តុលាការមណ្ឌលគិរី​ឃុំខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើ២នាក់ពាក់​ព័ន្ធ​នឹង​បទល្មើសព្រៃឈើ

សកម្មភាពកងកម្លាំងអាវុធហត្ថខេត្តរតនគិរីផ្លាញចោលម៉ូតូកែឆ្នៃ (រូបភាពពី ហ្វេសប៊ុក​ GRK News)

តុលាការខេត្តមណ្ឌលគិរី បាន​សម្រេចឃុំខ្លួន​មន្ត្រីរដ្ឋបាលព្រៃឈើ ២នាក់​ក្នុងពន្ធនាគារ និង​ដោះលែងមន្ត្រីបរិស្ថានម្នាក់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្នុងសំណុំរឿងទាក់ទងនឹងបទល្មើសព្រៃឈើ។ នេះបើតាមឱ្យដឹងរបស់ប្រធានរដ្ឋបាលតុលាការខេត្តមណ្ឌលគិរី ដែលបញ្ជាក់ប្រាប់វីអូឌីតាមទូរសព្ទនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។

នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក សារ៉ូ រតនា ​នាយក​សង្កាត់​រដ្ឋបាលព្រៃឈើ​រយ៉ ស្ថិត​ក្នុង​ស្រុក​លំផាត់ លោក ហ៊ុន វណ្ណេ និង​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច​លំផាត់ លោក ហាន សុខន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពីចុង​សប្ដាហ៍​កន្លង​មក​នេះ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ម៉េត ប្រុស បាន​ឲ្យ​ដឹង​ថា ផ្អែកតាមចម្លើយរបស់ជនសង្ស័យ និងភស្តុតាងដែលប្រមូលបាន តុលាការខេត្តមណ្ឌលគិរី រកឃើញថា មន្ត្រីរាជការទាំង ៣​នាក់នេះ សុទ្ធតែជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើដូចគ្នា។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​ទាំង ២​រូប ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្ដល់​ការ​អនុញ្ញាត​​ណាមួយ​ដែល​ផ្ទុយ​ពី​បទ​ប្បញ្ញត្តិ​ស្ដី​ពី​ព្រៃឈើ ខណៈ​ដែល​មន្ត្រី​បរិស្ថាន លោក ហាន សុខន ត្រូវ​បាន​តុលាការចោទពីបទ​ផ្សំគំនិតក្នុងការប្រមូលផលព្រៃឈើខុសច្បាប់ ប៉ុន្តែ ត្រូវ​បាន​ដោះ​លែង​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​តុលាការ។

លោក ម៉េត ប្រុស ប្រាប់​ថា៖ «រឿងហ្នឹងច្រើនណាស់ ខ្ញុំអត់ដឹងថាប៉ុន្មានទេបង។ ព្រោះដីការកោះគេអត់បានបញ្ជូនតាមខ្ញុំទេ គេយកទៅដាក់នៅស្នងការ»

លោក ម៉េត ប្រុស បាន​ឲ្យ​ដឹង​ទៀត​ថា តុលាការខេត្តមណ្ឌលគិរី បានចេញដីកាកោះជាច្រើនទៀតទៅកាន់មន្ត្រីពាក់ព័ន្ធបទល្មើសប៉ុន្តែ លោកបដិសេធ​បញ្ចេញ​ឈ្មោះ​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​នោះ។

បើតាមច្បាប់ព្រៃឈើ​មាត្រា ១០០ មន្ត្រីរាជការទាំងបីរូបនេះ ប្រឈមការជាប់ពន្ធនាគារពី ១ឆ្នាំដល់ ៥ឆ្នាំ និង​ពិន័យជាប្រាក់ពី ១០លានរៀលទៅ ១០០លានរៀល បើសិនជាតុលាការរកឃើញថា មានទោសប្រាកដមែន។

ក្នុងពេលប្រតិបត្តិការទ្រង់ទ្រាយធំ​ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ៣១ ខែកក្កដាកន្លង​មក​នេះ មនុស្ស ៩នាក់​ហើយ​ ត្រូវបានតុលាការខេត្តមណ្ឌលគិរីចោទប្រកាន់ និងដាក់ពន្ធនាគារ ក្នុងនោះមាន​ជនជាតិចិន ៣​នាក់។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី មានប្រសាសន៍ថា អង្គភាពជំនាញកំពុងស៊ើបអង្កេតករណីក្រុមហ៊ុនចំនួន ៥ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ប៉ុន្តែ លោកមិនទាន់អាចបង្ហាញលទ្ធផលស៊ើបអង្កេតនេះ​បាន​នៅឡើយ​ទេ។

លោក អេង ហ៊ី ប្រាប់​ថា៖ «យើងកំពុងបន្តស្រាវជ្រាវ យើងមិនទាន់បូកសរុបរបាយការណ៍នៅឡើយទេ»

ទាក់ទងនឹងបញ្ហានេះ ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា  កាលពីថ្ងៃទី១៨ កក្កដា ព្រមានចាត់វិធានាការលើគ្រប់បុគ្គល ដែលអាងខ្សែរយៈ ដើម្បីប្រព្រឹត្តិបទល្មើសព្រៃឈើ ឬ​គ្រប់មន្ត្រីអាវុធហត្ថ ឬ​មន្ត្រីរដ្ឋាភិបាលណា ដែលផ្សំគំនិតបង្កើតឱ្យមានការបំផ្លាញព្រៃឈើ។ លោក សៅ សុខា ថែមទាំងប្រកាសថា សុខចិត្តដាច់ក្បាលក៏ដោយ ក៏ត្រូវតែប្រយុទ្ធនឹងឧក្រិដ្ឋកម្មព្រៃឈើឱ្យបានជាដាច់ខាត។

ទោះជាបែបណាក្ដី មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​មូលដ្ឋាន​នៃ​សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ស្ថានភាពជំនួញឈើ បានស្ងប់ស្ងាត់នៅពេលដែលមានយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំៗម្ដងៗ តែក្រុមឈ្មួញឈើគ្រាន់តែសម្ងំមួយរយៈប៉ុណ្ណោះ។លោកបន្តថា គណៈកម្មការពិសេសមួយនេះ ត្រូវតែស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងបទល្មើសមកផ្តន្ទាទោសឱ្យបាន ដើមរក្សាព្រៃឈើដែលនៅសេសសល់ឱ្យបានគង់វង្ស។ អាជ្ញាធរខេត្តសាម៉ីវិញ ត្រូវតែជាអ្នកទទួលខុសត្រូវធំ ក្នុងមុខនាទីរបស់ខ្លួនជុំវិញដឹកនាំបង្ក្រាបឧក្រិដ្ឋកម្មព្រៃឈើ។

លោក ប៉ែន ប៊ុណ្ណារ៍ ប្រាប់​ថា៖ «យើងគិតថា មិនចាំបាច់គណៈកម្មការជាតិយូរៗម្ដងចុះទៅធ្វើទេ។ យើងមានគណៈអភិបាលខេត្តដែលជាសមាជិកគណៈកម្មការជាតិចុះទៅធ្វើក៏បានដែរ គាត់មានមន្ត្រីនគរបាលយុត្តិធម៌អាចប្រើចុះធ្វើបាន។ អាហ្នឹងហើយបានបង្កើតការ សង្ស័យថាជំនួញឈើ ឬបទល្មើសព្រៃឈើប្រព្រឹត្តិទៅបានដោយសារអំពើពុករលួយជាប្រព័ន្ធ»

របាយការណ៍របស់​ក្រុម​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​របស់​រដ្ឋាភិបាល បង្ហាញថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំទូទាំងប្រទេសតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះ មនុស្ស ៣៣នាក់ត្រូវបានចាប់ខ្លួន ហើយយានយន្តជាមធ្យោបាយដឹក​ជញ្ជូនព្រៃឈើ​ជាង ១៥០គ្រឿង ត្រូវបានកម្ទេចចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ