វៀតណាមកាន់តែបារម្ភក្រោយនាវាចិនចូលលុកលុយតំបន់ប្រេង

នាវារបស់ចិនបើកចូលក្នុងតំបន់កំពុងមានជម្លោះជាមួយវៀតណាមនៅសមុទ្រចិនខាងត្បូង ឬ សមុទ្រខាងកើត (រូបពី AP)

រដ្ឋាភិបាលវៀតណាមបានសម្តែងការព្រួយបារម្ភកាន់តែខ្លាំង ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយជំរុញឱ្យចិនគោរពច្បាប់អន្តរជាតិ ក្រោយនាវាចិនចូលទៅតំបន់មានប្រេង និងឧស្ម័នដែលវៀតណាមអះអាងថាជារបស់ខ្លួន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាមកាលពីម្សិលមិញ​បានលើកឡើងថា ក្រុមនាវារបស់ចិនឈ្មោះ Haiyang Dizhi 8 បានត្រឡប់ចូលទៅរាតត្បាតនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ(Exclusive Economic Zone) សំបូរដោយធនធានប្រេង និងឧស្ម័ន ដែលវៀតណាមអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។​

រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា បើមិនមានការអន្តរាគមន៍ណាមួយពីសហគមន៍អន្តរជាតិទេ នឹងធ្វើឱ្យរាលដាលកាន់តែខ្លាំងឡើងនៃភាពតានតឹង បង្កភាពស្មុគស្មាញ គំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់សមុទ្រខាងកើត(សមុទ្រចិនខាងត្បូង) និងក្នុងតំបន់ទាំងមូល។​

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមនាវារបស់ចិនបានចូលទៅស្រាវជ្រាវក្នុងតំបន់ដែលសំបូរទៅដោយប្រេងនិងឧស្ម័ន ហើយវៀតណាម​ចាត់ទុកថា នេះជាសកម្មភាពបំពានដល់ដែនអធិបតេយ្យភាពរបស់ខ្លួន និងការបំពានដល់ខ្លឹមសារច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ ដែលបង្កើតឡើងកាលពីឆ្នាំ១៩៨២។​

ក្រោយការអំពាវនាវរបស់រដ្ឋាភិបាលវៀតណាមភ្លាមៗនោះ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភចំពោះបញ្ហានេះ ហើយក៏បានជំរុញឱ្យសហគមន៍អន្តរជាតិចូលរួមតាមដាន ដូចរដ្ឋាភិបាលវៀតណាមអំពាវនាវដែរ។​

បើទោះជាមានការចោទប្រកាន់ថា នាវារបស់ចិនចូលក្នុងដែនទឹកគ្រប់គ្រងដោយវៀតណាមតាំងពីថ្ងៃទី១៣ខែសីហាក៏ដោយ ប៉ុន្តែនៅមិនទាន់មានការប៉ះទង្គិចគ្នាដោយកងកម្លាំងដោយសារបញ្ហានេះនៅឡើយទេ។​

ជម្លោះនៅសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅសមុទ្រខាងកើតនោះ ភាគីជម្លោះមាន ចិនប៉េកាំង ប្រុយណេ  ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និង វៀតណាម។ ក្នុងជម្លោះនេះ ចិនកំពុងក្តោបក្តាប់ដែនទឹកច្រើនជាង ហើយទំហំ៩០ភាគរយនៃជម្លោះគឺប្រឈមមុខដាក់គ្នារវាងចិន និងវៀតណាម។​

របាយការណ៍របស់ GlobalFirePower បង្ហាញថា មួយរយៈកាលចុងក្រោយនេះ ទាំងចិន និង វៀតណាម​ហាក់កំពុងតែបង្កើនសព្វាវុធ និងពង្រឹងការហ្វឹកហាត់កងទ័ពជើងទឹកដូចគ្នា ខណៈប្រទេសទាំងពីរកំពុងប្រឈមុខដាក់គ្នាផ្នែកគ្រប់គ្រងដែនសមុទ្រ។​

របាយការណ៍នេះបញ្ជាក់ថា បច្ចុប្បន្នវៀតណាមមាននាវាចម្បាំងចំនួន​៦៥ គ្រឿងក្នុងនោះមាននាវាមុជទឹកចំនួន៣ និងនាវាពិឃាតចំនួ៦គ្រឿង។​ចំណែកចិនគឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសដែលកំពុងមានឥទ្ធិពលខ្លាំងក្លាលើពិភពលោកខាងផ្នែកកងទ័ពជើងទឹកគឺចិនមាននាវាចម្បាំងចំនួន៧១៤គ្រឿង រួមទាំងនាវាមុជទឹក៧៦គ្រឿង នាវាពិឃាតផ្ទុកយន្តហោះ៣៣គ្រឿង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ