង​ភូមិបាល​ខណ្ឌ ដើម្បី​សហការ​គ្នា​ចុះ​គ្រប់​ការដ្ឋាន​សំណង់​ក្នុង​រាជ​ធានី​ភ្នំពេញ។ វិធានការ​នេះ ចាប់​ផ្ដើម​អនុវត្ត​តាំង​ពី​មុន​ប្រជុំ​ម៉េះ យើង​ប្រជុំ​បញ្ជាក់​បន្ថែម​ម្សិល​មិញ​នេះ»

លោក សារិន វណ្ណា បន្ថែម​ថា​៖ «គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ មា​ន​ប្រធាន​ភូមិបាល​ខណ្ឌ​ជា​សេនាធិការ។ អ៊ីចឹង នៅ​ក្នុង​ខណ្ឌ​ណា គឺ​អភិបាល​ខណ្ឌ​​ហ្នឹង​ជា​អ្នក​ទទួល​ខុស​ត្រូវ»

ប្រធាន​ការិយាល័យ​​ភូមិបាល​ខណ្ឌ​ចំការមន លោក ឡឹក ចិន្ដា បាន​បដិសេធ​ជជែក​លម្អិត​អំពី​ការ​គ្រប់​គ្រង​ការដ្ឋាន​សំណង់​នៅ​ក្នុង​ដែន​រដ្ឋបាល​របស់ ដោយ​ថា អាជ្ញាធរ​ខណ្ឌ​នេះ​កំពុង​ដំណើរការ​បំបែក​ខណ្ឌ និង​បែង​ចែក​ភារកិច្ច។

លោក ឡឹក ចិន្តា មាន​ប្រសាសន៍​ថា​៖ «អត់​ទាំង​អស់​ កំពុង​ប្រជុំ​ទាំង​អស់​គ្នា​ម៉ង។ ខណ្ឌ​ចំការមន​ខ្ញុំ គេ​កំពុង​បំបែក​ខណ្ឌ។ ដល់​ពេល​អ៊ីចឹង គេ​កំពុង​បែង​ចែក​ការងារ​អ៊ីចឹង​ណ៎ះ»

អ្នកនាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ទទួល​ស្គាល់​អំពី​តួនាទី​ភារកិច្ច​របស់​ស្ថាប័ន​​លោក ក្នុង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ការដ្ឋាន​សំណង់ ដើម្បី​ធានា​សុវត្ថិភាព និង​សុខភាព​កម្មករ​សំណង់ នៅ​ក្រោម​ច្បាប់​ស្ដី​ពី​ការងារ​របស់​កម្ពុជា។

នៅ​ពេលត្រូវ​បាន​​សាក​សួរ​បន្ថែម​អំពី​​ការ​អនុវត្ត​តាម​សេចក្ដី​សម្រេច​ថ្មី​ដែល​មិន​អនុញ្ញាត​ឲ្យ​កម្មករ​សំណង់​ស្នាក់នៅ​ក្នុង ឬ​ក្រោម​អគារ​កំពុង​សាង​សង់​នោះ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​រុញ​ឲ្យ​សាក​សួរ​ទៅ​ខាង​ក្រសួង​រៀបចំ​ដែន​ដី។

លោក ហេង សួរ បាន​ប្រាប់​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ថា​៖ «អាច​សួរ​ទៅ​ខាង​ក្រសួង​ដែន​បន្ថែម។ គាត់​ជា​អ្នក​កំណត់ និង​ជា​អ្នក​ពិនិត្យ។ ក្រសួង​[ការងារ​]មិន​ទាន់​បាន​ឃើញ​ប្រកាស​នោះ​នៅ​ឡើយ​ទេ»

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ម្ចាស់​គម្រោង​សំណង់ និង​អ្នក​ម៉ៅការ​សាង​សង់ ប្រសិន​បើ​ពួកគេ​ខក​ខាន​ពុំ​បាន​អនុវត្ត​ទៅ​តាម​សេចក្ដី​ណែនាំ​ខាង​លើ​របស់​រដ្ឋាភិបាល ដែល​លោក​ថា ត្រូវ​បាន​ផ្សព្វផ្សាយ​រួច​មក​ហើយ​ទៅ​ដល់​ម្ចាស់សំណង់ និង​អ្នក​ម៉ៅការ​សាង​សង់។

លោក សេង ឡូត ប្រាប់​ថា៖ «ជម្រក​កម្មករ ជា​ទូទៅ ដើម្បី​ធានា​សុវត្ថិភាព​សំណង់ ការ​ចាត់​ចែង ​គឺ​គេ​ធ្វើ​មាន​រោង​មាន​អី​ដែល​ធានា​បាន​សុវត្ថិភាព ចៀសវាង​រស់នៅ​ក្រោម​អគារ​ដែល​កំពុង​សាង​សង់ ហើយ​ចៀស​វាង​នូវ​ហានិភ័យ​ជា​យថា​ហេតុ។ […] បើ​គាត់​មិន​គោរព គឺ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។ វិធានការ​ផ្លូវ​ច្បាប់​មាន​ច្រើន មាន​ការ​ផាក​ពិន័យ មាន​ការ​ផ្អាក​ការ​សាង​សង់​ជា​ដើម»

កម្មករ​សំណង់​ជា​ស្ត្រី​មិន​ទទួល​បាន​សេវា​គាំពារ​សង្គម

ខណៈ​ដែល​ទុន​វិនិយោគ​បរទេស បាន​ហូរ​ចូល​យ៉ាង​សន្ធឹក​សន្ធាប់​ទៅ​ក្នុង​វិស័យ​​សំណង់ ដែល​ជំរុញ​ឲ្យ​មាន​កំណើន​តម្រូវការ​កម្លាំង​ពលកម្ម​គ្មាន​ជំនាញ​នោះ សុវត្ថិភាព​របស់​កម្មករ​សំណង់​ក្នុង​ការដ្ឋាន រឹត​តែ​ជា​បញ្ហា​ចោទ​ថែម​ទៀត។

អ្នកស្រី ឡាំ បាន​ឲ្យ​ដឹង​ថា កម្មករ​ទាំង​ប្រុស​ទាំង​ស្រី មិន​ត្រូវ​បាន​បំពាក់​​ខ្សែ​ក្រវ៉ាត់​ចង្កេះ អាវ​ពន្លឺ ស្បែក​ជើង​ក​វែង និង​ស្រោម​ដៃ​ ​ដើម្បី​ធានា​សុវត្ថិភាព​អំឡុង​ពេល​បំពេញ​ការងារ​នោះឡើយ បើទោះបី​ជា​ម្ចាស់​គម្រោង​សាង​សង់ បាន​មក​ឃើញ​ផ្ទាល់​នូវ​ស្ថានភាព​កម្មករ​សំណង់​ក៏​ដោយ។

អ្នកស្រី ឡាំ ប្រាប់​ថា​៖ «ស្លៀក​ពាក់​ខោ​អាវ​ធម្មតា​យើង ស្បែក​ជើង​ផ្ទាត់ ស្រោម​ដៃ​ទិញ​ខ្លួន​តម្លៃ ៤​ពាន់​រៀល អត់​មាន​មួក​សុវត្ថិភាព គ្មាន​ស្រោម​ជើង គ្មាន​ខ្សែ​ក្រវ៉ាត់​ពាក់​នឹង​ចង្កេះ​ទេ»

អ្នកស្រី ឡាំ បន្ថែម​ថា​៖ «គេ​មក​ឃើញ​តើ ប៉ិន​គេ​មិន​ឃើញ​និយាយ​ប្រាប់ បើ​អត់​ដែល​និយាយ​ប្រាប់​ឲ្យ​យើង​ទិញ​មួក​ទិញ​អី​ឲ្យ​​ផង។ ទេ​…លឺ​ថា ចិន គេ​និយាយ​តែ​ចិន អត់​និយាយ​ខ្មែរ​ផង»

បើទោះបី​ជា​មិន​ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ការងារ​ធ្ងន់​ធ្ងរ​ក្ដី កម្មករ​សំណង់​ជា​ស្ត្រី​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា កម្មករ​ទាំង​ស្រី​ទាំង​ប្រុស​នៅ​ការដ្ឋាន​សាង​សង់​ខុនដូ​នោះ ពុំ​ធ្លាប់​ទទួល​បាន​សេវា​គាំពារ​សង្គម​ពី​ស្ថាប័ន​រដ្ឋ​នោះ​ឡើយ។

បើតាម​អ្នកស្រី ឡាំ កម្មករ​នៅ​ក្នុង​ក្រុម​របស់​អ្នកស្រី គ្រាន់​តែ​ទទួល​បាន​សំណង​ថ្លៃ​ព្យាបាល​ដែល​ផ្ដល់​ឲ្យ​ដោយ​មេការ​របស់​អ្នកស្រី​តែ​ប៉ុណ្ណោះ។

អ្នកស្រី ឡាំ ប្រាប់​ថា៖ «មេ​ការ​ខ្ញុំ​ឲ្យ​តែ​លឺ​ថា​គ្រោះ​ថ្នាក់ គាត់​យក​​ទៅ​ហើយ។ មើល​តែ​បែក​ក្បាល​ក្មួយ​ខ្ញុំ អា​នោះ​បែក គាត់​យក​ទៅ។ គាត់​ឲ្យ​លុយ ១០០​យក​ទៅ​វះ​កាត់»

មិន​មែន​តែ​អ្នក​ស្រី ឡាំ តែ​ម្នាក់​ទេ ដែល​មិន​ទទួល​បាន​សេវា​គាំពារ​សង្គម​ផ្ដល់​ដោយ​រដ្ឋ​នោះ កម្មករ​សំណង់​ជាស្ត្រី​នៅ​តំបន់​កោះពេជ្រ នៅ​តែ​ប្រឈម​មុខ​លក្ខខណ្ឌ​ការងារ​មិន​ល្អ​ប្រសើរ​ដដែល ដោយសារ​កង្វះ​ការ​ធានា​រ៉ាប់​រង​ដូច​កម្មករ-កម្មការិនី​ដទៃ​ទៀត​នៅ​ក្នុង​វិស័យ​កាត់​ដេរ។

ថ្វី​បើ​ទទួល​បាន​សម្ភារៈ​សុវត្ថិភាព​រាង​កាយ​ ដូចជា អាវ​ពន្លឺ ស្បែក​ជើង​ក​វែង និង​ស្រោម​ដៃ​ក្ដី ប៉ុន្តែ ​អ្នកស្រី ណន សន បាន​ឲ្យ​ដឹង​ទៀត​ថា រូប​គាត់​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ធ្វើការ​ថែម​ម៉ោង​​រហូត​ដល់​រៀង​រាល់​ថ្ងៃក្នុង​មួយ​សប្ដាហ៍ ដើម្បី​ពន្លឿន​ដំណើរការ​សាង​សង់។

អ្នក​ស្រី សន បាន​ឲ្យ​ដឹង​ទៀត​ថា កម្មករ​នៅ​តំបន់​កោះ​ពេជ្រ ដែល​រង​គ្រោះ​ថ្នាក់​ការងារ​ ទទួល​បាន​សេវា​​ព្យាបាល​ឥត​គិត​ថ្លៃ​​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់​​ត្រឹម​តែ​រយៈ​ពេល ៣​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ត្រូវ​រាប់​រង​ដោយ​ខ្លួន​ឯង​លើ​តម្លៃ​សេវា​ព្យាបាល​ដែល​លើស​ពី ៣​ថ្ងៃ។

អ្នកស្រី ណន សន ប្រាប់​ថា៖ «ពេល​ដែល​យើង​គ្រោះ​ថ្នាក់​ក្នុង​ម៉ោង​ការងារ​ហ្នឹង គេ​យក​យើង​ទៅ​ពេទ្យ រួច​ហើយ​គេ​ចេញ​លុយ​ឲ្យ​យើងតែ​ ៣​ថ្ងៃ​ទេ។ ចង់​អ្នក​ឯង​ជា​ក៏​ដោយ មិន​ជា​ក៏​ហីទៅ គេដឹង​តែ​ចេញ​លុយ​ឲ្យ​យើង​តែ ៣​ថ្ងៃ​ទេ ហើយ​បើ​យើង​មិន​ជា យើង​ចេញ​លុយខ្លួន​យើង​ទៀត​ទៅ»

ទាំង​អ្នក​ស្រី ឡាំ និង​អ្នក​ស្រី សន សុទ្ធ​តែ​ប្រាប់​ថា ពួកគាត់​ពុំ​ទទួល​បាន​សេវា​គាំរ​ពារ​សុខ​ភាព​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម ដូច​កម្មករ-កម្មការិនី​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​បំពាក់​នោះ​ឡើយ។

អ្នកស្រី ឆាំ ឡាំ ប្រាប់​ថា៖ «បើ​មាន​អានោះ ដឹង​តែ​ល្អ​មែន​ឯង ពេល​ទៅ​ពេទ្យ កុំ​ឲ្យ​ពិបាក​អស់​លុយ។ ពេល​យើង​មាន​គ្រោះ​ថ្នាក់​អី​ទៅ គ្រុន​រងាអី​ យើង​ទៅ​ពេទ្យ​អត់​អស់​លុយ ប័ណ្ណ បសស ចេញ​លុយ​ឲ្យ»។​

តួលេខ​ដែល​ផ្ដល់​ឲ្យ​ដោយ​​ក្រសួង​ការងារ បង្ហាញ​ថា គ្រោះ​ថ្នាក់​ការងារ​ក្នុង​វិស័យ​សំណង់ បាន​កើត​ឡើង ១៣​ករណី​នៅ​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​កន្លង​មក​នេះ ដែល​បណ្ដាល​ឲ្យ​កម្មករ​សំណង់ ២១​នាក់​រង​គ្រោះ​ថ្នាក់ ប៉ុន្តែ តួលេខ​នេះ​មិន​បាន​បញ្ជាក់​អំពី​ចំនួន​ស្ត្រី​រង​គ្រោះ​ថ្នាក់​នោះ​ឡើយ។

លោក សួ ឆ្លូញ សហជីព​របស់​លោក​ដែល​ធ្វើ​ការ​លើក​ស្ទួយ​កម្មករ​សំណង់​នោះ មិន​បាន​កត់ត្រា​អំពី​ចំនួន​ស្ត្រី​ជា​កម្មករ​សំណង់​ជួប​គ្រោះ​ថ្នាក់​ក្នុង​ការដ្ឋាន​សំណង់​នោះ​ឡើយ ប៉ុន្តែ លោក​អះ​អាង​ថា កម្មករ​សំណង់​ជា​ស្ត្រី​ ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ស្រាល ខណៈ​ដែល​ពួកគាត់​ធ្វើការ​ងារ​ស្រាលៗ​ខុស​ពី​បុរស។

លោក សួ ឆ្លូញ មាន​ប្រសាសន៍​ថា​៖ «ទាក់ទង​នឹង​គ្រោះ​ថ្នាក់ យើង​មិន​បាន​ព័ត៌មាន​ឲ្យ​ទូលំ​ទូលាយ​ទេ។ មាន​ដែរ​គ្រោះ​ថ្នាក់ មិន​អត់​ទេ​នៅ​កន្លែង​ធ្វើការ​ ដែល​វា​ជា​គ្រោះ​ថ្នាក់​តិច​តួច​អ៊ីចឹង​ណ៎ះ មាន​ការ​មុត​មាន​ការ​អ៊ីចឹង​ណ៎ះ។ វា​មិន​ធ្ងន់​ធ្ងរ​រហូត​ទៅ​ដល់​មាន​ការ​ស្លាប់​បាត់​បង់​ជីវិត​អី ដែល​កន្លង​មក​យើង​ចុះ​ប្រមូល​ព័ត៌មាន​ពី​គ្រោះ​ថ្នាក់​ស្លាប់​អី ​ភាគ​ច្រើន​គឺ​ជា​បុរស ស្ត្រី​ភាគ​ច្រើន​គេ​ឲ្យ​គាត់​ធ្វើ​ការងារ​​ស្រាល ហើយ​មិន​សូវ​ជា​មាន​ជំនាញ»

របាយការណ៍​ស្ទង់​មតិ​បឋមខាង​លើ​ រក​ឃើញ​ថា កម្មករ​ដល់​ទៅ ១៩​ភាគរយ​ក្នុង​ចំណោម​កម្មករ​ដែល​ត្រូវ​បាន​ស្ទង់​មតិ បាន​អះ​អាង​ថា ​ធ្លាប់​រង​របួស​អំឡុង​ពេល​បំពេញ​ការងារ​នៅ​តាម​ការដ្ឋាន​សំណង់។ ក្នុង​ចំណោម​នោះ កម្មករ​សំណង់​ត្រឹម​តែ ៣៧​ភាគរយ​ប៉ុណ្ណោះ ប្រាប់​ថា ពួកគេ​ទទួល​បាន​សំណង​​សម្រាប់​ថ្លៃ​ព្យាបាល​សុខភាព។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​អះ​អាង​ថា ច្បាប់​ស្ដី​ពី​ការងារ​របស់​កម្ពុជា បាន​គ្រប់​ដណ្ដប់​លើ​កម្មករ​គ្រប់​វិស័យ​ទាំង​អស់ ក្នុង​នោះ​មាន​ទាំង​កម្មករ​សំណង់​ផង​ដែរ ដែល​គាំពារ​ដោយ​​ស្តង់ដារ​សុវត្ថិភាព និង​សុខភាព។

លោក ហេង សួរ មាន​ប្រសាសន៍​ថា៖ «រាល់​កម្មករ​និយោជិត​ទាំង​អស់ រួម​ទាំង​ផ្នែក​សំណង់​ផង​ដែរ គឺស្ថិត​នៅ​ក្រោម​ច្បាប់​ស្តីពី​ការងារ។ ប៉ុន្តែ នៅ​ក្នុង​ការ​អនុវត្ត​ស្តង់ដារ​សុវត្ថិភាព និង​សុខភាព​ការងារ ក្រសួង​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ ដើម្បី​កំណត់​ស្តង់ដារ និង​បច្ចេកទេស​សុវត្ថិភាព​នានា​ផង​ដែរ»

ទាក់ទង​នឹង​សេវាគាំពារ​សង្គម​វិញ អ្នក​នាំ​ពាក្យ​​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស.) លោក ហេង សុផាន់ណារិទ្ធ បញ្ជាក់​ថា កម្មករ​សំណង់​ដែល​ទទួល​បាន​កិច្ច​សន្យា​ការងារ​អចិន្ត្រៃយ៍​ពី​ក្រុមហ៊ុន​សំណង់ ក៏​ទទួល​បាន​សេវា​គាំពារ​សង្គម​ដូច​ទៅ​នឹង​កម្មករ​ក្នុង​វិស័យ​កាត់ដែរ​ផង​ដែរ។

អ្នក​នាំ​ពាក្យ​​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​​ថា សហគ្រាស​សំណង់​ចំនួន ២៧៩ បាន​ចុះ​បញ្ជី​នៅ​ស្ថាប័ន​របស់​លោក​រួច​មក​ហើយ ដើម្បី​ផ្ដល់​សេវា​គាំពារ​សង្គម​ដល់​កម្មករ​សរុប ១១,៤៦៥​នាក់ ក្នុង​នោះ​មាន​កម្មករសំណង់​ជា​ស្ត្រី ២,៤២៨​នាក់។

លោក ហេង សុផាន់ណារិទ្ធ មាន​ប្រសាសន៍​ថា៖ «ជា​កម្មករ​ដែល​មាន​កិច្ច​សន្យា​ជាក់​លាក់ ទទួល​បាន​សេវា​ពី ប.ស.ស. ដូច​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភ័ណ្ឌ​ដែរ។ […] រីឯកម្មករសំណង់​​ផ្សេងទៀត​ដែលមិនទាន់មានសិទ្ធិប្រើ​ប្រាស់សេវា​ ប.ស.ស.​ ខាង ប.ស.ស.​ កំពុងតែសិក្សា​ ទន្ទឹមនឹងការរង់ចាំច្បាប់ថ្មីចេញ​ យើង​នឹងសិក្សា​ដើម្បី​ដាក់​បញ្ជូលគាត់ក្នុងប្រព័ន្ធ»

​កម្មករ​សំណង់​ជា​ស្ត្រី​​ប្រឈម​​នឹង​ការ​បៀត​បៀន​​​ខ្ពស់

ក្រៅ​ពី​មិន​ទទួល​បាន​សេវា​គាំពារ​សង្គម​ហើយ​នោះ លោក សួ ឆ្លូញ បាន​ឲ្យ​ដឹង​ថា កម្មករ​សំណង់​ជា​ស្ត្រី​ប្រឈម​មុខ​នឹង​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព ខណៈ​ដែល​ពួកគេ​ស្នាក់នៅ​ក្នុង​ការដ្ឋាន​សំណង់​​ដែល​ប្រើ​ប្រាស់​បន្ទប់​ទឹក​រួម និង​គ្មាន​អនាម័យ។

លោក សួ ឆ្លូញ ប្រាប់​ថា​៖ «នៅ​ក្នុង​ការដ្ឋាន បើ​យើងមិន​បាន​ធ្វើការ​បែង​ចែក​បន្ទប់​ទឹក​រវាង​បុរស​ស្ត្រីឲ្យ​បាន​ត្រឹម​ត្រូវ​ទេ វា​នឹង​កើត​មាន​នូវ​ការ​បៀតបៀន​ផ្លូវ​ភេទ ឬ​ក៏​ករណី​រំលោភ​បំពាន​ឬ​ក៏​អី​ហ្នឹង។ អ៊ីចឹង​នៅ​ក្នុង​សំណង់ គឺ​ច្រើន​មែន​ទែន ដែល​ក្រុមហ៊ុន ក៏​ដូច​ជា​ក្រុម​ម៉ៅកា​ហ្នឹង គាត់​អត់​ដែល​បាន​គិតគូ​ទៅ​លើ​បញ្ហា​សុខភាព​របស់​កម្មករ​នោះ​ទេ។ អ៊ីចឹង​ណ៎ះ! ស្ត្រី និងបុរស​ប្រើ​បន្ទប់​ទឹក​រួម​គ្នា»

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បញ្ជាក់​​បន្ថែម​ថា ក្រសួង​​កំពុង​តែ​ធ្វើការងារ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ជំរុញ​លក្ខខណ្ឌ​ការងារ និង​ការ​គាំពារ​ល្អ​ប្រសើរ​សម្រាប់​ពួកគេ។

លោក ហេង សួរ ប្រាប់​បន្ត​ថា​៖ «ក្រសួងកំពុងធ្វើការជាមួយក្រសួងដែនដី និងនគរូបនីយកម្ម ដើម្បីកំណត់លក្ខខណ្ឌដល់សហគ្រាសសំណង់ ត្រូវតែជាសហគ្រាសដែលមានអាជ្ញាបណ្ណពីក្រសួងដែនដី»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ