ក្រសួងការងារ ហាមឃាត់ជនបរទេសប្រកបរបរចំនួន​១០ប្រភេទ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងការងារនៅថ្ងៃនេះ បានចេញ​ប្រកាសមួយដោយហាមមុខជនបរទេសប្រកបការ​ងារចំនួន​១០ប្រភេទ ដែល​ជាមុខរបរ​រកចំណូល​ផ្ទាល់ខ្លួន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹង​ក្នុង​ប្រកាសរបស់ខ្លួន ដែលចុះផ្សាយនៅថ្ងៃ២៨ ខែសីហានេះថា​ការងារ​ទាំង១០ប្រភេទនោះរួមមាន ​បើកយានជំនិះគ្រប់ប្រ​ភេទជាលក្ខណៈអាជីវកម្ម លក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទនៅទីសាធារណៈ ម៉ាស្សានិងចាប់សសៃរតាមសាធារណៈ កាត់សក់ អ៊ុតសក់ និង​ថែរក្សាសម្ពស្ស  ប៉ះកង់និងជួសជុលយាន្តយន្ត​។ ក្រៅពីនេះ ក៏មាន​មួយមុខរបរមួយចំនួនទៀតដូ​ចជាកាត់ដេរ សេវាកម្មដេរ និងសំអាតស្បែកជើង ផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ ផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប​ និងជាងទង ជាងច្នៃត្បូងពេជ្រជាដើម។

ប្រកាសដដែល ក៏បញ្ជាក់ថាក្រសួងនឹងមិនផ្តល់ ឬមិនបន្តសុពលភាពបណ្ណ/សៀវ​ភៅការងារដល់ជនបរទេសដែលកំពុងប្រកបមុខរបរ និងការងារខាងលើនេះនោះទេ។ ក្រសួងការងារ បានព្រមានផងដែរថានឹង​ចាត់វិធានការច្បាប់ តាមរយៈការផាកពិន័យជាប្រាក់ និងផ្តន្ទាទោសតាមច្បាប់ការងារ ទៅលើ​ជនបរទេសទាំងឡាយណា ដែលមិនអនុវត្តន៍តាមប្រកាស​នេះ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា ចំណាត់ការរបស់​រដ្ឋាភិបាលនៅពេលនេះហាក់យឺតពេលបន្តិចក្នុងការហាមឃាត់ជនបរទេសមិនឲ្យធ្វើស្វ័យនិយោជន៍នៅកម្ពុជា ខណៈ​បច្ចុប្បន្ននេះលោកថា ជនបរទេសមួយចំនួន កំពុងដណ្តើមមុខរបរពីប្រជាពលរដ្ឋកម្ពុជា​។

លោក មានប្រសាសន៍ថា៖ «ខ្ញុំយល់ឃើញថា វាហាក់ដូចជាយឺតពេលបន្តិច ប៉ុន្តែវាមិនទាន់ហួសពេលទេ។ យើងមើលទៅដូចថាកន្លងមក ជាង១០ឆ្នាំ ២០ឆ្នាំហើយ ដែលជនបរទេសជាច្រើនបានដណ្តើមមុខរបរខ្មែរ ដូចជា វៀតណាមដណ្តើមមុខរបរខ្មែរ ហើយខាងចិនមួយមុខទៀត រឹតតែខ្មែរបាត់មុខរបរ ច្រើនឡើងៗ ធ្វើឲ្យការព្រួយបារម្ភរបស់យើងក៏ដូចជាពេលបច្ចុប្បន្ននិងអនាគត់»

លោក វន់ ពៅ ជំរុញទៅរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរឹង ទើបទទួលបានផលវិជ្ជមាន។

របាយការណ៍បូកសរុបការងាររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចេញកាលពីខែមីនា ឆ្នាំ២០១៨ ឱ្យដឹងថា កាលពីឆ្នាំ២០១៧ ក្រសួងការងារ ​បានផ្តល់បណ្ណ និងសៀវភៅការងារដល់កម្មករបរទេស ចំនួនជាង៥ម៉ឺននាក់(៥៦ ៩៧៥)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ