ពលករ​​ខ្មែរ​៨៥​នាក់​ត្រូវ​តម្រួត​ថៃ​ចាប់​ដាក់​ឃុំ​៣​ខែ​​​ហើយ​នៅ​មិន​ទាន់​ដោះ​លែង

រូបភាពឯកសារ៖ ពលករខ្មែរ ត្រូវថៃបញ្ជូនមកកម្ពុជាវិញ

ប្រជាពលរដ្ឋជាច្រើននាក់នៅខេត្តបន្ទាយមានជ័យ ស្នើសុំអន្តរាគមន៍ពី​រាជ​រដ្ឋាភិបាល​​ឱ្យចចារជាមួយភាគីថៃដើម្បីបាន​ដោះលែងសាច់​ញាតិ​របស់​ខ្លួនដែល​កំពុងជាប់គុក​នៅស្រុកថៃ។ សំណើរ​សុំ​ជំនួយនេះ ធ្វើឡើង​បន្ទាប់ពីអាជ្ញាធរថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ ៨៥​នាក់​ដាក់​ពន្ធនាគារ​តាំង​ពី​ខែ​មេសាមក។

​ក្រុម​ប្រជា​ពលរដ្ឋ​ទាំងនោះ កំពុង​បារម្ភពីសុខភាពរបស់កូនចៅ​ដែលកំពុង​ជាប់គុក និងដង្ហោយសុំជំនួយពី​ភាគី​ពាក់​ព័ន្ធឱ្យដោះលែងកូនចៅគាត់។ ក្រុមប្រជាពលរដ្ឋទាំងនោះបានដាក់ពាក្យស្នើសុំជំនួយពីអង្គការសង្គម​ស៊ីវិល​នៅ​ខេត្តបន្ទាយមានជ័យ ដើម្បី​លើក​សំណើ​បន្ត​ទៅ​កាន់​មន្ត្រី​រាជ​រដ្ឋាភិបាល។

ប្រជាពលរដ្ឋរស់នៅភូមិឃ្ជាយ ឃុំតាគង់ស្រុកម៉ាឡៃ លោក គង់ សុផាត ប្រាប់ ថា កូនរបស់គាត់២នាក់ប្ដីប្រពន្ធ​កំពុងជាប់​គុកនៅ​ខេត្តស្រះកែវ ហើយអ្នក​ជិត​ខាង ២នាក់ទៀតក៏ជាប់គុកជាមួយគ្នាដែរ។

លោកបន្តថា ក្រុមគ្រួសាររបស់​គាត់​កំពុង​បារម្ភចំពោះ​ស្ថានភាព​សុខភាព​របស់​កូនៗ​ជា​ខ្លាំង​ ខណៈដែលជីវភាពក៏​កាន់​តែយ៉ាប់យ៉ឺនទៀត។ លោកបញ្ជាក់ថា ​ពួកគាត់ត្រូវផ្ញើលុយឱ្យកូ​នចាយ​ក្នុង​គុក និងសង​បំណុលជំនួសកូនផង​។

លោក គង់ សុផាត៖ «កូនខ្ញុំពីរនាក់​ប្ដីប្រពន្ធ​ហ្នឹង ខ្ចីលុយមីក្រូហិរញ្ញវត្ថុ​បាន១ម៉ឺន(បាត) ទៅ ៥ពាន់(បាត)​ធ្វើសោ​ហ៊ុយតែទៅ​មិនទាន់ដល់​ផងតម្រួត​ចាប់ខ្លូនបាត់ទៅ។​បងប្អូនខ្ញុំសាច់ញាតិ​អ្នកជាប់គុក​ហ្នឹង​ថូ​(ទូរស័ព្ទ)​ទៅ​ស្ថានទូត​កាល​ជាប់​គុក​បាន ២ខែ​តែ​ទូត​អត់​លើក​សោះ។ ពាក្យ​សម្ដី​ដ៏​ស្មោះត្រង់​របស់ខ្ញុំ គឺសូមអំពាវនាវឱ្យស្ថានទូតជួយផង ព្រោះគ្នាទៅខ្ចីលុយមីក្រូហិរញ្ញវត្ថុទៅទេគ្នាសុទ្ធតែអ្នកក្រ»

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តបន្ទាយមានជ័យ អ្នកស្រី ប៊ិន សុភណ្ឌ ឱ្យដឹងថា អ្នកស្រីមិនទាន់ទទួលព័ត៌មាន​ពី​អាសយដ្ឋាន​ច្បាស់​លាស់​របស់​ពលរដ្ឋខ្មែរ​ទាំង ៨៥នាក់នៅឡើយ។ ប៉ុន្តែ អាដហុកបានទទួលពាក្យ​សុំជំនួយ​​ពីសាច់ញាតិរបស់អ្នកជាប់គុកសរុប ២៦នាក់។ ​ក្នុងនោះ ស្រុកម៉ាឡៃ ៤នាក់ ​និង​ស្រុកថ្មពួក ៨នាក់  ស្រុក​ព្រះនេត្រ​ព្រះ ១៤នាក់។​ អ្នកស្រីបន្តថា អ្នកជាប់​គុក​នោះ ក៏មាន​អ្នក​នៅ​ខេត្ត​ផ្សេងក្រៅ​ពី​បន្ទាយមានជ័យដែរ ហើយថែមទាំងមានកុមារទៀតផង ។

អ្នកស្រី ប៊ិន សុភណ្ឌ ប្រាប់​ថា៖ «មាន១៣ឆ្នាំម្នាក់ ១៤ឆ្នាំ៣នាក់ និងកុមារអាយុ៥ឆ្នាំម្នាក់។​ឪពុក​ម្ដាយ​គាត់​ធ្វើការ​នៅ​ថៃ​រួច​ហើយ​ធ្វើការ​ស្របច្បាប់ សាច់ញាតិនេះឡើង​ទៅ​ធ្វើការក្រោយ ទើបគាត់ថាយកក្មេងទៅប្រគល់​ឱ្យម៉ែឪគេតែមិនទាន់​ដល់​ផងគេ​ចាប់។ ពួកគាត់​រាយការណ៍​មកថា គាត់​ចេញតាមច្រកចម្ការគរ​(ច្រករបៀង​ម្តុំ​ប៉ោយប៉ែត) ក្នុងនោះក៏មានអ្នកមកពីខេត្តផ្សេងដែរ។ មេខ្យល់យកឡានហុកឡ​ធំដឹកពួកគាត់»

ហេតុការណ៍ចាប់ខ្លួនពលរដ្ឋទាំង៨៥នាក់ កើតឡើងតាំងពីថ្ងៃទី២៦ខែមេសា។ សាច់ញាតិរបស់ពលករមួយចំនួនរៀបរាប់ថា នៅថ្ងៃកើត​ហេតុ តម្រូតថៃ​បាន​ចាប់រថយន្តដែលដឹកពលរដ្ឋខ្មែរចំនួន៩០នាក់ ក្នុងនោះមនុស្ស៥នាក់​ដែល​មានឯកសារស្របច្បាប់ត្រូវដោះលែង ហើយ​មនុស្ស ៨៥នាក់ ត្រូវចាប់​យកទៅ​ដាក់ឃុំអគ្គនាយកដ្ឋានត្រួតពិនិត្យពលករខុសច្បាប់នាទីក្រុងបាងកកឬហៅ​ថាសួនភ្លូ។

អ្នកទាំង៨៥នាក់ជាប់គុកបាន​២ខែក៏ត្រូវប៉ូលីស​ថ្ងៃ​បំបែកគ្នា ដោយយក៦៥នាក់មកដាក់គុកនៅអារញ្ញ ខេត្តស្រះកែវ និង២០នាក់​ជាប់​នៅសួន​ភ្លូដដែល។

អភិបាលរងខេត្តបន្ទាយមានជ័យ អ្នកស្រី ប៉ុក ម៉ាឌី មានប្រសាសន៍ថា ​អ្នកស្រី​កំពុងប្រមូលព័ត៌មានពីរឿងនេះនៅឡើយ។

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សាផាន់​ មានប្រសាសន៍ថា ស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក​បាន​ទាក់ទង​ទៅ​កាន់​ភាគីថៃរួចហើយ ដើម្បីដោះស្រាយពីរឿងនេះ ប៉ុន្តែ នៅរង់ចាំចម្លើយនៅឡើយ។

កេត សាសាផាន់៖ «ខ្ញុំមិនទាន់ទទួលបានព័ត៌មាន​បន្ថែមទៀតទេបើមាន​ចាំខ្ញុំ​ជម្រាបជូន»

ទោះជាបែបណាក្ដី អង្គភាពអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់អ្នក​កាសែត​ក្នុងស្រុកថា ទូត​កម្ពុជាប្រចាំ​ប្រទេស​ថៃបា​ន​ធ្វើ​លិខិត​ជា​ផ្លូវការ​ស្នើឲ្យ​អាជ្ញា​ធរ​ថៃ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ ៨៥​​នាក់ កាល​ពី​ថ្ងៃទី​​៥ ខែ​​​សីហា។​ ប៉ុន្តែ ប្រធា​ន​ពន្ធ​នា​គារ​​សួនភ្លូ​ ប្រាប់ទូតខ្មែរនៅថៃថា ​ជា​ករណី​សង្ស័យ​រឿង​ជួញ​ដូរ​មនុស្ស​។

មន្ត្រីជាន់ខ្ពស់ផ្នែកពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករខ្មែរ​ដែល​ចំណាក​ស្រុក​មិន​ស្រប​ច្បាប់​​ទៅ​ប្រទេស​ថៃប្រឈម​ខ្លាំង​នឹង​ការរំលោភ​បំពានសិទ្ធិការងារ  ការកេងប្រវ័ញ្ចកម្លាំង​ពលកម្ម​។ល។ លោកបញ្ជាក់ថា នៅ​ពេល​ដែល​អាជ្ញាធរ​ថៃចាប់ខ្លួនពលករខ្មែរម្ដងៗ​

ពលករទាំងនោះពិបាកស្វែងរកអន្តរាគមន៍ពីសំណាក់អាជ្ញាកម្ពុជាណាស់ ហើយ​យន្តការ​ដោះស្រាយ​បញ្ហា​ទាំងនោះ នៅយឺត​យ៉ាវមិន​ទាន់​សភាពការ​ណ៍ជាក់ស្តែងឡើយ។

របាយការណ៍របស់ក្រសួងការងារបញ្ជាក់ថា ពលករខ្មែរចំនួនជាង ១លាន ១​សែន​នាក់ កំពុងធ្វើការនៅប្រទេសថៃ ក្នុង​នោះ​ក្រសួង​មិន​បាន​បង្ហាញ​​ពីតួលេខនៃអ្នក​ធ្វើការខុសច្បាប់នៅទីនោះឡើយ។ ប៉ុន្តែ អង្គការសង្គមស៊ីវិលរកឃើញ​ពលករខ្មែរ​ប្រមាណជិត ២លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ