កម្ពុជារៀបចំសេចក្ដីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (រូបភាព៖ ហ្វេសប៊ុក)

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រកាសថា​សេចក្ដីព្រាងច្បាប់ស្តីពីការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិដោយអះអាងថា ដើម្បីបម្រើប្រយោជន៍​ពលរដ្ឋពិសេសជួយអន្តរគមន៍ចំពោះករណីរំលោភសិទ្ធិមនុស្សនានា។

​នេះបើ​តាម​សេចក្ដី​ប្រកាស​​ព័ត៌មានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលចេញផ្សាយថ្ងៃ​ទី១០កញ្ញា ឆ្នាំ២០១៩។

សេចក្ដីប្រកាសព័ត៌មាន លើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រគល់ភារកិច្ច​ជូន​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដឹកនាំនិងរៀបចំសេចក្ដីព្រាងច្បាប់នេះឱ្យបានត្រឹមត្រូវ​តាមទម្រង់ ខ្លឹមសារច្បាប់ជាតិ ច្បាប់អន្តរជាតិព្រមទាំងពន្លឿននីតិវីដើម្បីពិភាក្សាពិគ្រោះ​យោបល់ ឈានទៅអនុម័តបង្កើតច្បាប់នេះ។

សេចក្ដីប្រកាសបញ្ជាក់ថា ការតាក់តែងសេចក្ដី​ព្រាង​​ច្បាប់នេះ គឺធ្វើឡើងដើម្បីឆ្លើយតបនឹងអនុសាសន៍របាយការណ៍ត្រួតពិនិត្យជាសកល​តាមពេលវេលាកំណត់របស់អង្គការសហប្រជាជាតិឱ្យស្របតាមគោលការណ៍ទីក្រុងបារីសដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២០ខែធ្នូឆ្នាំ១៩៩៣។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកកត្តា អ៊ន មានប្រសាសន៍ថា ច្បាប់នេះ ត្រូវរៀប​ចំឡើង​សម្រាប់ បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យមួយ សម្រាប់បម្រើប្រយោជន៍​ពលរដ្ឋពិសេសជួយអន្តរគមន៍ចំពោះករណីរំលោភសិទ្ធិមនុស្សនានា។

លោក កត្តា អ៊ន ៖ ជាស្ថាប័នកំពូលមួយដែលមិនចំណុះឱ្យស្ថាប័ននិតិបញ្ញត្តិ សា្ថប័ននិតិ​ប្រតិ​បត្តិ និង​តុលាការស្ថាប័ននេះមានអំណាចផ្តល់មតិយោបល់ផ្តល់អនុសាសន៍ទៅលើស្ថាប័ននិតិបញ្ញត្តិ សា្ថប័ននិតិប្រតិបត្តិ និងតុលាការលើកិច្ចការសិទ្ធិមនុស្ស។ នេះជារឿងមួយយើង​គ្រោង​​​ធ្វើអញ្ចឹង  យើងគ្រោងធ្វើឱ្យមានស្ថាប័នមួយហ្នឹងដែលមានប្រសិទ្ធិភាព​ក្នុងការងារសិទ្ធិ​មនុស្សជាពិសេសការងារអង្កេត និងដោះស្រាយបណ្ដឹងផ្សេងៗដែលប្រជាពលរដ្ឋដាក់ជូន។

មហាសន្និបាតអង្គការសហប្រជាជាតិកាលថ្ងៃទី ២០ ខែធ្នូឆ្នាំ ១៩៩៣ បានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ៤៨/១៣៤ ស្តីពី“ ស្ថាប័នជាតិសម្រាប់ការជំរុញនិងការពារសិទ្ធិមនុស្ស” ធ្វើ​ឡើង​​ដោយ​បង្ហាញ គោលការណ៍ស្ដីពីឋានៈនៃស្ថាប័នជាតិដែលធ្វើការងារផ្នែកសិទ្ធិ​មនុស្ស។​ ប្រទេសលើសកលលោកឱ្យឈ្មោះឯកសារនោះថាគោលការណ៍ក្រុងប៉ារីស។ សេចក្ដី​សម្រេច​នេះ បានលើកទឹកចិត្តឱ្យរដ្ឋទាំងអស់នៅលើពិភពលោកបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ ដើម្បីការពារសិទ្ធិមនុស្ស។

គោលការណ៍ទីក្រុងប៉ារីសបង្កើត ត្រូវបានទទួលស្គាល់ជាអន្តរជាតិដើម្បីវាយតម្លៃភាពជឿជាក់ឯករាជ្យភាពនិងប្រសិទ្ធភាពរបស់ស្ថាប័នសិទ្ធិមនុស្សជាតិ ។ គោលការណ៍ចែងថា ដើម្បីឱ្យមានប្រសិទ្ធិភាព ស្ថាប័នសិទ្ធិមនុស្សជាតិ គួរតែមានសមត្ថកិច្ច ក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្សទាំងអស់ក្នុងប្រទេសរបស់ខ្លួន ។

គោលការណ៍នោះក៏បានចែងដែរថា  ដំណើរការជ្រើសរើសនិងការតែងតាំង អ្នកដឹកនាំឬបុគ្គលិកស្ថាប័ននេះ ត្រូវធ្វើឡើងដោយមានភាពឯករាជ្យភាពមិនមានការ​ជ្រៀតជ្រែកពីខាងក្រៅ។លើសពីនេះ ហិរញ្ញវត្ថុ ព្រមទាំងសមត្ថកិច្ច​និងវិសាលភាពបំពេញការងារ ក៏ទាមទារឱ្យមានការធានាពីរដ្ឋដែរ។ 

សេចក្ដីពា្រងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិដែលសង្គមស៊ីវិលដាក់ជូនរាជរដ្ឋាភិបាល​ពិនិត្យមានចែងលើផ្នែកសំខាន់ៗចំនួនបីផ្នែក រួមមានតួនាទីនិងភារកិច្ចរបស់ស្ថាប័ន អំណាច​ឯករាជ្យរបស់ស្ថាប័ន និង សមាសភាពនៃថ្នាក់ដឹកនាំស្ថាប័ន។

បើតាមលោក កត្តា អ៊ន  បញ្ជាក់នោះ ស្ថាប័នសិទ្ធិមនុស្សជាតិនឹងមិនអនុញ្ញាត​ឱ្យថ្នាក់ដឹកនាំ​ស្ថាប័ននោះមានពាក់ព័ន្ធនិងសកម្មភាពបម្រើឱ្យគណបក្សនយោបាយឬអង្គការណាមួយផ្សេងឡើយ ស្ថាប័ននោះនឹងបានទទួលថវិការគ្រប់គ្រាន់សម្រាប់ដំណើរការ​ដែលថវិកាមួយភាគធំគឺ​យកចេញពីថវិកាជាតិតែម្តង។

 លោក កត្តា អ៊ន ៖« ស្ថាប័នថ្មីនេះមិនចំណុះឱ្យសភាព្រឹទ្ធសភា​ឬរាជរដ្ឋាភិបាលឬ NGO​ណាមួយ នោះទេ វាជាស្ថាប័នជាតិឯករាជ្យដូចជាគជប និងក្រុមប្រឹក្សាធម្មនុញ្ញ។ល។»

លោក កត្តា អ៊ន បញ្ជាក់ថា ក្រុមការងាររៀបចំសេចក្ដីព្រាងច្បាប់នេះ នឹងបើកវេទិកា​សារណៈ​ឱ្យបានច្រើនដងមុននឹងដាក់ច្បាប់ចូលទៅកាន់គណៈរដ្ឋមន្ត្រី ដើម្បីប្រមូលមតិយោបល់​នានា​ដើម្បី​កែលំអរសេចក្ដីព្រាងច្បាប់ឱ្យកាន់តែល្អស្របតាមស្តង់ដារជាតិនិងអន្តរជាតិ។

ទាក់ទងនឹងរឿងនេះសកម្មជនដីធ្លីតំបន់បឹងកក់ កញ្ញា សុង ស្រីលាភ ថ្លែងស្វាគមន៍ចំពោះ​គម្រោងនេះ ប៉ុន្តែកញ្ញានៅចាំមើលថាតើការអនុវត្តការងារជាក់ស្តែង​អាចបម្រើប្រយោជន៍​ជូនពលរដ្ឋអ្នករងគ្រោះឬក៏អត់។កញ្ញារំឭកថា កន្លងមកស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល​មិនបានជួយគាត់នៅពេលដែលរងការរំលោភសិទ្ធិឡើយ។

សុង ស្រីលាភ៖« និយាយពីកន្លងមក ខ្ញុំជាពលរដ្ឋសហគមន៍ត្រូវគេចាប់ចងដោយសារតស៊ូមតិ​បញ្ហាដីធ្លី ខ្ញុំមិនមែនទទួលបានការអន្តរាគមន៍ជួយពីស្ថាប័នសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាលទេ មានតែ​ការ​​ប្រមាថមើលងាយថែមទៀតដូចជាថា ពួកខ្ញុំជាស្រីមាយា ស្ត្រីមានកលល្បិច ឬអ្នក​ស៊ីឈ្នួលបាតុកម្មជាដើម។ ខ្ញុំគិតថា ការប្រកាសរបស់ពួកគាត់គ្រាន់តែធ្វើឱ្យយើង​រីករាយ​នៅពេលដែលយើងលឺ សំខាន់គាត់ធ្វើបានឬអត់?»

ចំពោះនាយករងអង្គការលីកាដូ លោក អំ សំអាត វិញលោកកត់សម្គាល់ថា ការបង្កើត​ស្ថាប័ន​សិទ្ធិមនុស្សជាតិនៅពេលនេះ ជាកាលវេលាមិនទាន់សមទំនងនៅឡើយ។លោកអះអាងថា តាមគោលការណ៍ទីក្រុងប៉ារីស ស្ថាប័នសិទ្ធិមនុស្សជាតិត្រូវឯករាជ្យដោយមានសភាព​ចូលរួម​ពីគ្រប់ភាគីពាក់ព័ន្ធ ប៉ុន្តែស្ថានភាពសិទ្ធិមនុស្សកម្ពុជាមិនល្អព្រោះតែសិទ្ធិសេរីភាព​បញ្ចេញមតិ​សិទ្ធិនយោបាយ កំពុងរងការគាបសង្កត់ពីសំណាក់រដ្ឋាភិបាល។

លោក អំ សំអាត៖« បង្កើតស្ថាប័នជាតិសិទ្ធមនុស្សមកឈរលើជំហរឯករាជ្យឬបង្កើតឱ្យតែបាន​ខ្ញុំនៅតែមិនមានជំនឿប្រាកដប្រជាថាស្ថាប័នហ្នឹងមានជំហរឯករាជ្យទេ។អ្វីដែលមើលឃើញហាក់បង្ហាញឆន្ទៈថា រដ្ឋាភិបាលគាត់ចង់ធ្វើចង់បង្កើតស្ថាប័នគតិយុត្តិអីអស់​ហ្នឹងអាចធ្វើ​បាន​ហើយ  តែសំខាន់គាត់អនុវត្តយ៉ាងណា គាត់ការពារសិទ្ធិមនុស្សមែនឬអត់?»

សព្វថ្ងៃស្ថាប័នសិទ្ធិមនុស្សជាតិនេះត្រូវបានបង្កើតឡើប្រទេស៥ក្នុងតំបន់អាស៊ានរួមមាន ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។ខណៈដែលស្ថាប័ននេះ ក៏ សកម្ម​ខ្លាំង​ដែរនៅប្រទេសជប៉ុននិងកូរ៉េ។

នៅកម្ពុជាមានស្ថាប័នសិទ្ធិមនុស្សមួយឈ្មោះថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា  ដឹកនាំដោយលោក កែវ រ៉េមី សមាជិកមជ្ឈឹម​បក្ស​របស់គណបក្សប្រជាជនកម្ពុជា។ ជា​និច្ច​កាលលោក​កែវរ៉េមី តែងចេញមុខវាយប្រហារបក្សប្រឆាំង ខណៈដែលស្ថាប័នរបស់លោក ​​ចេញមុខការពាររាជ​រដ្ឋាភិបាល​ពីការរិះគន់​លើផ្នែក​រំលោភសិទ្ធិមនុស្ស។ ស្ថាប័ន​នេះក៏ទទួល​ខុសត្រូវចំពោះមុខគណៈ​កម្មាធិការសិទ្ធិ​មនុស្សរបស់រដ្ឋសភានិងព្រឹទ្ធិសភា។

របាយការណ៍កម្រាស់ ២០ទំព័ររបស់អ្នកស្រី រ៉ូណា ស្មីត ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្រុងហ្ស៊ឺណែវ ប្រទេសស្វីស កត់សម្គាល់ថា លំហរប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គ្របដណ្ដប់ទៅ​ដោយការគាបសង្កត់សិទ្ធិនយោបាយ។ នេះបើតាម ខណៈដែលសង្គមស៊ិវិលក្នុងស្រុករកឃើញថា សកម្មជនបក្សប្រឆាំងជាង១៤០​ត្រូវបានកោះហៅនិង២២នាក់ត្រូវបានអាជ្ញាធរចាប់ដាក់គុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ