វិភាគ៖ តើចាប់ខ្លួនលោក សម រង្ស៊ី បញ្ចប់បញ្ហានៅកម្ពុជាឬ?

លោក ហ៊ុន សែន និងលោក សម រង្ស៊ី

ជម្លោះនយោបាយនៅកម្ពុជា បានឈានដល់កម្រិត​មួយ​ដែលមេដឹកនាំនយោបាយខ្មែរលែងនិយាយគ្នាបាន​ក្នុងរយៈជិត ២ឆ្នាំ​ចុង​ក្រោយមក​នេះ។

ស្ថានភាព​ជាប់​គាំង​បែប​នេះ ធ្វើឱ្យកម្ពុជាប្រឈមកាន់តែខ្លាំង​ទៅនឹងវិធានការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម​ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រួមទាំងវិធានការផ្សេងៗទៀត ដែលគេបារម្ភថា នឹងប៉ះពាល់ដល់មន្ត្រីកំពូលៗ និងឧកញ៉ាមួយចំនួនដែលស្និតនឹងនាយករដ្ឋមន្ត្រីផងដែរ។

សភាអាមេរិក បានអនុម័តរួចហើយ​កាលពីខែមុនលើសេចក្ដីស្នើច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជា ( HR ៥២៦) ដែលច្បាប់នោះ បើកផ្លូវឱ្យរដ្ឋាភិបាលអាមេរិក អាចបង្កកទ្រព្យសម្បត្តិ និងដាក់ទណ្ឌកម្មទិដ្ឋាការ​លើ​មន្ត្រីកម្ពុជាណា ដែលអាមេរិកយល់ថា ពួកគេបានចូលរួមធ្វើឱ្យខូចប្រជាធិបតេយ្យ។

ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មវិញ ក៏ជាផ្នែកមួយទៀត ដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប យកធ្វើជាសម្ពាធ​ទាមទារទៅរដ្ឋាភិបាលកម្ពុជា ឱ្យស្តារប្រជាធិបតេយ្យ តាមរយៈទាមទារឱ្យដោះលែងលោក កឹម សុខា និងឱ្យអតីតគណបក្សប្រឆាំង ដែលរំលាយទៅហើយនោះ បានដំណើរការឡើងវិញដោយគ្មានលក្ខខណ្ឌ។

របាយការណ៍របស់ក្រុមអ្នកបញ្ជាទិញបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាបាននាំទំនិញទៅលក់នៅទីផ្សារអឺរ៉ុប និងអាមេរិក តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP និងប្រព័ន្ធអនុគ្រោះពន្ធ EBA មានទំហំទឹកប្រាក់សរុប ៨,៥ពាន់លានដុល្លារ ស្មើនឹង ៨៣ភាគរយនៃផលទុនសរុប (GDP) របស់កម្ពុជា។

ជ្រុងមួយនៃបញ្ហានេះ  យើងកត់សម្គាល់ថា ចំពេលដែលអ្នកនយោហបាយមិនទាន់វិលទៅរកតុចរចា ដើម្បីស្វែងរកដំណោះស្រាយនយោបាយនៅឡើយនោះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនាឆ្នាំនេះ បានចេញដីកាបញ្ជូនទៅប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្គាប់ឱ្យចាប់ខ្លួន​លោក សម រង្ស៊ី និងមន្ត្រីស្និទ្ធ ៧រូបទៀត ដែលំពុងនិរទេសខ្លួនដូចគ្នា ដោយ​ចោទថា រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ដីកាចោទប្រកាន់នេះ​កើត​ឡើង​ក្រោយពីលោក សម រង្ស៊ី ដឹកនាំកិច្ចប្រជុំនៅទីក្រុងឡូវែល (Lowell) នៃរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក ដែលកិច្ចប្រជុំនោះប្រកាសពីយុទ្ធសាស្ត្រ​វិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់កម្ពុជា​ទាំងគ្មានការបើកផ្លូវពីលោក ហ៊ុន សែន ដូចពេលមុនៗ។

១ខែក្រោយមក ក្នុងពីធីមួ​យ​នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាផ្ទាល់មាត់ទៅកងកម្លាំង​ឱ្យកម្ទេចក្រុមប្រឆាំងមិនឱ្យងើបរួច ដោយប្រើពាក្យថា «ងើបមួយវាយមួយ»

ក្នុងពិធី​នោះ លោក ហ៊ុន សែន ព្រមានបន្ថែមថា សមត្ថកិច្ចបានត្រៀមខ្នោះ សម្រាប់ស្វាគមន៍ ដំណើរវិលត្រឡប់របស់ លោក សម  រង្ស៊ី មកកម្ពុជាលើកនេះ នូវអ្វីដែលលោកថា ដើម្បីអនុវត្តដីកាបង្គាប់ របស់តុលាការ។

លោក សម រង្ស៊ី វិញ ថ្វីត្បិតតែកំពុងនិរទេសខ្លួន តែបានផ្ញើសារញឹកញាប់ថា លោក​នឹងចូលកម្ពុជាវិញឆាប់ៗ ដើម្បីកៀរគរមហាជន​ចាប់ខ្លួនលោក ហ៊ុន សែន យកទៅកាត់ទោស ដោយថា ដើម្បីសង្គ្រោះប្រជាធិបតេយ្យ​នៅ​កម្ពុជា។

នៅចុងសប្តាហ៍នេះ  មន្ត្រីជាន់ខ្ពស់នៃកងម្លាំងប្រដាប់អាវុធ មានអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន និងមេបញ្ជាការកងទ័ពគ្រប់អង្គភាព មេ​នគរបាល បានជួបប្រជុំបិទ​ទ្វារ​នៅក្រសួងមហាផ្ទៃ។

គេហទំព័រអគ្គស្នងការចុះផ្សាយថា កិច្ចប្រជុំបិទទ្វារនោះ ថ្នាក់ដឹកនាំបានដាក់ផែនការ ដើម្បីប្រតិបត្តិការអនុវត្តតាមដីការបស់តុលាការចាប់ខ្លួនក្រុមប្រឆាំង ពេលមកដល់កម្ពុជា។ សំណួរត្រង់ថា ការចាប់ខ្លួនលោក សម រង្ស៊ី បញ្ចប់បញ្ហានៅកម្ពុជាឬ?

អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ការចាប់ខ្លួន លោក សម រង្ស៊ី ជាមេបក្សប្រឆាំងធំ មិនមែនជាការបញ្ចប់បញ្ហានៅកម្ពុជាទេ។ តែផ្ទុយទៅវិញ វាបានបង្កើនបន្ទុកបញ្ហាកាន់តែធំ  ព្រោះវិធានការនេះ វាបានដើរបញ្ច្រាសទិសនៃគោលការណ៍ដំណោះស្រាយសកល ដែលគេតម្រូវឱ្យទម្លុះទម្លាយដោយការចរចានយោបាយ។

អ្នកវិភាគរូបនេះ វិភាគទៀតថា ចំណាត់ការបញ្ច្រាសទិសនេះ គណបក្សកាន់អំណាចនឹងបង្កើនគូទំនាស់ ៤ទៀត នឹងកើតឡើង គូទំនាស់ទី១ គឺគណបក្សប្រឆាំង ទី២ ប្រជារាស្ត្រ ទី៣សហគមន៍អន្តរជាតិ និងទី៤ អាចជាផ្ទៃក្នុងរបស់បក្សកាន់អណាចនេះតែម្ដង។លោកថាទីបំផុតទំនាស់ទាំងនេះនាំឱ្យជាតិខ្ទេចខ្ទាំ។

បើតាមអ្នកវិភាគរូបនេះ សារគំរាមចាប់ខ្លួនគ្នាទៅវិញទៅមករបស់មេបក្សធំៗទាំងពីរនៅពេលនេះ អាចបញ្ជាក់បានថា គូទំនាស់ទាំងពីរ បានដើរដល់ចំនុចទាល់ក្រឡាដូចគ្នា  ដោយសារតែមិនទាក់រកច្រកនិយាយគ្នាបាន។

លោកថា៖ «ម្ខាងបែបរកយុទ្ធវិធីចូលស្រុកមិនទាន់ឃើញ ក៏នៅតែប្រកាសពីការចូលស្រុកមិនឈប់ តែមិនហ៊ានកំណត់ពេល។ឯរបបក្រុងភ្នំពេញម្ខាងទៀតចេះតែដេកព្រួយថាលោក សម រង្ស៊ី អាចប្រថុយចូលស្រុកមែន ដែលអាចពិបាកទប់ចរន្តងើបឡើងរបស់លោក សម រង្ស៊ី ម្លោះហើយក្រុមលោក ហ៊ុន សែន សល់តែវិធីប្រកាសចាប់មិនឈប់មិនឈរដែរ ដើម្បីគំរាមកំឱ្យលោក សម រង្ស៊ី ចូលស្រុក»

លោក សម រង្ស៊ី បាននិរទេសខ្លួន៤លើករួចមកហើយ បន្ទាពីលោកសម្រេចដើរចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីឆ្នាំ១៩៩៤ មកបង្កើតគណបក្សថ្មី ជាគណបក្សប្រឆាំង។

ប៉ុន្តែលទ្ធភាពនៃការវិញត្រឡប់ចូលកម្ពុជាវិញ របស់លោក សម រង្ស៊ី ៣លើកកន្លងមក ត្រូវបានព្រះមហាក្សត្រ លើកលែងទោស តាមសំណើរលោកនាយករដ្ឋមន្តី្រ ហ៊ុន សែន ។

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានសម្រេចនិរទេសខ្លួនលើកទី៤ នៅខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីរដ្ឋសភាសម្រេចដកអភ័យឯកសិទ្ធិ ដើម្បីបើកផ្លូវឱ្យតុលាការ បន្តនីតិវិធីឡើងវិញ ពាក់ព័ន្ធនឹងបណ្តឹងបរិហាកេរ្តិ៍ អតីតមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច  លោក  ហោ ណាំហុង។

កម្តៅនយោបាយរយៈពេលជិត២ឆ្នាំចុងក្រោយនេះ មិនមែនប៉ះចំតែលោក សម រង្ស៊ី ទេ មេដឹកនាំបក្សប្រឆាំងមួយរូបទៀត គឺលោក កឹម សុខា ក៏ចាប់ឃុំខ្លួនដែរ ចោទថាឃុបឃិតជាមួយសហរដ្ឋអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាល របស់លោក ហ៊ុន សែន។

បទចោទប្រកាន់ លោក កឹម ​សុខា នេះ តុលាការកំពូល បានយកទៅរំលាយគណបក្សសង្គ្រោះជាតិចោល មុនការបោះឆ្នោតជាតិឆ្នាំ២០១៨មកដល់។

ការផាត់គណបក្សប្រឆាំងចេញពីឆាកនយោបាយនេះ  ជំរុញឱ្យប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ មានសហរដ្ឋអាមេរិក និងសភាពអឺរ៉ុប ជាដើម បានថ្កោលទោស និងគំរាមកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម បើរដ្ឋាភិបាលម្ពុជាមិនធ្វើឱ្យបរិយាកាសនយោបាយវិលទៅរកស្ថានភាពដើមវិញនោះ។

អតីតគណបក្សសង្គ្រោះជាតិ មុនត្រូវបានតុលាការរំលាយ ប្រជាប្រិយភាពគណបក្សនេះបានហក់ឡើង ជិតទាន់គណបក្សកាន់អំណាចដែរ ទាំងអាសនៈក្នុងសភា និងអាសនៈ នៅឃុំ សង្កាត់ ។

លទ្ធិផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ បង្ហាញថា សន្លឹកឆ្នោតបានការ ជីត៧លានសន្លឹកគណបក្សជាជនកម្ពុជា ទទួលបានជាង៣លាន៥សែនសំឡេង ស្មើនឹងជាង៥០%។

គណបក្សសង្គ្រោះជាតិបានជាង៣លាន៥ម៉ឺនសំឡេងស្មើនឹងជាង៤៣%។ ប៉ុន្តែអាសនៈទាំងអស់នោះត្រូវ រឹបអូសយកទៅចែកគណបក្សផ្សេងទៀត ដែលពលរដ្ឋមិនបានបោះឆ្នោតឱ្យ ក្រោយពីគណបក្សនេះត្រូវបានរំលាយ ។

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា វិភាគថា ការប្រកាសចាប់ខ្លួន លោក សម រង្ស៊ី ដោយសំអាងលើដីការបស់តុលាការនោះ មិនមែនជាមូលដ្ឋានគ្រឹះ សម្រាប់ដោះស្រាយបញ្ហាកម្ពុជាទេ ព្រោះថា សហគមន៍អន្តរជាតិ មើលឃើញថា បញ្ហាដែលបានកើតឡើង ជារឿងនយោបាយ ។

អ្នកវិភាគរូបនេះផ្តល់ជាយោបល់ថា មូលដ្ឋានគ្រឹះដើម្បីបញ្ចៀសកម្ពុជាពីការគំរាមកំហែងដូចបច្ចុប្បន្ន ត្រូវឆ្លើយតបទៅនឹងការមើលឃើញរបស់ របស់សហគម៍អន្តរជាតិ ទៅលើយន្តការស្ថានភាពសិទ្ធិមនុស្ស និប្រជាធិបតេយ្យឡើងវិញ ។

លោកថា៖ «ខ្ញុំថាអាការឆ្លើយតបដូចជាចាត់វិធានការ[លោក សម រង្ស៊ី ]អីហ្នឹងវាមិនមែនជាចំនុចគន្លឹះនៃការដោះស្រាយបញ្ហាកម្ពុជាទេ ពីព្រោះការដោះស្រាយបញ្ហាកម្ពុជាវាលែងនៅក្នុងក្របខណ្ឌ ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងហើយវាចូលដល់ក្រមខណ្ឌអន្តរជាតិដែលត្រូវឆ្លើយតប»

ជិត២ទសវត្សរ៍មកនេះ កម្ពុជាបានធ្លាក់ក្នុងវិនាសកម្មសង្គ្រៀម ដោយសារតែជម្លោះនយោបាយ មិនឱ្យតម្លៃទៅលើវប្បធម៌សន្ទនា ។

ប៉ុន្តែអ្វីដែលនាំ កម្ពុជាទៅរកការឈប់បាញ់ របស់ភាគគីជម្លោះប្រដាប់អាវុធទាំង៤ភាគី ផ្តើមចេញពីការស្វែងរកជួបចរចាផ្នែកនយោបាយ រវាងមេដឹកនាំកំពូលៗ មានអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភាគីលោក ស៊ឺន សាន និងភាគីខ្មែរក្រហម រហូតមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ១៩៩១។

កិច្ចព្រមព្រៀងនេះហើយ ធ្វើឱ្យកម្ពុជា បញ្ចប់បសង្គ្រៀមស៊ីវិលទាំងស្រុង នៅទសវត្សរ៍៩០ ។ ចាប់ពីពេលនោះមកកម្ពុជាមានលទ្ធភាព អភិវឌ្ឍជាតិដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ រហូតបច្ចុប្បន្ននេះ ។

អ្នកជំនាញគោលនយោបាយ និងជាសាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ​ Occidental​ នៅសហរដ្ឋអាមេរិក លោក អៀ សុផល មានប្រសាសន៍ថា ការចាប់ខ្លួនលោកសមរង្ស៊ីនឹងមិនបញ្ឈប់ជម្លោះនយោ​បា​យ​ទេ តែផ្ទុយទៅវិញវា អាចបង្កឱ្យមានជម្លោះរីករាលដាលនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

អ្នកជំនាញគោលនយោបាយនិងកិច្ចការទូតរូបនេះ ផ្តល់យោបល់ថា វិធានការនេះ វានឹងបង្កឱ្យមានការថ្កោលទោសពីអន្តរជាតិ និងបិទវាសនា របស់ប្រទេសកម្ពុជាទាក់ទងនឹងការបញ្ចប់ EBA និង GSP ។

 លោក អៀ សុផល បានប្រៀបធៀបថា ៖« ប្រសិនបើអ្នកលេងជាមួយភ្លើង អ្នកនឹងត្រូវរលាកអ៊ីចឹង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ