លោក សម រង្ស៊ី ថា​កម្ពុជា​កំពុង​តែ​ក្លាយ​ជា​ដែន​ដី​អាណានិគម​របស់​ប្រទេស​ចិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោក សម រង្ស៊ី។

អតីតមេដឹក​នាំ​បក្សប្រឆាំង​ដែល​កំពុង​រស់​នៅ​ក្រៅប្រទេសចោទលោក ហ៊ុន សែន​​ ថា កំពុងធ្វើឱ្យ​​ប្រទេស​កម្ពុជា​​​ក្លាយ​ខ្លួន​ជា​ដែនដី​អាណានិគម​របស់​ប្រទេស​ចិន ​តាម​រយៈ​ការស្វាគមន៍​ការ​វិនិយោគ ទេសចរណ៍ និង​ការ​អនុញ្ញាត​ឲ្យ​ចិន​មាន​មូលដ្ឋាន​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​បម្រើ​ប្រយោជន៍​ដល់​មហាអំណាច​នៅ​អាស៊ី​នេះ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៣ ខែកក្កដា លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ដោយ​សារ​ជាប់​បណ្ដឹង​ជា​ច្រើន​នៅ​តុលាការ​កម្ពុជានោះ​ បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន កំពុង​តែ​សប្បាយ​រីករាយ​ក្នុង​ការបញ្ចូល​អាណានិគម​ថ្មី​របស់​ចិន​ តាម​រយៈ​ការ​ទទួល​ជំនួយ​ដ៏​ច្រើន​សម្បើមពី​ចិន ​​ដោយ​គ្មាន​តម្លាភាព គ្មាន​គិត​ពី​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​បរិស្ថាន​ ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​ខ្លួន​អាច​បន្ត​ធំធាត់​ទៅ​មុន​ទៀត​ប៉ុណ្ណេាះ។

​លោក ​សម រង្ស៊ី បាន​បន្ថែម​ផង​ដែរ​ថា​ ការ​អនុញ្ញាត​ឲ្យ​ចិនមាន​វត្តមាន​នៅ​កម្ពុជា រួម​ទាំង​កងទ័ព​ផង​នោះ គឺ​ដើម្បី​ការពារ​អំណាច​ផ្ដាច់ការ​របស់​លោក​ ហ៊ុន សែន តែ​ប៉ុណ្ណេាះ។

លោក​សរសេរ​ថា៖ «ដោយ​សារ​កម្ពុជា​ជា​ផ្នែកមួយរបស់ខ្លួន ​ប្រទេសចិននឹង​ធ្វើ​​​ឱ្យកម្ពុជាក្លាយ​ទៅជាត្រី​មុខ ​ដើម្បី​អនុវត្ត​យុទ្ធសាស្រ្ត​ពង្រីក​នយោបាយ​​របស់​ខ្លួន ​ដោយ​កសាង​នូវទីតាំង​យោធា​​ក្នុង​ប្រទេស​កម្ពុជា​ ជាដើម​។ បញ្ហា​នេះ​នឹង​មាន​ផល​ប៉ះពាល់​ធំធេង​ ពីព្រោះវាអាចប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»។

អ្នក​នាំពាក្យ​បក្សប្រជាជន​កម្ពុជា​ លោក សុខ ឥសាន បាន​ច្រាន​ចោល​ការ​លើកឡើង​នេះ និង​ថា​ជា​ការមួល​បង្កាច់​ទាំង​គ្មាន​ភស្ដុតាង​​ជាក់​លាក់​ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ពី​សំណាក់លោក​ សម រង្ស៊ី។

លោក​ថា៖ «បើ​គាត់​និយាយ​អញ្ចេះ​វិញ​ថា ​ទៅ​ធ្វើ​រណប​ ឬ​ខ្ញុំ​អាមេរិកាំង​ អាហ្នឹង​បាន​ល្អ តែ​បើ​ធ្វើ​ខ្ញុំ​ចិន​ អាហ្នឹង​អត់​ល្អ អាហ្នឹង​វា​មាន​ន័យ​ថា ​អញ្ចឹង! កន្លង​ទៅ​គាត់​មិនមែន​ចោទ​ថា​ ចិន​ទេ គាត់​ចោទ​ថា ​គណបក្សប្រជាជន​ និង​រាជរដ្ឋាភិបាល​ធ្វើ​ខ្ញុំ​វៀតណាម ឥឡូវ​នេះ​វា​លែង​លេង​រឿង​វៀតណាម​ វា​ទៅ​ជា​រឿង​ចិន​វិញ សួរ​ថា​ ជំហរ​របស់​គាត់​វា​យ៉ាង​មិច។ យើង​ត្រូវ​យល់​ថា​ ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​នេះ វា​ក្រុម​ឧទ្ទាម​ដើម្បី​បង្កើត​ព័ត៌មាន​ប្រឌិត ​ព័ត៌មាន​ក្លែង​ក្លាយ​ ដើម្បី​មួល​បង្កាច់​តែ​ប៉ុណ្ណេាះ​ទេ»។

ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី នៅ​ពេល​នេះ​គឺ​បន្ទាប់​ពី​សារព័ត៌មាន​ធំ​មួយ​របស់​សហរដ្ឋអាមេរិក The Wall Street Juornal ​បាន​ចុះ​ផ្សាយ​ថា ​កម្ពុជា​បាន​ធ្វើ​ការ​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់​មួយ​ជា​មួយ​ប្រទេស​ចិន​ក្នុង​ការ​ផ្ដល់​ផ្នែក​ខ្លះ​នៃ​មូល​ដ្ឋាន​ទ័ពជើង​ទឹក​ខ្មែរ​ឲ្យ​ទៅ​កង​ទ័ព​ជើងទឹក​ចិន​ ដើម្បី​អាច​ដាក់​ទ័ព សព្វាវុធ និង​ចត​នាវា​បាន​ក្នុង​កុងត្រា​ចំនួន​៣០​ឆ្នាំ។

អ្នក​ជំនាញ​គោល​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហា​វិទ្យាល័យ Occidental នៅ​សហ​រដ្ឋ​អាមេរិក លោក អៀ សុផល បាន​លើក​ឡើង​ប្រាប់ ​​VOD កាល​ពី​ថ្ងៃដើមសប្ដាហ៍នេះថា ការ​ចុះ​ផ្សាយ​នេះ​​នៅ​មិន​ទាន់​មាន​​ភស្តុតាង​ច្បាស់​លាស់ណា​មួយ​​នៅ​ឡើយ​ទេ ​អំពី​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា។

ក៏​ប៉ុន្ដែ​ លោក អៀ សុផល ​ព្រមាន​ថា ប្រសិន​ជា​ប្រទេស​មួយ​បណ្តោយ​ឱ្យ​មហា​អំណាច​មួយ​​មាន​មូលដ្ឋាន​ទ័ព​ក្នុង​ប្រទេស​ខ្លួន​នោះ ប្រទេស​នោះ​អាច​ក្លាយ​ជា​ប្រទេស​អាណានិគម​របស់​ប្រទេស​ដែល​ដាក់​ទ័ព​លើ ឬ​ក៏​ជាក្លាយ​ជា​​ដែន​ដីបន្ថែម​អំណាច​ឱ្យ​មហាអំណាច​នោះ​ផង​ដែរ។

លោក អៀ សុផល៖ «អ្វីដែល​នឹង​កើតឡើងនោះ ​គឺ​​ប្រទេសដែលទទួល​ឲ្យ​មាន​មូលដ្ឋាន​ទ័ព​បរទេស​នោះ​ នឹង​ក្លាយ​ជា​អាណា​និគម​មួយ។ បើមិនដូច្នេះទេ យ៉ាងហោចណាស់ក៏ជាផ្នែកបន្ថែមទៀត​នៃប្រទេសដ៏មានអំណាចនេះ​ដែរ»។ ​

មាត្រា ៥៣ នៃ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា បាន​ហាម​ឃាត់​នូវ​ការ​ចង​សម្ព័ន្ធ​យោធា ឬ​កិច្ច​ព្រម​ព្រៀង​យោធា​ណា​មួយ ហើយ​ហាម​ឃាត់​ដាច់​ខាត​នូវមូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹក​ដី​កម្ពុជា លើក​លែង​តែ​ស្ថិត​នៅ​ក្រោម​ក្រប​ខណ្ឌ​នៃ​សំណូម​ពរ​របស់​អង្គការ​សហ​ប្រជាជាតិ​តែ​ប៉ុណ្ណេាះ។

កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ភ្នាក់ងារ​ស៊ើប​អង្កេត​អាមេរិក CIA​ បាន​ចេញ​​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា «ការ​វាយ​តម្លៃ​ពី​ការ​គំរាម​កំហែង​ទូទាំង​ពិភព​លោក» ដោយ​​បាន​​​លើក​ឡើង​ថា ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ទៅ​រក​របប​ផ្ដាច់ការ​ ដែល​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​ក្ដោប​ក្ដាប់​ទាំង​ស្រុង​ទៅ​លើ​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ ហើយ​​ស្ថិតក្នុង​​ស្ថានភាព​បែប​នេះបក្សប្រជាជន​​អាច​បើក​ផ្លូវ​ឱ្យ​មាន​ការ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​ ដែល​អាច​នាំ​​ឱ្យ​​មាន​វត្តមាន​កង​ទ័ព​ចិន​នៅ​ក្នុង​ប្រទេសបាន។

ទោះ​ជា​យ៉ាង​ណា​ ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ចេញ​មុខច្រាន​ចោល និង​បាន​ហៅ​របាយការណ៍​នេះ​ថា ជា​ចេតនា​អាក្រក់​មួយ​ក្នុង​ការ​ជ្រៀត​ជ្រែក​លើ​កិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​លាប​ពណ៌​លើ​ភាព​ឯករាជ្យ អព្យាក្រឹត្យ​អចិន្ត្រៃយ៍​របស់​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ