NGOs ជំរុញ​រដ្ឋាភិបាល​ឲ្យ​ចាត់ការ​​ក្រុមហ៊ុន​លក់​​ម្សៅ​ទឹក​ដោះ​គោ​រំលោភ​​ប្បញ្ញត្តិ​ច្បាប់

នាយក​រង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ Helen Keller អន្តរជាតិ លោក ហ៊ូ ក្រើន ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​បណ្ដុះ​បណ្ដាល​មួយ​អំពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ និង​អាហារូបត្ថម្ភ ទៅ​ដល់​ក្រុម​អ្នក​សារព័ត៌មាន នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៩។

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ដែល​​ជំរុញ​​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ បាន​ទាមទារ​​ទៅ​រដ្ឋាភិបាល​ឲ្យ​​ចាត់​វិធាន​ការ​ទៅ​លើ​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​រក​ឃើញ​ថា បាន​រំលោភ​ទៅ​លើ​សេចក្ដី​ណែនាំ​អំពី​ការ​ចែក​ចាយ​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ ខណៈ​ដែល​ពួកគេ​លើក​ឡើង​ថា ការ​បំបៅ​ទារក​ដោយ​ទឹក​ដោះ​ម្ដាយ​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ទាំងនោះ បាន​ទាមទារ​​បែប​នេះ​នៅ​ក្នុង​សិក្ខាសាលា​មួយ​​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ។

នាយក​រង​អង្គការ Helen Keller International លោក ហ៊ូ ក្រើន បាន​ឲ្យ​ដឹង​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ បាន​ធ្លាក់​ចុះ​ពី​ចំនួន ៧៣.៥​ភាគរយ ​នៅ​ឆ្នាំ​២០១០ មក​ដល់​ចំនួន ៦៤.៦​ភាគរយ ​នៅ​ឆ្នាំ​២០១៤​កន្លង​មក។ លោក​បន្ថែម​ថា ផ្ទុយ​ទៅ​វិញ ​តួលេខ​នៃ​ការ​បំបៅ​ទារក​ដោយ​ដប​ទឹក​ដោះ​គោ បាន​កើន​ឡើង​ឆាប់​រហ័ស​ពី​ចំនួន ១១.៨​ភាគរយ​ នៅ​ឆ្នាំ​២០០៥ ដល់​ចំនួន ២៤.៧​ភាគរយ​ នៅ​ឆ្នាំ​២០១០ ហើយ​កើន​ឡើង​ដល់​ចំនួន​ជាង ៣០​ភាគរយ​ នៅ​ឆ្នាំ​២០១៤​កន្លង​មក។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ការ​បំបៅ​ទារក​ដោយ​ម្សៅ​ទឹក​ដោះ​គោ បាន​បង្ក​ឲ្យ​ទារក​ប្រឈម​មុខ​នឹង​ជំងឺ​រាគ​រូស ហើយ​ស្ត្រី​ជា​ម្ដាយ​ប្រឈម​មុខនឹង​ជំងឺ​ទឹក​នោម​ផ្អែម ដែល​នាំ​ឲ្យ​កម្ពុជា​ខាត​បង់​ប្រាក់​ដល់​ទៅ​ជាង ១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​ទាំង​ម្ដាយ និង​ទារក។

បើ​តាម​លោក ហ៊ូ ក្រើន គ្រួសារ​ពលរដ្ឋ​កម្ពុជា ​ក៏​ខាត​បង់​ប្រាក់​ដល់​ទៅ​ជាង ១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​ចំណាយ​ទៅ​លើ​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ​ផង​ដែរ។

លោក ហ៊ូ ក្រើន បាន​ឲ្យ​ដឹង​ទៀត​ថា កុមារ​ដែល​ពុំ​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹក​ដោះ​ម្ដាយ​ឲ្យ​បាន​គ្រប់​គ្រាន់ ប្រឈម​មុខ​នឹង​កម្រិត​លូត​លាស់​ខាង​បញ្ញា​ស្មារតី និង​រាង​កាយ និង​ងាយ​​ប្រឈម​មុខ​នឹង​ជំងឺ​នានា​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​មុខ​នឹង​ការ​ខាត​បង់​ប្រាក់​សម្រាប់​ព្យាបាល​ដល់​ទៅ​ជាង ៣២៦​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

លោក ហ៊ូ ក្រើន បានមាន​ប្រសាសន៍៖ «បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​នេះ ដោយសារ​ការ​ឃោសនា​ផ្សព្វផ្សាយ​​ម្សៅ​ទឹក​ដោះ​គោ​ពី​សំណាក់​ក្រុមហ៊ុន​ ក៏​ដូច​ជា​អ្នក​ចែក​ចាយ​ផលិត​ផល​ទឹក​ដោះ​គោ​ ដែល​ជា​ផលិត​ផល​ជំនួស​ទឹក​ដោះ​ម្ដាយ​នេះ។ ដោយសារ​ការ​ផ្សព្វផ្សាយ​ហ្នឹង​ វា​បំប៉ោង​ខ្លាំង​ពេក ធ្វើ​ឲ្យ​សហគមន៍ ឬ​ម្ដាយៗ​ហ្នឹង​គិត​ថា ទឹក​ដោះ​គោ​ហ្នឹង​មាន​គុណភាព គុណ​តម្លៃ​ ហើយ​និង​សារធាតុ​ចិញ្ចឹម​ហ្នឹង ល្អ​ជាង​ទឹក​ដោះ​ម្ដាយ»

ការ​ផ្សព្វផ្សាយ​ផលិត​​ផល​ម្សៅ​ទឹក​ដោះ​គោ ត្រូវ​បាន​រដ្ឋាភិបាល​ហាម​ឃាត់​ ហើយ​ការ​ចែក​ចាយ​ផលិត​ផល​បែប​នេះ ត្រូវ​បាន​​​កំណត់​ឲ្យ​​ភ្ជាប់​ជាមួយ​សារ «គ្មាន​អ្វី​ប្រសើរ​ជាង​ទឹក​ដោះ​ម្ដាយ» និង​សារ​ព្រមាន​ដទៃ​ទៀត​នៅ​លើ​សំបក​វេច​ខ្ចប់​នៃ​ផលិត​ផល​របស់​ពួកគេ។ នេះ​បើ​តាម​អនុក្រឹត្យ​លេខ ១៣៣ ស្ដី​ពី​ការ​​ផ្សព្វផ្សាយ​លក់​ផលិត​ផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ ចេញ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៥។

មន្ត្រី​​ជាន់​ខ្ពស់​​គោល​នយោបាយ ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក អ្នកស្រី សាំង រ៉ាន្នី បាន​លើក​ឡើង​នៅ​ឯ​សិក្ខាសាលា​នោះ​ដែរ​ថា អង្គការ​​មួយ​នេះ ​បាន​រក​ឃើញ​ផលិត​ផល​ម្សៅ​ទឹក​ដោះជាច្រើន​ប្រភេទ ត្រូវ​បាន​ចែក​ចាយ និង​លក់​បន្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដោយ​មិន​បាន​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​នេះ​នោះ​ឡើយ។

អ្នកស្រី សាំង រ៉ាន្នី បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ក្រុម​អ្នក​តស៊ូ​មតិ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​ឲ្យ​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ដែល​បាន​រំលោភ​លើ​សេចក្ដី​ណែនាំ​នេះ ប៉ុន្តែ អ្នកស្រី​ថា រដ្ឋាភិបាល​ពុំ​បង្ហាញ​ឲ្យ​សាធារណជន​ដឹង​នោះ​ឡើយ។

អ្នកស្រី រ៉ាន្នី ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​បង្កើន​ចំនួន​ទឹក​ប្រាក់​ផាក​ពិន័យ​ទៅ​លើ​ក្រុមហ៊ុន​នាំ​ចូល និង​ចែក​ចាយ​ផលិត​ផល​ម្សៅ​ទឹក​ដោះ​នៅ​កម្ពុជា ​ដោយ​អ្នកស្រី​ចាត់​ទុក​ប្រាក់​ផាក​ពិន័យ​ត្រឹម​តែ ២​លាន​រៀល ​ជា​ចំនួន​តិច​តួច​មិន​អាច​ឲ្យ​ក្រុមហ៊ុន​រាង​ចាល​នោះ​ឡើយ។

អ្នកស្រី សាំង រ៉ានី មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែ យើង​សំណូម​ពរទៅ​ដល់​ខាង​ក្រសួង ប្រសិន​បើ​អាច សូម​ឲ្យ​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ អ្នក​ដែល​ប្រព្រឹត្ត​ខុស​ទៅ​នឹង​អនុក្រឹត្យ​លេខ ១៣៣​ហ្នឹង​ណ៎ា។ ដោយ​សារ​យើង​ឃើញ​ថា ចំនួន​ទឹក​លុយ [ផាក​ពិន័យ] វា​តិច ប៉ុន្តែ​ អ្វី​ដែល​យើង​ចង់​ឲ្យ​គាត់​បញ្ចេញ​ គឺ​ទាក់ទង​នឹង​ឈ្មោះ​បង្ហាញ​ថា គាត់​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស ហើយ​វា​អាច​នឹង​ប៉ះ​ពាល់​ទៅ​ដល់​កេរ្តិ៍​ឈ្មោះ​របស់​គាត់ និយាយ​ទៅ​កេរ្តិ៍​ឈ្មោះ​របស់​គាត់​វា​សំខាន់​ជាង​ចំនួន​ទឹក​ប្រាក់​ហ្នឹង»

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ បាន​ព្រមាន​ចាត់វិធានការ​បន្ថែម​ទៀត​ទៅ​លើ​ក្រុមហ៊ុន​នាំ​ចូល និង​ចែក​ចាយ​លក់​ផលិត​ផល​ម្សៅ​ទឹក​ដោះ ប្រសិន​បើ​ក្រុមហ៊ុន​ទាំង​នោះ ពុំ​នៅ​តែ​បន្ត​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​សេចក្ដី​ណែនាំ​នៅ​ក្នុង​អនុក្រឹត្យ​នេះ។

លោក លី សូវ៉ាន់ មាន​ប្រសាសន៍​ថា​៖ «ហេតុ​ដូច្នេះ ក្រុម​មន្ត្រី​អធិការកិច្ច​បាន​ធ្វើ​ការ​ផាក​ពិន័យ​ក្រុមហ៊ុន​ដែល​មិន​បាន​អនុវត្ត ដោយ​[ពិន័យ] ២​លាន ៥​សែន​រៀល ហើយ​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ បានធ្វើកិច្ច​ព្រម​ព្រៀង​ថា គាត់​នឹង​បញ្ឈប់​​ប្រព្រឹត្ត​នូវ​ការ​ខុស​ឆ្គង​នេះ​ត​ទៅ​ទៀត​ហើយ។ តែ​ទោះបី​ជា​យ៉ាងណា​ក៏​ដោយ ក្រសួង​នឹង​ធ្វើការ​តាម​ដាន​ទៀត ប្រសិន​បើ​ករណី​គាត់​មិន​រាង​ចាល​ទេ យើង​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត ក្នុង​នោះ​មាន​ការ​ផាក​ពិន័យ​ និង​ការងារ​ដែល​ត្រូវ​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​គាត់​បន្ថែម​ទៀត»

របាយការណ៍​ស្រាវ​ជ្រាវ​រួម​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រួម​គ្នា​ដោយ​អង្គការ​ទស្សនៈ​ពិភព​លោក និង​អង្គការ Helen Keller អន្តរជាតិ កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក បាន​រក​ឃើញ​ថា ៩៨​ភាគរយ​នៃ​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ បាន​រំលោភ​លើ​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ដូចជា ពុំ​មាន​សារ​ជា​ភាសា​ខ្មែរ​ពេញ​លេញ ពុំ​មាន​សារ​លើក​កម្ពស់​គុណ​តម្លៃ​ទឹក​ដោះ​ម្ដាយ និង​ពុំ​មាន​សារ​ព្រមាន​ពី​គ្រោះ​ថ្នាក់​នៃ​ដប​បំបៅ​ទឹក​ដោះ​គោ​នោះ​ឡើយ។

របាយការណ៍​អង្គការ​សុខភាព​ពិភព​លោក​កាល​ពី​ឆ្នាំ​មុន បាន​រក​ឃើញ​ថា ការ​បំបៅ​ទារក​ដោយ​ទឹក​ដោះ​គោ បាន​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​ដល់​ទៅ ៣៤១​ពាន់​លាន​ដុល្លារ​នៅ​ទូទាំង​ពិភព​លោក​ក្នុង​មួយ​ឆ្នាំៗ។

អង្គការ​សុខភាព​ពិភព​លោក បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បំបៅ​ទារក​ដោយ​ទឹក​ដោះ​ម្ដាយ អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជាង ៨២​ម៉ឺន​នាក់​ និង​ជួយ​សង្គ្រោះ​ស្ត្រី​ដល់​ទៅ ២​ម៉ឺន​នាក់​ពី​ជំងឺ​មហា​រីក​សុដន់ក្នុង​មួយ​ឆ្នាំៗ។

អង្គការ​មួយ​នេះ បាន​លើក​ឡើង​ទៀត​ថា ការ​បំបៅ​ទារក​ដោយ​ទឹក​ដោះ​ម្ដាយ ក៏​ជួយដល់​ដំណើរ​លូត​លាស់​រាង​កាយ និង​បញ្ញា​របស់​កុមារ ហើយ​វា​ពាក់​ព័ន្ធ​យ៉ាង​ខ្ពស់​ទៅ​នឹង​​លទ្ធផល​សិក្សា និង​សមត្ថភាព​របស់​ក្មេង​នា​ពេល​អនាគត​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ