សមត្ថកិច្ចចាប់ខ្លួនអតីតមេឃុំគណបក្សសង្គ្រោះជាតិម្នាក់នៅខេត្តកំពង់ចាម

លោក ហ៊ុន សុខគង់ អតីតមេឃុំបូសខ្នុរ ស្រុកចំការលើ (រូបភាពលោកកាលពីនៅជាមេឃុំ) ដែលត្រូវសមត្ថកិច្ចចាប់និងឃុំខ្លួនកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក)

សមត្ថកិច្ចចាប់ខ្លួនអតីតមេឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាមម្នាក់ កាលពីម្សិលមិញ  ក្រោមបទចោទប្រកាន់អំពើញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ភរិយាលោក ហ៊ុន សុខគង់ គឺអ្នកស្រី ខាន់ សុគន្ធា ប្រាប់វីអូឌីនៅថ្ងៃនេះថា អ្នកស្រីមិនទាន់ទទួលបានដីកាចាប់ខ្លួនស្វាមីអ្នកស្រីនោះទេ។​​ អ្នកស្រីបន្តថា គាត់ក៏មិនបានដឹងពីមូលហេតុដែលសមត្ថកិច្ចចាប់ខ្លួនស្វាមីពីបទល្មើសអ្វីទេ។​

លោកថា៖«ខ្ញុំទើបមកដល់ស្នងការខេត្តកំពង់ចាម ប៉ុន្តែមកសុំជួបគេមិនឱ្យជួបផង គេថា ម៉ោង ២ រសៀល ។ គេអត់ប្រាប់យើងផង ​​អត់ដឹងចាប់ពីមូលហេតុអីផង»។

ស្នងការខេត្តកំពង់ចាម លោក ឯម កុសល សុំមិនធ្វើអត្ថាធិប្បាយជុំវិញការចាប់ខ្លួនអតីតមេឃុំបុសខ្នុរ លោក ហ៊ុន សុខគង់ ដោយថា លោកជាប់រវល់ប្រជុំជាមួយព្រះរាជអាជ្ញា។

លោកថា៖«ខ្ញុំជាប់ប្រជុំអធ្យាស្រ័យ ពុងប្រជុំជាមួយព្រះរាជអាជ្ញា»។ 

ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកំពង់ចាមលោក ហួត វុទ្ធី មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មានដែលសមត្ថកិច្ចចាប់ខ្លួនអតីតមេឃុំបុសខ្នុរ ហ៊ុន សុខគង់ នៅឡើយទេ។​ ប៉ុន្តែលោកថា តុលាការបានចេញដីកាកោះហៅឱ្យលោក ហ៊ុន សុខគង់ចូល​បំភ្លឺនៅពាក់កណ្តាលខែកញ្ញា ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តិបទក្រិដ្ឋជាអាទិ៍។​

តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក ហាក់ ហ៊ាន់ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានចេញដីកាបីផ្សេងគ្នា  ដោយកោះហៅអតីតមេឃុំបុសខ្នុរ លោក ហ៊ុន សុខគង់អតីតក្រុមប្រឹក្សាខេត្តកំពង់ចាម លោក គង់ ស៊ីវង្ស និង អតីតសមាជិកយុវជនគណបក្សប្រឆាំង លោក រិន រដ្ឋ។

ក្រោយពេលតុលាការចេញដីកាកោះហៅនេះ លោក គង់ ស៊ីវង្ស និង លោក រិនរដ្ឋ បានគេចខ្លួនទៅក្រៅប្រទេស ចំណែកលោក ហ៊ុន សុខគង់ត្រូវចាប់ខ្លួន​មិនថ្ងៃកំណត់ចូលបំភ្លឺ។​

អតីតសមាជិកយុវជនគណបក្សប្រឆាំង លោក រិន រដ្ឋ ថ្លែងថា តុលាការ ចេញដីកាកោះហៅពួកគាត់ទាំង ៣ នាក់នេះ  ធ្វើឡើងបន្ទាប់ពីជួបអតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ីនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។

លោកថា៖«ខ្ញុំត្រឡប់មកវិញនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៩ ពេលល្ងាច ដល់ថ្ងៃទី១៩ ខែសីហា ខ្ញុំបានទទួលព័ត៌មានថាមានប៉ូលីសមកស៊ើបអង្កេតឈ្មោះអី។ ហើយខ្ញុំក៏រត់នៅថ្ងៃទី១៩ ខែសីហាហ្នឹងតែម្ដង»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃលីកាដូ លោក អំ សំអាត មើលឃើញថាតុលាការចេញដីកាកោះហៅ និងការចាប់ខ្លួនអតីតមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់នេះ  ជាការគំរាមកំហែងទៅសកម្មជនដទៃទៀតកុំឱ្យប្រមូលគ្នាទៅទទួល លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា។ លោកចាត់ទុកការចេញដីកាកោះហៅ និងការចាប់ខ្លួននេះ ធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។​

លោកថា៖« ប្រជាពលរដ្ឋទាំងអស់លោក មានកាតព្វកិច្ច ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ ហើយក្របខណ្ឌច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្ស  ជាពិសេសកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ អ៊ីចឹងពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយ។ អ៊ីចឹងមើលឃើញ បើគ្រាន់តែប៉ុណ្ណឹង ហើយត្រូវមានការចាប់ខ្លួន វាអាចប៉ះពាល់សិទ្ធិជាមូលរដ្ឋរបស់ប្រជាពលរដ្ឋ»។

នៅក្នុងខែកញ្ញានេះ មាន អតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤ នាក់ ហើយដែលត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួន  ក្នុងមាននៅខេត្តកំពង់ធំចំនួន ៣ នាក់។

អ្នកទាំង ៣នាក់ត្រូវតុលាការខេត្តកំពង់ធំ សម្រេចឃុំខ្លួននៅពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃទី២ និង៣ ខែកញ្ញា កន្លងទៅ  ពាក់ព័ន្ធនឹងការបង្ហោះសារនិងចែករំលែកព័ត៌មានវិទ្យុអាស៊ីសេរីដោយគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជា។

របាយការណ៍​របស់​អង្គការលីកាដូ បាន​បង្ហាញ​ថា គិតត្រឹមចុងខែសីហាឆ្នាំ២០១៩ អតីត​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ១៥៦​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ ឬ​តុលាការ​កោះ​ហៅ​សាក​សួរ ឬ​ចូល​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​ការ​សម្ដែង​មតិ និង​ការ​ជួប​ជុំ​របស់​ពួកគេ ។ ក្នុងចំណោមនោះ ១៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួននិង​ដាក់​ឃុំ​​​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ