តុលាការ​ ផ្តន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា ដាក់ពន្ធនាគារ១៥ឆ្នាំក្នុង​រឿងជួញដូរមនុស្ស

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី លោក អះម៉ាត់ យ៉ះយ៉ា ប្រាប់អ្នក​សារព័ត៌មាន​ក្រោយ​ពេលចូលបំភ្លឺនៅតុលាការ

អតីតរដ្ឋលេខា​ធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ត្រូវបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនា​គារ​ព្រៃសថ្ងៃនេះ បន្ទាប់ពី​តុលាការសម្រេចកាត់​ទោសលោកដាក់​ពន្ធនាគារ​រយៈពេល​១៥ឆ្នាំក្នុងសំណុំរឿងជួញដូរមនុស្ស។

នេះបើតាម​ការបញ្ជាក់​តាម​រយៈប្រព័ន្ធ​តេឡេក្រាមរបស់​អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង នៅ​ថ្ងៃទី១៣ ខែសីហា។  

អ្នកនាំពាក្យរូបនេះ ឲ្យដឹង​ថា លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសឈ្មោះ អ៊ីស្មាអែល​ពិន ឧស្មាន នៅថ្ងៃនេះ ត្រូវបានតុលាការ​ចោទប្រកាន់ពីបទនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែន តាមមាត្រា១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៤។ លោក ​បញ្ជាក់ថា សាលក្រមតុលាការផ្តន្ទាទោសពួកគាត់​ដោយដាក់ពន្ធនា​គាររយៈពេល១៥ឆ្នាំ ខណៈ​ដែលលោកកំពុងស្ថិតនៅក្នុងសវនាការ តុលាការ​បាន​​បញ្ជាឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោកដាក់ពន្ធនាគារព្រៃសតែម្តង។

មាត្រា១១នៃច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទបានចែងថា ​ជន​ណា​ដែល​នាំ​យក​ជន​ដទៃ​ចេញ​ដោយ​មិន​ស្រប​ច្បាប់​ ក្នុង​គោលដៅ​ប្រគល់​ ឬ​ នាំ​យក​ទៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ (ប្រាំពីរ) ឆ្នាំ​ដល់​១៥​ (ដប់ប្រាំ) ឆ្នាំ។ ច្បាប់នេះ ​ផ្ដន្ទាទោសឧក្រិដ្ឋជន ​ដាក់​ពន្ធនា​គារ​ពី​ ១៥​ (ដប់ប្រាំ) ឆ្នាំ​ ទៅ​ ២០​ (ម្ភៃ)ឆ្នាំ​ ក្នុង​ករណី​ដែល ជនរងគ្រោះ​ជា​អនីតិជនឬអំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​មន្ត្រី​សាធារណៈ​ ដែល​បំពាន​ដោយ​អំណាច​របស់​ខ្លួន​មក​លើ​ជន​រងគ្រោះ ឬអំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ ដោយ​ក្រុម​មាន​ការ​ចាត់​តាំង។

លោក អាម៉ាត់ យ៉ះយ៉ា ជាអតីតមន្ត្រីជាន់ខ្ពស់គណបក្ស​ហ៊ុនស៊ិនប៉ិច ក្រោយ​មក​ចូលជាសមាជិក​គណបក្ស​សមរង្ស៊ី និងបន្តចូលរូម​ជាមួយគណបក្សប្រជាជន​កម្ពុជា​ហើយកាន់តំណែងជារដ្ឋលេខា​ធិការក្រសួងសង្គមកិច្ចកាលពីរដ្ឋាភិបាល​អាណត្តិទី៥។ លោកអាម៉ាត់ យ៉ះយ៉ា ធ្លាប់មានទំនាស់ខ្លាំងក្លា ជាមួយរដ្ឋមន្ត្រី​ទទួលបន្ទុកបេសកម្មពិសេស លោកអូស្មាន់ ហាសាន់ លើសំណុំរឿងដីធ្លីនៅ​ព្រះវិហារ​ឥស្លាមក្នុងបឹកកក់។ លោកអាម៉ាត់ យ៉ះយ៉ា ក៏ត្រូវតុលាការ​កាត់ក្ដី​ឱ្យ​ចាញ់លោកអូស្មាន់ ហាសាន់ ក្នុងសំណុំរឿងបរិហារកេរ្តី៍និងត្រូវ​បង់ប្រាក់​១០០លាន​រៀលទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ