មន្ត្រីថា កាកសំណល់នាំចូលនៅព្រះសីហនុមិនប៉ះពាល់សុខភាពទេ​

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យសំរាម៨៣កុងទីន័រ ដែលទុកចោល នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩។ រូបភាព៖ ហ្វេសប៊ុក Ministry of Environment

មន្រ្តីជាន់​ខ្ពស់កម្ពុជា លើកឡើងថា ​ កាកសំណល់សំរាមប្លាស្ទីកដែលក្រុមហ៊ុនឈ្មោះ ជុងយៀន ប្លាស្ទីក មេនូហ្វេកឈ័រ ឯក. ដឹកពីបរទេសជាង៨០កុងទឺន័រយកមកចោលនៅក្នុងខេត្តព្រះសីហនុ មិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្សនោះទេ។

ក្នុងសន្និសីទសារព័ត៌មានរួម ស្តីពីកាកសំណល់ប្លាស្ទីកចំនួន៨៣កុងទឺន័រ អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក គុណ ញឹម អះអាងថា កាកសំណល់សំរាមដែលដឹកមកពីបរទេសនោះ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋនិងបរិស្ថាននោះទេ បន្ទាប់ពីមន្ត្រីជំនាញនៅអគ្គនាយកដ្ឋានគយ និងមន្ត្រីក្រសួងបរិស្ថាន បើកការត្រួតពិនិត្យតាមបច្ចេកទេសត្រឹមត្រូវ។

លោកមានប្រសាសន៍ថា«កាកសំណល់ប្លាស្ទីកនេះ ក្រោយពីក្រសួងបរិស្ថាននិងសំណាកទៅធ្វើពិសោធន៍មិនឃើញសារធាតុគ្រោះថ្នាក់ផ្សេងទេ នៅពេលបើកកុងទឺន័រនៅកំពង់ផែនៅក្រុងព្រះសីហនុ អគ្គនាយកដ្ឋានគយក៏បានប្រើឧបករណ៍ដើម្បីស្កេនទំនិញទាំងនោះក៏មិនឃើញមានវិទ្យុសកម្មដែរ​»

នៅពេលអ្នកសារព័ត៌មានសួរថា បើកាកសំណល់សំរាមប្លាស្ទីកនោះ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន ហេតុអ្វីកម្ពុជាមិនយកទៅកែច្នៃ ចាំបាច់បញ្ជាឲ្យក្រុមហ៊ុនដឹកយកទៅប្រទេសដើមវិញធ្វើអ្វី?

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា បានឆ្លើយ​តបនឹងសំនួរនេះថា កាកសំណល់ប្លាស្ទីកនោះ មិនប៉ះពាល់ដល់សុខភាព និងបរិស្ថានប្រាកដមែន ប៉ុន្តែកម្ពុជាគ្មានច្បាប់ឲ្យក្រុមហ៊ុននាំកាកសំណល់សំរាមពីបរទេសចូលទឹកដីកម្ពុជា ដើម្បីធ្វើការកែច្នៃនោះទេ។

យ៉ាងណាក៏ដោយ លោក ភក្ត្រា បានលើកទឹកចិត្តដល់ក្រុមហ៊ុនមួយចំនួន ដែលមានបំណងកែច្នៃសំណល់ប្លាស្ទីកដែល​មានស្រាប់នៅក្នុងប្រទេសកម្ពុជា។

លោកមានប្រសាសន៍ថា«យើងលើកទឹកចិត្តឲ្យមានការកែច្នែនៅសំណល់ប្លាកស្ទីកដែលមាននៅក្នុងស្រុករបស់យើង ពីព្រោះកម្ពុជាកំពុងជួបបញ្ហាប្រឈមជាមួយបញ្ហាប្លាស្ទីកដែរ ការប្រើប្រាស់ប្លាស្ទីកមានការកើនឡើង​ ហេតុនេះក្រសួងបរិស្ថានខិតខំជួយសំរួលដល់ប្រជាពលរដ្ឋ​កែប្រែឥរិយាបទនៃការប្រើប្លាស្ទីក វិចខ្ចប់ចំនីអាហារ មកប្រើប្រាស់កន្ត្រកយួវិញ ដើម្បកាត់បន្ថយកុំឲ្យប៉ះពាល់ដល់បរិស្ថាន​»។

ទោះជាបែបនេះក្តី អគ្គនាយកដ្ឋានគយ និងអ្នកនាំពាក្យក្រសួងបរិស្ថានអះអាងថា រដ្ឋាភិបាលមិនទាន់មានវិធានការបិទក្រុមហ៊ុននោះនៅឡើយ ដោយសារទុកពេលឲ្យម្ចាស់ក្រុមហ៊ុនដឹកកាកសំណល់សំរាមនោះត្រឡប់ទៅប្រទេសដើមវិញ និងទូទាត់លុយដែលត្រូវពិន័យចំនួន ១ ០៣៧ ៥០០ ០០០ (មួយពាន់​សាមសិបប្រាំពីរលានហាសិបម៉ីន)រៀល នៅត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ