ជំនន់ទឹកភ្លៀងបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់នៅព្រះសីហនុ

កងរាជអាវុធហត្ថខេត្តព្រះសីហនុកំពុងជម្លៀសប្រជាពលរដ្ឋេញពីលំនៅដ្ឋានដែលរងការលិចលង់ នៅថ្ងៃទី ០៩ ខែសីហា ២០១៩ នៅក្រុងព្រះសីហនុ(រូបភាពពី កងរាជអាវុធហត្ថខេត្តព្រះសីហនុ)

ជំនន់ទឹកភ្លៀងពីរថ្ងៃជាប់គ្នានៅក្នុងខេត្តព្រះសីហនុបានបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ ខណៈទឹកស្អាត និងអគ្គិសនីត្រូវកាត់ផ្តាច់។​

រដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថា ក្រុងព្រះសីហនុរងការលិចលង់ ខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខេត្ត។ កម្លាំងជំនន់ទឹកភ្លៀងនេះបណ្ដាលឱ្យ រលំរបងថ្មសង្កត់កម្មករសំណង់២នាក់ប្ដីប្រពន្ធស្លាប់។ កម្មករ២នាក់នោះ  ធ្វើរោងស្នាក់នៅជាប់របងផ្ទះធ្វើពីថ្មរៀបឥដ្ឋ ស្ថិតក្នុងក្រុមទី២១ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។ ករណីមួយផ្សេងទៀត នៅចំណុចរោងចក្រផលិតឥដ្ឋ ស្ថិតក្នុង ស្រុកព្រៃនប់ មានជនជាតិចិនម្នាក់ស្លាប់ដោយសារបាក់សំណង់សង្កត់លើដែរ ។

លោកគួច ចំរើន​អភិបាលខេត្តបានបញ្ជាក់ថា ហេតុការណ៍ជំនន់ទឹកភ្លៀងនេះ បានបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួននៅសង្កាត់លេខ១ សង្កាត់លេខ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ចំពោះក្រុមហ៊ុនអានកូ ដែលជាអ្នកផ្គត់ផ្គង់ទឹកស្អាត នៅក្រុងព្រះសីហនុ នៅថ្ងៃនេះ បានចេញសេចក្ដីជូនដំណឹងបន្ទាន់មួយយ៉ាងដូច្នេះថា «ដំណឹងបន្ទាន់ ដោយសារតែជំនន់ទឹកភ្លៀងនៅតែបន្តធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ធ្វើឱ្យទឹកនៅទំនប់ក្បាលឆាយ មានការកើនឡើងជាគំហុក ហើយបានហូរច្រោះដាច់ផ្លូវ និងដួលរលំបង្គោលភ្លើងបណ្ដាលឱ្យដាច់ចរន្តអគ្គិនី ជាហេតុធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកនៅក្រុងព្រះសីហនុទាំងមូល។ ហេតុដូច្នេះសេវាទឹកស្អាត​ក្នុងក្រុងទឹក​អស់ត្រូវកាត់ផ្ដាច់។»

អភិបាលខេត្តព្រះសីហនុលោកគួច ចំរើន លោកបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា អគ្គិសនីនៅក្នុងខេត្ត ត្រូវបានផ្អាកការផ្គត់ផ្គង់ បណ្ដោះអាសន្ន ដោយសារខ្យល់ព្យុះ ភ្លៀងខ្លាំង និងទឹកភ្លៀងហូរច្រោះធ្វើឱ្យទ្រេតបង្គោលភ្លើង។

លោកគួច ចំរើនបានដើម្បីចុះពិនិត្យស្ថានភាពទូទៅនៃជំនន់ភ្លៀងក្នុង  ក្រុងព្រះសីហនុ។ លោកបានដើរទៅតាមទីតាំងនានាដែលមានទឹកលិច នៅក្នុងព្រះសីហនុ ។

លោក ថ្លែងទៅកាន់ពលរដ្ឋថា ការងារដោះ ស្រាយបញ្ហាទឹកលិចនេះ ត្រូវធ្វើយ៉ាងហោចណាស់១រដូវវស្សារទើបរួចរាល់។

លោកគួច ចំរើន ៖ បញ្ហានេះត្រូវដោះស្រាយ តាមដំណាក់ត្រូវការលុយ ផង ត្រូវការ ពេលផង យើងមានទៅចេះជប់ឯណា អ៊ីចឹងត្រូវធ្វើការជាក់ស្ដែង។

រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា អាជ្ញាធរខេត្តកំពុងបូកសរុបប្រមូលទិន្នន័យពីផលប៉ះពាល់ដែលបណ្ដាលមកពីទឹកជំនន់ភ្លៀងនេះ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោកធាង ណារ៉ុង មានប្រសាសន៍ថា ជំនន់ភ្លៀងធំបែបនេះ គឺមិនធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រក្រុងព្រះសីហនុ។លោកបន្តថា ជំនន់ភ្លៀងគ្របដណ្ដប់ខ្លាំងលើសង្កាត់លេខបួនក្នុងក្រុង ព្រមទាំងតំបន់នៅកៀកនឹងប្រព័ន្ធបង្ហូរទឹកមួយចំនួនទៀត ហើយអាជ្ញាធរខេត្តកំពុងចាត់វិធានការបន្ទាន់ដើម្បីរំដោះទឹកចេញពីដងផ្លូវនានាដែលរងការលិចលង់។

លោកធាង ណារ៉ុង៖ បើធៀបទៅនឹងឆ្នាំមុនយើងមានស្ថានភាពខ្លាំងជាងដោយសារភ្លៀងជាប់ៗគ្នា ភ្លៀងផងបូកខ្យល់កន្ទ្រាក់ផង។យើងរងផលប៉ះពាល់ធ្ងន់។មួយទៀតសកម្មភាពនៃការសាងសង់ក៏មានការចាក់បំពេញដីនៅជុំវិញហ្នឹងនាំឱ្យប៉ះពាល់ដែលធ្វើឱ្យចរន្តទឹកហូរមិនទាន់។យើងកំពុងធ្វើការនេះជាបន្ទាន់ពេលនេះកំពុងភ្លៀងខ្លាំង។

អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម លោក ចាន់ យុត្ថា មានប្រសាសន៍ថា ភ្លៀងនឹងបន្តធ្លាក់ថែមទៀតនៅខេត្តព្រះសីហនុ ដែលនាំឱ្យខេត្តនេះបន្តលិចលង់។ លោកបញ្ជាក់ថា ចំនួនទឹកភ្លៀងនេះច្រើនខ្លាំងច្រើនជាងពេលណាៗទាំងអស់ក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ។

ចាន់ យុត្ថា៖ ខ្ញុំនិយាយតែថ្ងៃ៨ឆ្លងចូលថ្ងៃ៩នេះទេ ២៤ម៉ោងនេះ២៧០មីលីម៉ែត្រ នេះជាបរិមាណទឹកភ្លៀងគុណនឹង២ជាងហើយដែលយើងកម្រនឹងជួបក្នុងរយៈពេលទៅ៣០ឆ្នាំមកនេះយើងមិនដែលជួបទេ។

ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ លោក ហ៊ើយ សាលីម លើកឡើងថា ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុលំបាកខ្លាំងបន្ទាប់ពីទឹកជន់នេះ អ្នកខ្លះត្រូវទឹកហូរចូលផ្ទះ អ្នកខ្លះទៀតត្រូវបង្ខំចិត្តធ្វើដំណើរឆ្ងាយដោយវាងផ្លូវដែលលិចជាដើម។ លោកបន្តថា ទឹកលិចខ្លាំងគឺនៅម្ដុំភូមិបួនសង្កាត់បួនក្រុងព្រះសីហនុ ។

ហ៊ើយ សាលីម៖ ល្ងាចម៉ិញខ្លាំងជាងគេនៅម្លប់តាប៉ាងហ្នឹងលិចខ្លាំងដល់២ម៉ែត្រជាង២ម៉ែត្រកន្លះ។កន្លែងទំនាបហ្នឹងកន្លែងហ្នឹងចាក់ដីអស់អត់មានទឹកហូរទេ។ខ្ញុំថាលិចគឺទី១ចាក់ដីលក់អ៊ីចឹងអត់មានផ្លូវទឹកហូរ តំបន់ខ្លះអូរសម្រាប់ទឹកហូរដល់ពេលចាក់ដីលុបអស់ទៅធ្វើអគារអត់ព្រមធ្វើលូនាំឱ្យលិចទៅ។ ខ្ញុំមករស់នៅហ្នឹងជាង១០ឆ្នាំហើយអត់ដែលលិចបែបនេះទេ។

ជំនន់ភ្លៀងក៏បានកាត់ផ្ដាច់ចរាចរណ៍ ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រផ្លូវ១៧២-១៧៣ កំពុងរងការជន់លិចប្រមាណ៣០០-៥០០ម៉ែត្រ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សាលាខេត្ត ដែលអំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ជៀសទៅផ្លូវផ្សេង។

ទឹកជំនន់ភ្លៀងនៅខេត្តព្រះសីហនុនេះ បាននាំឱ្យសមត្ថកិច្ចខេត្តព្រះសីហនុជម្លៀសប្រជាពលរដ្ឋមួយចំនួនចេញពីលំនៅឋានទៀតផង។ទោះជាយ៉ាងណាមិនទាន់មានរបាយការណ៍ពីចំនួនគ្រួសារពលរដ្ឋដែលត្រូវជម្លៀសចេញពីលំនៅឋាននៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ