វិស័យ​ SME រំពឹងថា បញ្ហា​កង្វះ​ទុន​នឹង​ត្រូវ​ដោះ​ស្រាយ​ក្រោយ​រដ្ឋ​​ទម្លាក់​ទុន​​​១០០​លាន​ដុល្លារ

សិប្បកម្មផលិតទឹកត្រីមួយកន្លែងក្នុងក្រុងភ្នំពេញ។ រូបភាព៖ បណ្ដាញសង្គម

មេដឹកនាំ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា រំពឹង​ថា ក្ដី​កង្វល់​របស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម (SME)​អំពី​កង្វះ​ខាត​ទុន នឹង​ត្រូវ​បាន​ដោះ​ស្រាយ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ធនាគារ​មួយ ដើម្បី​ផ្ដល់​កម្ចី​ដល់​វិស័យ​មួយ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក អ៊ុំ សុថា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សិក្ខាសាលា​មួយ​កាល​ពី​សប្ដាហ៍​មុន រដ្ឋាភិបាល​កម្ពុជា ​បាន​សម្រេច​វិនិយោគ​នូវ​ទឹក​ប្រាក់ ១០០​លាន​ដុល្លារ សម្រាប់​បង្កើត​ធនាគារ​មួយ​គ្រប់​គ្រង​ដោយ​រដ្ឋ ដើម្បី​​ជួយ​ផ្ដល់​ទុន​ទៅ​ដល់​វិស័យ​ SME នៅ​ក្នុង​ស្រុក។

លោក អ៊ុំ សុថា មានប្រសាសន៍ថា៖ «អ្វីដែលយើងទទួលបានពីការគាំទ្រផ្នែកទុនរបស់ធនាគារ គឺគេចង់ធ្វើឱ្យ SME មានឱកាសទទួលបាន​ឥណទានដែលមានកម្រៃការប្រាក់ថោកជាងឥណទានធម្មតា ហើយបែបបទក៏សាមញ្ញាជាងដែរ»

ប៉ុន្តែ អ្នក​នាំ​ពាក្យ​រូប​នេះ បដិសេធ​បក​ស្រាយ​លម្អិត​អំពី​ដំណើរការ​នៃ​ធនាគារ​រដ្ឋ​មួយ​នេះ ដោយ​លោក​បាន​រុញ​សំណួរ​ទៅ​ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គឹម សុភៈ ក៏​បដិសេធ​ជជែក​លម្អិត​អំពី​កិច្ចការ​នេះ​ផងដែរ ហើយ​បាន​រុញ​ឲ្យ​សួរ​ទៅ​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អ្នកស្រី ងួន សុខា ប៉ុន្តែ អ្នកស្រី​បាន​ប្រាប់​ថា ជាប់​រវល់ និង​គ្មាន​តួនាទី​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​នោះ​ឡើយ។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ខ្នាត​តូច និង​មធ្យម (FASME) លោក តែ តាំងប៉ បាន​សាទរ​ចំពោះ​សេចក្ដី​សម្រេច​បែប​នេះ​របស់​រដ្ឋាភិបាល ហើយ​លោក​រំពឹង​ថា ដំណើរការ​សាក​ល្បង​ផ្ដល់​កម្ចី​ដល់​វិស័យ SME នេះ នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​កង្វះ​ខាត​ដើម​ទុន​របស់​វិស័យ​មួយ​នេះ។

លោក តែ តាំងប៉ មានប្រសាសន៍ថា៖ «បញ្ហាភ្លើងថ្លៃ បញ្ហាថវិកា រឿងឥណទានហ្នឹងហើយ បានរដ្ឋាភិបាលកំពុងតែដោះស្រាយ។ បញ្ហាប្រឈមសព្វបែបហ្នឹង យើងបានលើកស្នើសុំរដ្ឋាភិបាល ហើយរដ្ឋាភិបាលបានដោះស្រាយបណ្តើរៗ ដូចបញ្ហាភ្លើង បានចុះ ២០ភាគរយ បញ្ហាឥណទាន រដ្ឋបានបង្កើតធនាគារ SME ដើម្បីជួយ Support (គាំទ្រ) ទៅលើអ្នកដែលខ្វះទុនខ្ចីយកទៅប្រើប្រាស់ក្នុងការផលិត កែច្នៃផលិតផលកសិកម្មទៅជាចំណីអាហារ»

មេដឹកនាំ​វិស័យ SME រូប​នេះ ក៏​បាន​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ទប់​ស្កាត់​ការ​នាំ​ចូល​ផលិត​ផល​សម្រេច​ពី​បរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ និង​បញ្ឈប់​ការ​តាំង​ពិព័រណ៌​ផលិត​ផល​សម្រេច​របស់​បរទេស ដែល​លោក​ចាត់​ទុក​ថា ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផលិត​កម្ម​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​ក្នុងស្រុក​ផង​ដែរ។

របាយការណ៍​​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កាល​ពី​ឆ្នាំ​មុន បង្ហាញ​ថា ​វិស័យ SME កម្ពុជា មាន​ជា​ង ​៥០​ម៉ឺន​សហគ្រាស​ ក្នុង​នោះ​ភាគ​ច្រើនផ្តោត​លើការ​កែច្នៃ​ម្ហូប​អាហារ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ កសិ-ឧស្សាហកម្ម និង​កែច្នៃ​ផលិតផល​ប្រើប្រាស់​ទូទៅ​ជាដើម។របាយការណ៍​ដដែល​នោះ អះអាង​ថា​ វិស័យ​នេះ ​​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ពី ​៧០ ទៅ​ ៨០​ភាគរយ និងនាំមកនូវផលទុនជាតិសរុបចំនួន ៥៨ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ