ខុសឬត្រូវដែលពលរដ្ឋហុងកុងទាមទារសេរីភាពមិនខ្លាចបាត់សេដ្ឋកិច្ច?

ចលនាតវ៉ានៅហុងកុងចាប់ផ្តើមខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជាមានការបង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់ក៏ដោយ ដែលធ្វើឱ្យរាំងស្ទះដល់វិស័យការងារជាច្រើននៅដែនដីជាមជ្ឈ មណ្ឌលពាណិជ្ជកម្មរបស់ពិភពលោកមួយនេះ។

ចាប់តាំងពីដើមខែមិថុនាមក ការតវ៉ានៅដែនដីហុងកុងកើតឡើងជាបន្តបន្ទាប់ ទាំងថ្ងៃទាំងយប់ ស្ទើរគ្រប់កន្លែងក្នុងដែនដីនេះទាំងកន្លែងសាធារណៈ និងកន្លែងឯកជន។​

ចលនានៅហុងកុងនេះមិនមែនជាចលនាដែលកើតដោយហិង្សាពីមនុស្សមួយក្រុមតូចឬ ក្រុមជ្រុលនិយមនោះទេគឺចលនាហាក់កើតឡើងព្រមៗគ្នាពីក្រុមមនុស្សគ្រប់ស្រទាប់។ ក្រុមអ្នកតវ៉ាមាន ​ក្រុមមេធាវី ក្រុមនិស្សិត អ្នកជំនួញធំៗ អ្នកនយោបាយ ស្រ្តីជាម្តាយតវ៉ាគាំទ្រសកម្មភាពកូនៗ និង ចុងក្រោយនេះកាលពីចុងសប្តាហ៍មុនក៏មានមន្ត្រីរាជការតាមស្ថានប័នរដ្ឋចូលរួមបាតុកម្មដែរ។​

ដើមហេតុដំបូងគ្រាន់តែតវ៉ាទាមទារឱ្យលុបចោលសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័ន ប៉ុន្តែដោយសារមេដឹកនាំដែនដីនេះលោកស្រី ការី ឡាម ថ្លែងការពារច្បាប់នោះ ទើបធ្វើឱ្យគោលបំណងបន្ទាប់នៃការតវ៉ារបស់ពួកគេគឺទាមទារឱ្យលោកស្រី ឡាម​ ចុះចេញពីតំណែង។

បាតុករចោទថា លោកស្រីការី ឡាម ជាមេដឹកនាំដែលតែងតាំងដោយចិនប៉េកាំង កំពុងបម្រើការងារឱ្យផលប្រយោជន៍ចិន ហើយធ្វើសេរីភាពពួកគេកាន់តែរួមតួច មិនដូចកិច្ចព្រមព្រៀងធ្វើឡើងរវារដ្ឋអំណាចចិននិងអង់គ្លេសកាលពីឆ្នាំ១៩៩៧ ស្តីពីប្រទេសមួយប្រព័ន្ធដឹកនាំពីរនោះទេ។​

ច្បាប់ធ្វើបត្យាប័ននោះពលរដ្ឋហុងកុងមិនទទួលយកដោយសារពួកគេមិនទុកចិត្តប្រព័ន្ធយុត្តិធម៌ស្ថិតនៅក្រោមអំណាចទីក្រុងប៉េកាំងនោះទេ។​​

ក្នុងអំឡុងពេលនៃការតវ៉ានេះ បានធ្វើឱ្យប៉ះពាល់ច្រើនដល់ដំណើរការ ការងារនៅទីនោះដូចជា ការបិទផ្លូវ ការឡោមព័ទ្ធអគារនានារបស់រដ្ឋរួមទាំងសភា និងអគ្គស្នងការដ្ឋាននគរបាលជាដើម។

កាលពីថ្ងៃចន្ទម្សិលមិញ ផ្លូវលើដីចំនួន១៥កន្លែង និងផ្លូវក្រោមដីចំនួន៣ត្រូវបិទ ផ្លូវរថភ្លើងចំនួន៨កន្លែងរងឥទ្ធិពល ចំណែកជើងហោះហើរចំនួនជាង២០០ត្រូវផ្អាកទាំងស្រុង។ គិតត្រឹមថ្ងៃចន្ទម្សិលមិញបាតុករជាង២៤០នាក់ ត្រូវបានចាប់ខ្លួន។​

តើវាជាកំហុងឆ្គងដែរឬទេ ដែលពលរដ្ឋហុងកុងកំពុងតែធ្វើសកម្មភាពពេលនេះ?

មើលទៅក្រុមអ្នកតវ៉ាប្រហែលមិនស្តាយក្រោយ ឬ គិតថាជាកំហុសទេ ដោយពួកគេគិតថា ជាជាការលះបង់ដើម្បីជាតិ ដើម្បីមនុស្សជំនាន់ក្រោយទៅវិញ។​

ស្ត្រីតំណាងក្រុមហ៊ុនម្នាក់ថ្លែងកាលពីខែមិថុនាថា « នៅពេលអ្នកខ្លះនិយាយថា ការតវ៉ាមិនមានប្រយោជន៍ រដ្ឋាភិបាលមិនស្តាប់យើងទេ។ ខ្ញុំមានអារម្មណ៍ថា បើយើងមិនធ្វើអ្វីទាំងអស់នៅពេលនេះ យើងនឹងជួបរឿងសោកសង្រេងនៅថ្ងៃអនាគត។ បើមិនធ្វើនៅពេលនេះ តើពេលណាទើបធ្វើ?» ស្ត្រីម្ចាស់ក្រុមហ៊ុនម្នាក់និយាយក្នុងលក្ខខណ្ឌមិនបង្ហាញអត្តសញ្ញាណ។

ក្រោយពេលមានបាតុកម្មទ្រង់ទ្រាយធំដែលមានអ្នកចូលរួមជាង២លាននាក់កាលពីខែកក្កដា ក្រុមស្ត្រីជាម្តាយរាប់ពាន់នាក់ចេញមុខប្រមូលផ្តុំគ្នាបញ្ជាក់ជំហរគាំទ្រកូនៗរបស់ពួកគេថា ជាទង្វើត្រឹមត្រូវ។​

ក្តីកង្វល់របស់ពលរដ្ឋហុងកុង លើសពីប្រព័ន្ធយុត្តិធម៌ និងសិទ្ធិសេរីភាពរួមតួចនៅពេលនេះគឺចិនប្រើរបបកុម្មុនីស្តគ្រប់គ្រងពួកគេ ហើយត្រូវផ្លាស់ប្តូរស្ទើរទាំងស្រុងពីអ្វីដែលពួកគាត់ធ្លាប់មាននៅពេលនេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ