លោក​ ហ៊ុន សែន អំពាវ​នាវ​​ឲ្យ​បញ្ឈប់​ផ្សាយ​ព័ត៌មាន​មិន​ពិត​ក្រោយ WSJ ផ្សាយ​ពីសម្ព័ន្ធ​យោធា​សម្ងាត់​ជាមួយ​ចិន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​លោក​ហៅ​ថា ព័ត៌មាន​ក្លែង​បន្លំ​ដើម្បី​ប្រឆាំង​នឹង​កម្ពុជា បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​​អំពី​វត្តមាន​កង​ទ័ព​ចិន​នៅ​លើ​​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា។

​សារព័ត៌មាន​​​អាមេរិក The Wall Street Journal បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ​កម្ពុជា​-ចិន បាន​ចុះ​ហត្ថលេខា​ជា​សម្ងាត់​ជាមួយ​គ្នា​កាល​ពី​អំឡុង​ត្រីមាស​ទី​២ ​នៃ​ឆ្នាំ​២០១៩​កន្លង​ទៅ ដើម្បី​​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រទេស​ចិន​ប្រើប្រាស់​មូលដ្ឋាន​ជើង​ទឹក​មួយ​នៅ​ឈូង​សមុទ្រ​ខ្មែរ​ក្នុង​រយៈពេល​ ៣០​ឆ្នាំ។

The Wall Street Journal បាន​ចុះ​ផ្សាយ​ថា៖ «កិច្ចព្រមព្រៀង​នោះ​ គឺ​កម្ពុជា​ផ្តល់​ឱ្យ​ភាគី​ចិន​នូវ​សិទ្ធិ​ផ្តាច់​មុខ ធ្វើជា​មូលដ្ឋាន​ទាហាន​ជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិត​ប្រលាន​យន្តហោះ​ធំ​មួយ ដែល​កសាង​ដោយ​ចិន​ និង​អនុញ្ញាត​ឱ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល ៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតនាវា​ ជាដើម»

ប្រតិកម្ម​តប​ទៅ​នឹង​ការ​ចុះផ្សាយ​នេះ លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន បានច្រាន​​ចោល​នូវ​ព័ត៌មាន​នេះ ហើយ​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​នូវ​ព័ត៌មាន​បែប​នេះ ដែល​លោក​ចាត់​ទុក​ជា​ព័ត៌មាន​ក្លែង​បន្លំ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Fresh News ដែល​បាន​សម្ភាស​ផ្ដាច់​មុខ​ជាមួយ​មេដឹកនាំ​កម្ពុជា​រូប​នេះ។

លោក ​ហ៊ុន សែន ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា៖ «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយជាមួយ​មេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់​ប្រើព័ត៌មាន​ក្លែងបន្លំ​អំពី​វត្តមាន​កង​ទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើងហើយ»

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​សហរដ្ឋអាមេរិក រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​ បាន​ចុះ​ផ្សាយពី​វត្តមាន​កង​ទ័ព​ចិន​លើ​ទឹក​ដី​កម្ពុជា​នោះ​។ កាល​ពី​ដើម​ខែ​នេះ ​សហ​រដ្ឋអាមេរិក​ក៏​បាន​ធ្វើ​ការ​ចោទ​សួរ​កម្ពុជា​ពី​រឿង​នេះដែរ​ ខណៈ​រូប​ថត​ដែលអាមរិក​​ថត​បាន​ពីផ្កាយ​រណប ​បាន​ដាក់​ការ​សង្ស័យ​ពី​មូល​ដ្ឋាន​កង​ទ័ព​ចិន​លើ​កោះ​មួយក្នុង​ខេត្ត​ព្រះសីហនុ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ​លោក​ ឈុំ សុជាតិ ក៏​ច្រាន​ចោល​នូវ​ព័ត៌មាន​នេះ​ផង​ដែរ ហើយ​ចាត់​ទុក​ការ​ចោទប្រកាន់​ម្ដង​ហើយ​ម្ដង​ទៀត​របស់​អាមេរិក​នេះ​​ថា ជា​ចេត​នា​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំទៅ​លើ​អព្យា​ក្រឹត​របស់​កម្ពុជា ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្ដិសុខជាតិ​ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​។

លោក ឈុំ សុជាតិ ប្រាប់​​ថា៖ «ព័ត៌មាន​ធ្វើ​ឱ្យ​ឈឺ​ក្បាល វា​អត់​មាន​សោះ​ បែរ​ជា​ធ្វើ​ឱ្យ​មាន​បញ្ហា​ច្របូកច្របល់​។ អស់​ពី​មួយ​ដល់​មួយ ធ្វើ​ឱ្យមាន​ការ​ពិបាក​ក្នុងការ​សន្និដ្ឋាន​សភាពការ​ណ៍ វា​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រលំ ឬ​ក៏​បង្កាច់បង្ខូច​អំពី​ជំហរ​របស់​កម្ពុជា​ដែល​ខំ​រក្សា​ភាព​អព្យា​ក្រឹត​របស់​ខ្លួន»

​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក​ស្រី Emily Zeeberg បាន​ឱ្យ​​ VOD ដឹង​តាម​សារអេឡិចត្រូនិច​អ៊ីម៉ែល​ថា សហរដ្ឋអាមេរិក​កំពុង​តាមដាន​ពីការ​ពិត​នៃ​​រឿង​នេះ ដោយ​ជំរុញ​ដល់​រដ្ឋាភិបាលកម្ពុជា​ឱ្យ​​បង្ហាញ​​តម្លាភាពនៃ​​​ទំនាក់​ទំនង​យោធា​​រវាង​កម្ពុជា និង​ចិន ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា និង​តំបន់​ អាច​យល់​ពី​ផល​ប៉ះពាល់​នៃ​ទំនាក់ទំនង​នេះ។

លោក​ស្រី​ Emily Zeeberg សរសេរថា៖ «យើងមានការព្រួយបារម្ភថា ជំហាន​ណាមួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឱ្យ​មាន​វត្តមាន​យោធា​បរទេស​នៅក្នុងប្រទេសកម្ពុជា​ នឹងគំរាមកំហែង​ដល់ការផ្សារភ្ជាប់គ្នា និងភាពស្និទ្ធស្នាល​នៃប្រជាជាតិ​អាស៊ីអាគ្នេយ៍​ក្នុងការ​សម្របសម្រួល​ការអភិវឌ្ឍក្នុងតំបន់ និងរំខានដល់សន្តិភាព និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍»

មាត្រា ៥៣ នៃ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា បាន​ហាម​ឃាត់​នូវ​ការ​ចង​សម្ព័ន្ធ​យោធា ឬ​កិច្ច​ព្រៀម​ព្រៀង​យោធា​ណា​មួយ ហើយ​ហាម​ឃាត់​ដាច់​ខាត​នូវមូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹក​ដី​កម្ពុជា លើក​លែង​តែ​ស្ថិត​នៅ​ក្រោម​ក្រប​ខណ្ឌ​នៃ​សំណូម​ពរ​របស់​អង្គការ​សហ​ប្រជាជាតិ​តែ​ប៉ុណ្ណោះ។

អ្នក​ជំនាញ​គោល​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហា​វិទ្យាល័យ Occidental នៅ​សហ​រដ្ឋ​អាមេរិក លោក អៀ សុផល បាន​លើក​ឡើង​ប្រាប់ ​​VOD ថា អត្ថបទ​សារព័ត៌មាន​ខាង​លើ​នេះ មិន​ទាន់​បង្ហាញ​នូវ​ភស្តុតាង​ច្បាស់​លាស់​នៅ​ឡើយ​ទេ ដើម្បី​បញ្ជាក់​អំពី​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​នោះ។

លោក សុផល ​សរសេរថា៖ «បើសិនជាសហរដ្ឋអាមេរិកបានឃើញសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនោះ តើច្បាប់ចម្លងនៅឯណា? វាជា​រឿង​ធម្មតាទេក្នុងការរក្សាភាពសម្ងាត់របស់ខ្លួន។ […] តើវាអាចទៅរួចទេ​ ដែលច្បាប់​ចម្លង​ដែលបាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ចិន​មាន​តែ​ភាសា​ចិន ហើយគ្មានភាសាខ្មែរ? ឬប្រហែលជា​គ្រាន់តែជាភាសាអង់គ្លេស​សម្រាប់​មនុស្ស​គ្រប់គ្នា ​ដូច្នេះ​ ប្រទេសទាំងពីរ​អាច​បដិសេធ​នូវ​អត្ថិភាពរបស់ខ្លួន»

ប៉ុន្តែ លោក​ព្រមាន​ថា ប្រសិន​ជា​ប្រទេស​មួយ​បណ្តោយ​ឱ្យ​មហា​អំណាច​មួយ​​មាន​មូលដ្ឋាន​ទ័ព​ក្នុង​ប្រទេស​ខ្លួន​នោះ ប្រទេស​នោះ​អាច​ក្លាយ​ជា​ប្រទេស​អាណានិគម​របស់​ប្រទេស​ដែល​ដាក់​ទ័ព​លើ ឬ​ក៏​ជាក្លាយ​ជា​​ដែន​ដីបន្ថែម​អំណាច​ឱ្យ​មហាអំណាច​នោះ​ផង​ដែរ។

កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ភ្នាក់ងារ​ស៊ើប​អង្កេត​អាមេរិក​ បាន​ចេញ​​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា «ការ​វាយ​តម្លៃ​ពី​ការ​គំរាម​កំហែង​ទូទាំង​ពិភព​លោក» ដោយ​​បាន​​​លើក​ឡើង​ថា ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ទៅ​រក​របប​ផ្ដាច់ការ​ ដែល​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​ក្ដោប​ក្ដាប់​ទាំង​ស្រុង​ទៅ​លើ​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ ហើយ​​ស្ថិតក្នុង​​ស្ថានភាព​បែប​នេះបក្សប្រជាជន​​អាច​បើក​ផ្លូវ​ឱ្យ​មាន​ការ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​ ដែល​អាច​នាំ​​ឱ្យ​​មាន​វត្តមាន​កង​ទ័ព​ចិន​នៅ​ក្នុង​ប្រទេសបាន។

ទោះ​ជា​យ៉ាង​ណា​ ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ចេញ​មុខច្រាន​ចោល និង​បាន​ហៅ​របាយការណ៍​នេះ​ថា ជា​ចេតនា​អាក្រក់​មួយ​ក្នុង​ការ​ជ្រៀត​ជ្រែក​លើ​កិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​លាប​ពណ៌​លើ​ភាព​ឯករាជ្យ អព្យាក្រឹត្យ​អចិន្ត្រៃយ៍​របស់​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ