លោកផៃ ស៊ីផានចាត់ទុករបាយការណ៍បំណុលប៉ះពាល់ដល់ការវិនិយោគ

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលជួបប្រជុំជាមួយមន្ត្រីមកពីអង្គការលីកាដូ និង សមាគមធាងត្នោត នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី (រូបដោយ៖ ឃុន វ៉ាន់ដា)

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅតែហៅរបាយការណ៍ដែលស្រាវជ្រាវរួមគ្នារបស់អង្គការលីកាដូ និងសមាគមធាងត្នោត ស្តីពីគ្រឹស្ថានមីក្រូហិរញ្ញវត្ថុកេងប្រវ័ញ្ចធ្វើធ្វើឱ្យពលរដ្ឋរងទុក្ខវេទនានោះ ធ្វើឡើងមិនត្រឹមត្រូវ អាចប៉ះពាល់ដល់ការវិនិយោគនិងនយោបាយ។​

ក្រោយអង្គការលីកាដូ និងសមាគមធាងត្នោតបានចេញផ្សាយរបាយការណ៍រួមគ្នា នាខែសីហា ឆ្នាំ២០១៩នេះ ស្តីអំពីការធ្វើឱ្យខូចទ្រព្យដាក់បញ្ចាំ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជារួចមក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធនាគារជាតិ​ និងស្ថាប័នរដ្ឋផ្សេងៗចេញប្រតិកម្មជាបន្តបន្ទាប់។​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំការជួបប្រជុំមួយ ជាមួយអង្គការដែលចេញរបាយការណ៍ទាំងពីរ រួមជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀតកាលពីរសៀលម្សិលមិញ ដើម្បីជជែកលើរបាយការណ៍នោះ។​ ប៉ុន្តែក្រោយការពិភាក្សាចប់ភាគីទាំងពីរនៅតែប្រកាន់ជំហររឿងខ្លួនដដែល។​

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផានបានអះអាងថា មូលហេតុដែលលោកហៅរបាយការណ៍របស់អង្គការទាំងពីរថាជាឯកសារខ្វះតម្លាភាព គ្មានមូលដ្ឋានពិតប្រាកដ ព្រោះខ្វះការពិភាក្សាជាមួយស្ថាប័នជំនាញ ហើយផ្តោតតែលើបញ្ហាសិទ្ធិមនុស្សតែម៉្យាង។ 

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបន្តថា របាយការណ៍នេះអាចជះឥទ្ធិពលអាក្រក់ចំនួនពីរចំពោះកម្ពុជា ទី១គឺប៉ះពាល់ដល់ការបណ្តាក់ទុនចូលមកស៊ីរបស់ឈ្មួញបរទេសផ្នែកមីក្រូហិរញ្ញវត្ថុអាចមានការថយចុះ ទី២គឺក្រុមប្រឆាំងមួយចំនួនបានយកទិន្នន័យក្នុងរបាយការណ៍នេះមកប្រើប្រាស់ក្នុងផ្នែកនយោបាយដើម្បីវាយប្រហារ​រដ្ឋាភិបាល​។

លោក ផៃ ស៊ីផាន៖ «ដូច្នេះរបាយការណ៍ដែលបានចេញហ្នឹង ជារបាយការណ៍មួយ មិនអាចយកជាការណ៍បាន ដូចជានៅក្នុងរបាយការណ៍ហ្នឹងយើងឃើញថា ការលើកឡើងនៅករណីតូចមួយ គឺករណីដែលកូនក្មេងធ្វើការនៅក្នុងឡឥដ្ឋ រហូតដល់សមាជិកនៃសភារបស់សហរដ្ឋអាមេរិកហ្នឹង បានតាក់តែងច្បាប់ថាជាការរំលោភសិទ្ធមនុស្ស។ ដូច្នេះអាហ្នឹងនៅក្នុងន័យខ្មែរនិយាយថា មិនគួរណាដុតផ្ទះមួយ ដើម្បីចម្អិនពងមាន់មួយទេ អាហ្នឹងដែលយើងឃើញ»

មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ អំ សំអាត ថ្លែងថា របាយការណ៍ដែលចេញរួចហើយនោះនឹងគ្មានការកែលម្អអ្វីបន្ថែមទៀតឡើយ ព្រោះជាឯកសារដែលស្រាវជ្រាវឡើងដោយគោរពតាមបច្ចេកទេសត្រឹមត្រូវ។ ប៉ុន្តែ លោក សំអាត ក៏ទទួលយកមតិកែលម្អរបស់រដ្ឋាភិបាល ព្រោះជាយោបល់ល្អសម្រាប់បង្កើនការគិតកាន់តែល្អិតល្អន់សម្រាប់របាយការណ៍ផ្សេងទៀតនាពេលខាងមុខ។

លោកលោក អំ សំអាត៖ «បញ្ជាក់ថារបាយការណ៍នេះ អង្គការលីកាដូ និងសមាគមធាងត្នោតមិនមែនបង្កប់គំនិតបញ្ហានយោបាយ រឺអ្វីនោះទេ ព្រោះអង្គការលីការដូ និងសមាគមធាងត្នោត ជា​អង្គការមួយដែលអព្យាក្រឹត ឯករាជ្យ ដែលយើងមាននៅក្នុងលក្ខនិក្កៈតម្កល់នៅក្រសួងមហាផ្ទៃ។ ហើយលទ្ធផលនៃរបាយការណ៍នេះ គឺចង់បញ្ជាក់អំពីទិដ្ឋភាពជាក់ស្តែង មាន២៨គ្រួសារ​ដែលគាត់ទទួលរងការរំលោភសិទ្ធិមនុស្ស ហើយយើងចង់ធ្វើយ៉ាងម៉េចថ្ងៃក្រោយកុំឱ្យបញ្ហាកើតមានទៀត»

មិនខុសគ្នាពីលោក អំ សំអាត នាយកប្រតិបត្តិរបស់សមាគមធាងត្នោត លោក សឿង សារ៉ន បានលើកឡើងថា កិច្ចប្រជុំពិភាក្សា ហើយពន្យល់បញ្ជាក់ចំណុចមន្ទិលសង្ស័យរួមគ្នារវាងអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល គឺជាសកម្មភាពដ៏ល្អ។ ពិសេស គឺបញ្ជៀសការយល់ច្រលំពីសំណាក់ម្ចាស់ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា គិតប្រាស់ចាកគោលបំណងពិតនៃការចងក្រងរបាយការណ៍របស់អង្គការសង្គមស៊ីវិល។

លោក សឿង សារ៉ន៖ «វាជាការត្រឹមត្រូវ វាគួរតែជាជំហានមួយដ៏ល្អ ដែលខាងឯកឧត្តមរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីគាត់បានអញ្ជើញភាគីពាក់ព័ន្ធដើម្បីមកជជែក ជៀសវាងការប្រើយន្តការរដ្ឋបាល រឺយន្តការតុលាការក្នុងការចាត់វិធានការណ៍អ្នកដែលពាក់ព័ន្ធ។ ព្រោះនេះវាជាជំហានមួយដែលយើងជួយបំភ្លឺទៅគ្នាទៅវិញទៅមក ដើម្បីយល់គ្នាទៅវិញទៅមក ចៀសវាងការយល់តែម្ខាងៗ»។

របាយការណ៍ដែលស្រាវជ្រាវរួមគ្នារវាងអង្គការលីកាដូ និងសមាគមធាងត្នោត កម្រាស់ជាង៣០ទំព័រ បញ្ជាក់ថា ការអនុវត្តផ្តល់ប្រាក់កម្ចីគ្មានក្រមសីលធម៌ មានការលក់ដីដោយបង្ខំ ការបាត់បង់លំនៅឋាន ពលកម្មកុមារ ការចំណាកស្រុក ការបញ្ចាំខ្លួនដោះបំណុល និងការចងការប្រាក់ឯកជន។ របាយការណ៍នេះចងក្រងឡើងក្រោមកិច្ចការស្រាវជ្រាវលើពលរដ្ឋក្រុមគោលដៅចំនួន២៨គ្រួសារ ដែលរស់នៅក្នុងឃុំចំនួន១០ ស្ថិតនៅខេត្ត និងរាជធានីចំនួន៤ក្នុងប្រទេសកម្ពុជា។

ក្រោយអង្គការទាំងពីរចេញរបាយការណ៍ ប្រធានរាជបណ្ធិតសភាកម្ពុជាលោកបណ្ឌិត សុខ ទូច ក៏បានចេញមុខច្រានចោលលទ្ធផលស្រាវជ្រាវនេះដែរ ដោយលោកចោទថា ជាការសិក្សាគ្មានមូលដ្ឋានវិទ្យាសាស្ត្រ ហើយការជ្រើសរើសអ្នកសម្ភាសន៍ក៏មានចំនួនតិចត្រឹម២៨គ្រួសារ ខុសគ្នាឆ្ងាយពីចំនួនអ្នកជាប់បំណុលមីក្រូហិរញ្ញវត្ថុពិតដែលមានរហូតចំនួនជាង២លាននាក់។

ទោះបីលទ្ធផលនៃជំនួបមានរូបភាពបែបនេះក្តី តែភាគីទាំងសងខាងសុទ្ធបង្ហាញនូវអារម្មណ៍រីករាយរួមគ្នាដដែល ភាគីខាងរដ្ឋាភិបាលបានអះអាងថា លោកមានអារម្មណ៍ស្រស់ស្រាយដែលបានធ្វើការជាដៃគូរជាមួយអង្គការសង្គមស៊ីវិល ឯតំណាងខាងអង្គការលីកាដូ និងសមាគមធាងត្នោត ក៏បានបញ្ជាក់អំពីទឹកចិត្តរីករាយដូចគ្នាដែលបានជួបជជែកផ្ទាល់ អង្គុយស្រាយចម្ងល់ទល់មុខគ្នាបែបនេះដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ