​សកម្មជន​ព្រៃឈើ​​៖ រដ្ឋាភិបាល​មាន​ឆន្ទៈ​ស្ទាក់​ស្ទើរ​​ក្នុង​​ការ​អភិរក្ស​ព្រៃឈើ​នៅ​ឡើយ

បុរស​ម្នាក់​ឈរ​នៅ​ជិត​រថយន្ត​មួយ​គ្រឿង ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃព្រះរកា នៅអំឡុងខែមករា ឆ្នាំ២០១៩។ រូបថត​ផ្ដល់​ឱ្យ​ដោយ​លោក ហេង ស្រស់

ក្រុម​​សកម្មជន​ព្រៃឈើ និងយុវជនអ្នកស្រលាញ់ធនធានធម្មជាតិ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​នៅ​ពុំ​ទាន់​មាន​ឆន្ទៈ​ពេញ​លេញ​ទាំង​ស្រុង ក្នុង​ការ​ថែ​រក្សា​ព្រៃ​ឈើ​នៅ​ឡើយ​ទេ បើទោះបី​ជា​រដ្ឋាភិបាល​បាន​ធ្វើ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ក្ដី។

ក្រុម​សកម្មជន​ព្រៃឈើ និង​យុវជន​ស្រឡាញ់​ធនធាន​ធម្មជាតិ បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​លិខិត​មួយ​ ​ចេញ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា​កន្លង​មក​នេះ ​ដែល​បង្ហាញ​កង្វល់​អំពី​បញ្ហា​ព្រៃឈើ​នៅ​កម្ពុជា។

សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ ដែលជា​ហត្ថលេខី​មួយ​រូប​ក្នុង​ចំណោម​ហត្ថលេខី ៤៣​រូប​ផ្សេង​ទៀត បាន​ប្រាប់​វីអូឌី​បន្ថែម​នៅ​ថ្ងៃ​នេះ​ថា ក្រុម​សកម្មជន​ព្រៃឈើ បាន​រក​ឃើញ​ថា ​ក្រុមហ៊ុន​យ៉ាង​ហោច​ណាស់ ១០​ទៀត នៅ​តែ​បន្ត​កាន់​កាប់​អាជ្ញា​ប័ណ្ណ​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​កាប់​ និង​កែច្នៃ​ព្រៃ​ឈើ​នៅ​ឡើយ។

លោក ហេង ស្រស់ ប្រាប់​ថា៖ «បើសិនជាគាត់[រដ្ឋាភិបាល]មិនយកលិខិតហ្នឹងទៅធ្វើការពិចារណា បិទរោងចក្រ ក៏ដូជាបញ្ឈប់នូវការចេញលិខិត PC ដែលជាលិខិតអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើទេ អាហ្នឹងហាក់បីដូចជាគាត់រាល់ថ្ងៃហ្នឹងគាត់កំពុងទប់ស្កាត់ ហើយនិងគាត់បង្រ្កាបហ្នឹងហាក់បីដូចជាធ្វើឱ្យល្អមើលហ្នឹង។ ​មិនមែនជាការធ្វើដើម្បីឱ្យមានផលប្រយោជន៍សម្រាប់ប្រទេសជាតិផងហ្នឹង»

យុវ​និស្សិត សោម តាំងអ៊ី ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​អំពាវ​នាវ​ និង​ធ្លាប់​ចុះ​អង្កេត​បទល្មើស​ព្រៃ​ឈើ​ចំនួន ២​លើក​នៅ​តំបន់​ព្រៃព្រះរការ​ផង​នោះ បាន​ប្រាប់​ថា លោក​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ធន​ធាន​ព្រៃឈើ​នៅ​កម្ពុជា​នា​ថ្ងៃ​អនាគត ប្រសិន​បើ​គ្មាន​វិធានការ​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ​នោះ។

លោក តាំងអ៊ី ប្រាប់ថា៖ «ចង់សំណូមពរទៅកាន់រដ្ឋាភិបាលធ្វើយ៉ាងណាពង្រឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ហើយលុបបំបាត់អំពើពុករលួយ ព្រោះអំពើពុករលួយក៏ជាហេតុនាំឱ្យមានការបាត់បង់ព្រៃឈើដែរ ហើយអីដែលសំខាន់ សូមឱ្យគាត់[រដ្ឋាភិបាល] ធ្វើតាមអ្វីដែលយើងសំណូមពរនៅក្នុងលិខិតដែលក្រុមសកម្មជនព្រៃឈើ និងនិសិត្សដែលស្រលាញ់ធនធានធម្មជាតិទាំង ៤ចំណុច»

កញ្ញា សារ៉ន ចរិយា ជានិសិត្សឆ្នាំទី២ ម្នាក់ទៀត នៃដេប៉ាដឺម៉ង់បរិស្ថាន នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចុះអង្កេតពីការកាប់បំផ្លាញព្រៃឈើនៅឧទ្យានជាតិព្រៃព្រះរកា និងព្រៃឡង់ លើក​ឡើង​ថា ប្រតិបត្តិការចុះបង្រ្កាបបទល្មើសព្រៃឈើពីសំណាក់​រដ្ឋាភិបាល នៅមិនទាន់មានភាពសកម្មគ្រប់គ្រាន់នៅឡើយ​ទេ។

កញ្ញា ចរិយា និយាយថា៖ «ការចុះបង្រ្កាបរបស់រាជរដ្ឋាភិបាល ឬសមត្ថកិច្ចនៅតំបន់ហ្នឹង គឺគាត់អត់មាន លក្ខណៈថា និយាយទៅគាត់អត់ស្ទុះស្ទារនៅក្នុងការបង្រ្កាបវា។ ហើយណាមួយវាពាក់ព័ន្ធនឹងក្រកាស PC មួយដែលចេញដោយខាងក្រសួង​[កសិកម្ម] រុក្ខាប្រមាញ់ និងនេសាទហ្នឹង។… ខ្ញុំចង់សំណូមពរទៅកាន់រដ្ឋាភិបាលធ្វើយ៉ាងណាពង្រឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ហើយលុបបំបាត់អំពើពុករលួយ ព្រោះអំពើពុករលួយក៏ជាហេតុនាំឱ្យមានការបាត់បង់ព្រៃឈើដែរ»

ប្រធានផ្នែកសើបអង្គេតនៃអង្គការលីកាដូ លោក អំ សំអាត ទទួលស្គាល់ការថមថយនៃបទល្មើសព្រៃឈើ បន្ទាប់ពីមានយុទ្ធនាការចុះបង្រ្កាបរបស់គណៈកម្មការជាតិ​ទប់ស្កាត់ និងបង្រ្កាបបទល្មើស​​ធនធានធម្មជាតិ ប៉ុន្តែ លោកប្រាប់ ប្រតិបត្តិការនោះ ធ្វើឡើងដោយអន្លើនៅឡើយ។

លោក សំអាត លើកឡើងថា៖ ​«ខ្ញុំគ្រាន់ឃើញថា វាមានការធ្លាក់ចុះដោយសារប្រតិបត្តិការរបស់រដ្ឋាភិបាលក៏ដោយ ក៏បទល្មើសនេះ[ព្រៃឈើ]វានៅតែបន្តកើតខ្លះដែរ។ អីចឹងខ្ញុំគិតថា ទាក់ទងនឹងបញ្ហាទាំងអស់នេះ ទី១ រដ្ឋាភិបាលគួរតែផ្អាកអាជ្ញាបណ្ណទាក់ទងទៅនឹងអាជីវកម្មឈើ ដែលរដ្ឋាភិបាលបានដក ធ្លាប់ដកនៅមណ្ឌលគីរីហ្នឹង។ អីចឹងកន្លែងផ្សេងៗ គួរតែផ្អាកសិន ដើម្បីកុំឱ្យវាមានផលប៉ះពាល់ដល់ដំណើរការប្រតិបត្តិរបស់រដ្ឋាភិបាលបង្រ្កាប និងទប់ស្កាត់ព្រៃឈើហ្នឹង»

អ្នកនាំពាក្យគណៈកម្មការ​ជាតិ​ទប់ស្កាត់ និងបង្រ្កាបបទល្មើស​​​ធនធានធម្មជាតិ លោក អេង​ ហ៊ី បានចាត់ទុក​ការ​អំពាវ​នាវ​របស់​ក្រុម​សកម្មជន​ព្រៃឈើ និង​យុវជន​ទាំង​នោះ​ថា គ្រាន់​តែ​ជា​ការ​បញ្ចេញ​ទស្សនៈ​តែ​ប៉ុណ្ណោះ ប៉ុន្តែ លោក​ថា គណៈកម្មការរបស់លោក កំពុងធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើទូទាំងប្រទេស។

លោក អេង ហ៊ី មានប្រសាសន៍ថា៖  «សព្វថ្ងៃហ្នឹង យើងធ្វើនៅទូទាំងប្រទេស។ ឥឡូវយើងឃើញ រកឃើញឡានប៉ាកុងហ្នឹង គឺនៅបាត់ដំបង១០គ្រឿងទៀត។ គេកំពុងតែធ្វើរាល់ថ្ងៃហើយ តែវាអត់ឃើញអ្នកណាដែលមានបទល្មើស។ បើមានបទល្មើសគេបង្រ្កាបហើយ។ ហើយបើសិនជាមាន សូមឱ្យគាត់រាយការណ៍​ទៅ[អាជ្ញាធរ​]ពាក់ព័ន្ធជាមួយហ្នឹងតំបន់ហ្នឹងតែម្តង។ ដូចថា ឥឡូវពាក់ព័ន្ធនឹងខេត្តណា គឺសូមឱ្យគាត់រាយការណ៍ទៅខេត្តហ្នឹង ហើយបើខេត្តហ្នឹងមិនធ្វើ នឹងចាំគណៈកម្មការមានវិធានការ»

បើតាមលោក អេង ហ៊ី ថ្លែងប្រាប់​វីអូឌី​នៅខែកក្កដ​កន្លង​មក​ថា​ នៅដើមឆ្នាំ២០១៦ គណៈកម្មការរបស់លោក​បង្ក្រាបបានឈើជាង ១០​ម៉ឺនម៉ែត្រគូប ហើយនៅឆ្នាំ២០១៨ បង្ក្រាបបានឈើជាង ៤​ពាន់ម៉ែត្រគូប ហើយឃាត់ខ្លួនមនុស្សបានចំនួន ១៦៣​នាក់ ក្នុង​នោះ​មនុស្ស ៦៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ហើយមនុស្ស​ដទៃ​ទៀត ត្រូវ​បាន​ធ្វើការពិន័យ និងអប់រំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ