លោក ឈាង វុន ថា វៀតណាម​បន្ត​សើ្ន​សុំ​កម្ពុជា​ផ្ដល់​សញ្ជាតិ​ដល់​ពលរដ្ឋ​ខ្លួន​

អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា​ លោក​ ឈាង វុន

សមាជិក​សភា​បក្សកាន់អំណាច លោក ឈាង វុន បាន​អះ​អាង​ថា លោក​បានបដិសេធសំណើ​របស់ភាគីវៀតណាមដែលបានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាជួយផ្ដល់សញ្ជាតិឱ្យពលរដ្ឋខ្លួន​ដែលរស់នៅ និងរកស៊ីក្នុងប្រទេសជាកម្ពុជាយូរ​មក​ហើយ។

លោក ឈាង វុន អះអាង​ថា ការស្នើសុំរបស់ភាគីវៀតណាមធ្វើឡើងក្នុងសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ និងវៀតណាម ដែលធ្វើឡើងនៅប្រទេសវៀតណាមថ្មីៗនេះ។

លោក ឈាង វុន ដែលបានទៅចូលរួមសន្និសីទនៅប្រទេសវៀតណាមនោះ ប្រាប់អ្នកសារព័ត៌មាន​បន្ទាប់វិលមកដល់ប្រទេសកាលពីម្សិលមិញថា សន្និសីទនេះ មានគោលដៅជជែកទៅលើការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម ដែលកម្ពុជាមានខេត្តចំនួន ៤ រួមមាន ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។

លោកបន្តថា ក្នុងសន្និសីទនោះ ភាគីវៀតណាមបានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាជួយផ្ដល់សញ្ជាតិដល់ពលរដ្ឋវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជាយូរហើយ  ប៉ុន្តែ សំណើនេះ ត្រូវបានបដិសេធ ដោយថា កម្ពុជាមិនអាចផ្ដល់សញ្ជាតិដល់ពលរដ្ឋវៀតណាមផ្ទុយពីច្បាប់សញ្ជាតិ និងអន្តោប្រវេសន៍បានទេ។

លោក ឈាង វុន ប្រាប់អ្នកសារព័ត៌មាន​កាលពីម្សិលមិញនេះថា៖ «ភាគីវៀតណាម លោកបានស្នើយើងពីរឿងប្រជាពលរដ្ឋវៀតណាម ដែលមករស់នៅតំបន់ហ្នុងយូរហើយ ម៉េចយើងមិនផ្តល់សញ្ជាតិឱ្យអីចឹង? ខ្ញុំ និងគណៈប្រតិភូយើង បានឆ្លើយតបច្បាស់លាស់​ពីរឿងនេះថា យើងមានច្បាប់ទម្លាប់របស់យើង ហើយច្បាប់ជាច្រើនហ្នឹង ​រួមទាំងច្បាប់សញ្ជាតិហ្នឹងផង ច្បាប់អន្តោប្រវេសន៍ផង។ យើងមិនអាចឱ្យគាត់​ឱ្យគ្រប់សញ្ជាតិអូតូម៉ាទិច ស្វ័យប្រវត្តិចំពោះបងប្អូនវៀតណាមរបស់គាត់ ដែលមករស់នៅខុសច្បាប់នៅក្នុងដែនដីកម្ពុជាកន្លងទៅ យើងមិនអាចឱ្យកើតទេ ប៉ុន្តែ គាត់ដាក់សុំសញ្ជាតិសុំអីអ៊ីចឹងទៅ ច្បាប់ទម្លាប់របស់យើងគឺអ៊ីចឹង…»។

អ្នកនាំពាក្យរដ្ឋាភិបាល​ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាល មិនអាចផ្ដល់សញ្ជាតិដល់ពលរដ្ឋវៀតណាមផ្ទុយទៅនឹងច្បាប់នោះទេ។

លោក ផៃ ស៊ីផាន ប្រាប់ថា៖ «រដ្ឋសភាលោកបានពន្យល់ប្រាប់ហើយ​ថា អ្វីដែលកម្ពុជាមិនអាចធ្វើបានទៅតាមអារម្មណ៍ ឬមនោសញ្ចេតនាបានទេ។ កម្ពុជាមានច្បាប់អន្តោប្រវេសន៍ ច្បាប់ចូលសញ្ជាតិគ្រប់គ្រាន់ ហើយនិងអនុវត្តទៅតាមគោលការណ៍ច្បាប់នេះឯង ដែលគេហៅថា នីតិរដ្ឋ។ នេះ​ជាការលើកឡើងរបស់ឯកឧត្តម ឈាង វុន ហើយជំហររបស់រដ្ឋាភិបាល គ្មានអ្វីក្រៅពីអនុវត្តច្បាប់»។

របាយការណ៍​​រដ្ឋាភិបាល បង្ហាញ​ថា ​​ជន​បរទេសដែលរស់នៅប្រទេស​ដោយខុសច្បាប់មានជាង ១៨​ម៉ឺន​នាក់ ក្នុង​នោះ​ ភាគច្រើនជាជនជាតិវៀតណាម ដែលមានចំនួន ៩៩​ភាគរយ ឬ​ស្មើ​នឹង ១៨​ម៉ឺន​នាក់។

ប្រធានបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការផ្ដល់សញ្ជតិដល់ជនអន្តោប្រវេសន៍ដែលមានព្រំទល់ជាប់គ្នានេះ នឹងធ្វើឱ្យ​ប្រទេសជួបហានិភ័យខ្លាំង ហើយ​លោកថា រដ្ឋាភិបាលត្រូវបញ្ជូនជនអន្តោប្រវេសន៍ដែលរស់នៅដោយខុសច្បាប់ទៅប្រទេសដើមវិញ ដោយមិនត្រូវទុកឱ្យពួកគេរស់នៅប្រទេសកម្ពុជាទាំងខុសច្បាប់នោះទេ។

លោក សុខ ទូច ប្រាប់ថា៖ «តើមានប្រទេសណាមួយដែលនៅជិតខាងគ្នា​ឱ្យសញ្ជាតិ។ កន្លែងហ្នឹង តើវៀតណាមសុំកម្ពុជា ចង់បានកម្ពុជាក្នុងចំណុចទាល់ ចំណុចទាល់បើទិដ្ឋភាពនយោបាយ ព្រោះមិនអាចទេ គ្មានរឿង​ប្រទេសណាមួយដែលនៅជិតគ្នា ហើយរួចដាក់ចូលសញ្ជាតិ មកនូវហើយបានសញ្ជាតិ វាអត់ដែលមានទេ។ … មានសញ្ជាតិ គឺមានសិទ្ធិអ្វីៗទាំងអស់ មានសិទ្ធិក្នុងកាសម្រេចជោគវាសនា មានសិទ្ធិទិញដី មានសិទ្ធិបោះឆ្នោត តើក្រុមហ្នឹង​នឹងក្លាយទៅជាអ្វីនៅថ្ងៃអនាគត ជាម្ចាស់ជោគវាសនាប្រទេសជាតិ»

របាយការណ៍​អន្តោ​ប្រវេសន៍​ចេញ​កាល​ពី​ថ្ងៃ​ខែមុន ឱ្យដឹងថា សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាល​មិនប្រក្រតី​ពី​ជនបរទេសជាង ៣ ម៉ឺន ៧​ពាន់ច្បាប់​ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​នេះ។

ឯកសារមិនប្រក្រតីទាំងអស់នោះ មានដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិត​ឆ្លងដែន សំបុត្រកំណើត សេចក្ដីចម្លងសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ដោយឯកសារទាំងអស់នេះ  អាជ្ញាធរឃុប​ឃិតគ្នា​ផ្ដល់ឯកសារឱ្យជនបរទេសទាំងនោះ ។

អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធិ ឲ្យ​ដឹងថា កម្ពុជាបានសម្រេចផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេស ៨៨ ១១២​នាក់ ដែល​ភាគ​ច្រើន​លើស​លប់​ផ្ដល់​​ឱ្យ​ជន​ជាតិវៀតណាម​ចំនួន ៨៧ ៧៩៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ