មន្រ្តីរដ្ឋបាលព្រៃឈើ៣នាក់​នៅ​ខេត្តមណ្ឌលគិរីត្រូវបានហៅ​សាក​សួរ​ពាក់ព័ន្ធបទល្មើព្រៃឈើ

ក្រុមការងារគណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពេលកំពុងចុះត្រួតពិនិត្យរុករកឈើល្មើសច្បាប់នៅក្រុមហ៊ុន វិជ្ជរី និងក្រុមហ៊ុន ណៃណា ដែលស្ថិតនៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

មន្រ្តីរដ្ឋបាលព្រៃឈើ ៣រូប​នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេសកម្ពុជា ​ត្រូវបាន​កោះហៅឲ្យ​ចូល​បំភ្លឺ​​នៅ​ចំពោះ​មុខ​​កម្លាំង​កងរាជអាវុធហត្ថ នៅ​ពាក់កណ្តាលខែក្រោយនេះ ជុំវិញករណីបទល្មើសព្រៃឈើ។

ក្នុងដីកោះចំនួន ៣ ដាច់ដោយឡែក​ពី​គ្នា ព្រះរាជ​អាជ្ញា​​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​ លោក ហៀង សុភក្ត្រ​ បាន​កោះហៅ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​​រយ៉ លោក ហ៊ុន វណ្ណេ នាយក​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ស្រែ​សង្គម​ណងឃីលឹក លោក លឿង ភិរុណ ​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក លោក គង់ វិរៈ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ នៅ​ថ្ងៃ​ទី២៤ ខែ​សីហា​ខាង​មុខ។

បើ​តាម​ដីកា​ទាំង​នោះ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទាំង ៣​រូប​នេះ នឹង​ត្រូវ​បាន​កោះ​ហៅ​ទៅ​សាក​សួរ​នា​ពេល​ខាង​មុខ ទាក់​ទង​នឹង​បទ​ល្មើស​ព្រៃឈើដែលបាន​កើត​ឡើង​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ពួកគេ។

វី.អូ.ឌី មិនអាចសុំការឆ្លើយតបពីមន្រ្តីរដ្ឋបាលព្រៃឈើទាំងបីនាក់នោះបានទេ ជុំវិញការកោះហៅឲ្យឆ្លើយបំភ្លឺពាក់ព័ន្ធ​បទល្មើសព្រៃឈើនេះ។

ក្នុងសន្និសីទកាសែតមួយនៅថ្ងៃនេះ ​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក អេង ហ៊ី ប្រាប់អ្នកសារព័ត៌មានថា សមត្ថកិច្ច​​កំពុងស្វែងរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសព្រៃឈើ​ចំនួន ៩​នាក់ទៀត​ បន្ទាប់​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស ៤​រូប​ហើយ​នៅ​ខេត្ត​មណ្ឌលគិរី ក្នុង​នោះ​មាន​ទាំង​ឧកញ៉ា ស៊ឹង សំអុល ផង​ដែរ។

លោក អេង ហ៊ី បន្ថែមថា៖ «បុគ្គល ៩នាក់ ដែលពាក់ព័ន្ធទៀត ដែលជាជនសង្ស័យ គឺយើងបានស្វែងរក ប៉ុន្តែ គាត់បានរត់គេចខ្លួន។ ដូច្នេះ យើងបានធ្វើទៅតាមនីតិវិធី គឺសុំដីកាបញ្ជាចូលខ្លួនពីតំណាងអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីតាមចាប់ខ្លួនគាត់ ហើយបីនាក់ទៀត យើងកំពុងកោះហៅជាបន្តបន្ទាប់»

មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បានសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចដែលបានកោះហៅមន្រ្តីរដ្ឋបាលព្រៃឈើនៅមូលដ្ឋានមកសាក​សួរនេះ ដោយលោកថា ប្រតិបត្តការបទល្មើសព្រៃឈើអាចដំណើរទៅបាន គឺមានការឃុបឃិតប្រព្រឹត្តបទល្មើស និងអំពើពុករលួយជាប្រព័ន្ធរវាងជនប្រព្រឹត្តបទល្មើសព្រៃឈើ និងអាជ្ញាធរពាក់ព័ន្ធ។

លោកបន្ថែមថា៖ «យើងមានការព្រួយបារម្ភថា តើសមត្ថកិច្ចមានសមត្ថភាពក្នុងការតាមចាប់ខ្លួនមន្រ្តី ៣នាក់ហ្នឹងមកឆ្លើយបំភ្លឺនៅមុខព្រះរាជអាជ្ញាបាន ឬ​អត់ ពីព្រោះមន្រ្តីបីនាក់ហ្នឹង អាចនឹងរកឃើញមន្រ្តីពាក់ព័ន្ធផ្សេងៗ ព្រោះយើងសង្ស័យថា មិនមែនមានតែមន្រ្តីប៉ុន្មាននាក់ហ្នឹងទេ ដែលធ្វើឲ្យមានប្រតិបត្តិការកាប់ និងដឹកឈើរហូតរាប់សិបឡានទៅក្រៅប្រទេស និងមានការផ្សព្វផ្សាយ ប៉ុន្តែ អត់មានការចាប់ខ្លួន។ អីចឹង ប្រសិនបើពុំមានការឃុបឃិតគ្នាជាប្រព័​ន្ធប្រព្រឹត្តអំពើពុករលួយទេ បទល្មើសព្រៃឈើ មិនអាចដំណើរការទៅបានដោយជោគជ័យទេ»

ឧកញ៉ា ស៊ឹង សំអុល និង​មនុស្ស ៣​នាក់​ផ្សេង​ទៀត ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន​ ហើយ​រថយន្ត​ដឹក​ឈើជាង ៤០​គ្រឿង​ត្រូវ​បានក្រុម​បង្ក្រាប​ព្រៃឈើ​របស់​រដ្ឋាភិបាល ​ដឹកនាំ​ដោយ​​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ លោក សៅ សុខា រឹបអូសយក​កាល​ពី​សប្ដាហ៍​មុន នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​មួយ​កន្លែង​នៅ​ក្នុង​ខេត្តមណ្ឌលគិរី។

របាយការណ៍របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ហាញលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន​ម្សិលមិញ ឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ សមត្ថកិច្ច​របស់​រដ្ឋាភិបាល បានប្រតិបត្តិការជាទ្រង់ទ្រាយធំនៅខេត្តជាប់ព្រំដែនមាន ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង រហូតមានការចាប់ខ្លួនមនុស្សជាច្រើននាក់ ព្រមទាំងមានដីកាកំពុងតាមចាប់អ្នកពាក់ព័ន្ធ និងរឹបអូសរថយន្តជាច្រើនគ្រឿងដុតបំផ្លាញចោលទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ