លោក ស ខេង រំឭកពលរដ្ឋកុំឲ្យចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

លោក ស ខេង ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម(ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង ត្រូវនឹងថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៩ (ប្រភពរូបពីហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង រំឮកថា មិនត្រូវជឿការអូសទាញពីអ្នកនយោបាយ ទៅធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនោះទេ ដោយថា របបប្រជាធិបតេយ្យគឺពលរដ្ឋត្រូវត្រៀមខ្លូនទៅបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមួយកន្លែង នៅខេត្តបាតដំបង នាថ្ងៃពុធនេះ លោក ស ខេង ថ្លែងថា កម្ពុជាពេលនេះមានសន្តិភាពពេញលេញ ។លោកថា ពលរដ្ឋគួរយកឱកាសនេះ ទៅពង្រឹងមុខរបររបស់ខ្លួន កុំជឿការឃោ​ស​នាអូសទាញពីមជ្ឈដ្ឋានអ្នកនយោបាយខ្លះ ដែលមានបំណងកៀរគរ ឲ្យទៅធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ។

លោក ស ខេង ថ្លែងទៀតថា ប្រវត្តិសាស្ត្របានបង្ហាញហើយថា ការផ្តួលរំលំរដ្ឋាភិបាល ប្រទេសជាតិនឹងត្រូវខ្ទេចខ្ទាំ ពិបាកស្តារឡើងវិញ។

លោកថា៖«ការដែលបបួលគ្នាទៅផ្តួលរំលំរដ្ឋាភិបាលដូចបញ្ជាក់គឺវាអត់ត្រូវហើយបើកាលណាយើងធ្វើបែបនេះ កម្ពុជាត្រូវរុះរើឡើងវិញទាំងអស់។ហើយបើរុះរើឡើងវិញមិនដឹងថា យើងអាចធ្វើបានប៉ុណ្ណឹងឡើងវិញទេ នេះជាការ​​​ជា​ក់ស្តែង ហើយរបបប្រជាធិបតេយ្យ មានរបបបោះឆ្នោត៥ឆ្នាំម្តង ដូច្នេះពេលបោះឆ្នោតនាំគ្នាទៅបោះឆ្នោតទៅ»។

បើទោះបីជា លោក ស ខេង ថ្លែងមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែទំនងជាសំដៅទៅរកអតីតមេដឹកនាំគណបក្សប្រឆាំង ដែលបានប្រកាសពីគម្រោង វិលចូលកម្ពុជាវិញ ទាំងគ្មានការបើកផ្លូវពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី មួយរយៈនេះ បានអះអាងថា នឹងចូលកម្ពុជាវិញឆាប់ៗ  ដើម្បីកៀរគរ មហាជនឲ្យចូលរួមសង្គ្រោះកម្ពុជា ពីការគំរាមកាត់ផ្តាចប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ពីសហគមន៍អន្តរជាតិ។

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ហៅសារនយោបាយ របស់មេដឹកនាំគណបក្សបកាន់អំណាចនេះថា បានងាកចេញពីស្មារតីរដ្ឋធម្មនុញ្ញ។ លោកស្រីថា រដ្ឋធម្មនុញ្ញកម្ពុជា ធានាពីសិទ្ធិធ្វើបាតុកម្ម និងសិទ្ធិចូលរួមក្នុងវិស័យនយោបាយ ។

លោកស្រី មូរ សុខហួរ អះអាងទៀតថា គម្រោងវិលត្រឡប់របស់មេដឹកនាំបក្សប្រឆាំងមកកម្ពុជា នាពេលខាងមុខ គឺដើម្បីស្វែងរកការផ្សះផ្សាជាតិ មិនមែនមកផ្តួលរំលំរដ្ឋាភិបាលទេ។

លោកស្រីថា៖«ខ្ញុំយល់ឃើញថា គណបក្សប្រជាជនមិនគួរភ័យខ្លាចពួកយើងខ្ញុំដល់ប៉ុណ្ណឹងទេ ទុកជូនប្រជាពលរដ្ឋលោកធ្វើការវិនិច្ឆ័យទៅ។តែផ្ទុយទៅវិញ ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលចង់ឲ្យឃើញមានការផ្សះផ្សាជាតិ អញ្ជើ​​ញ​មកគ្រប់ៗគ្នាមកទទួលការធ្វើមានតុភូមិនិវត្តន៍នៃលោកប្រធាន សម រង្ស៊ី និងពួកយើងខ្ញុំទាំងអស់គ្នា ដើម្បីរកដំ​ណោះស្រាយជូនប្រទេសជាតិ»។

អ្នកសម្របសម្រួលអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក កន សាវាង្ស និយាយថា សេរីភាពបញ្ចេញមតិ ការធ្វើបាតុកម្ម និងសិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយ មានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលថារដ្ឋាភិបាលបានផ្តល់សច្ចាប័នឲ្យអង្គការសហប្រជាជាតិ ។

អ្នកឃ្លាំមើលរូបនេះ អះអាងទៀតថា សារនយោបាយទាំងឡាយណា រារាំងដល់សេរីភាពពលរដ្ឋ មិនឆ្លុះបញ្ចាំងពីអនុវត្តច្បាប់នទេ តែវាអាចថាជាឧបករណ៍បម្រើនយោបាយច្រើនជាង។

បើតាមលោក កន សាវាង្ស ពលរដ្ឋអាចប្រើប្រាស់សិទ្ធិនេះ ដាក់សម្ពាធទៅរដ្ឋាភិបាល ឲ្យរៀបចំប្រព័ន្ធបោះឆ្នោតមួយ មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ ដើម្បីឲ្យការសម្រេចចិត្តរបស់ពួកគេ មានឥទ្ធិពលទៅលើមេដឹកនាំ។

លោកថា៖«គ្រប់ភាគីពាក់ព័ន្ធគួរតែមានការលើកទឹកចិត្ត មានការបង្រៀនដើម្បីឲ្យពលរដ្ឋស្វែងយល់អំពីច្បាប់[រដ្ឋធម្មនុញ្ញ]ហ្នឹង ពីព្រោះអ្នកខ្លះធ្វើការបកស្រាយច្បាប់ដើម្បីតែកេងចំណេញនយោបាយទេ អាហ្នឹងហើយដែលជាគ្រោះថ្នាក់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមមួយដែលរកភាពច្បាស់លាស់អត់ឃើញ ។នេះជារឿអសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងការតាមដានហ្នឹងសំខាន់ណាស់»។

ជម្លោះនយោបាយដែលបានអូសបន្លាយជិត២ឆ្នាំមកនេះបានធ្វើឲ្យកម្ពុជាប្រឈមកាន់តែខ្លាំងទៅរកការគំរាមកំហែងកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប។

ជ្រុងមួយនៃបញ្ហានេះ សមាមាគមរោងចក្រកាត់ដេរកម្ពុជា កាលពីថ្ងៃចន្ទ បានចេញសេចក្តីថ្លែងការណ៍ ជាថ្មីទៀត បងបារម្ភថា បើប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬហៅថាEBAត្រូវបានកាត់ផ្តាច់ពិសហភាពអឺរ៉ុបមែន វានឹងប៉ះពាល់ផ្ទាល់ដល់កម្មករ ៧៥ម៉ឺននាក់ ក្នុងវិស័យកាត់ដេរ និង ៣លានគ្រួសារផ្សេងទៀតដោយប្រយោល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ