សមាជិក៦រូបទៀត របស់គណបក្សសង្គ្រោះជាតិត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្តបន្ទាប់ពីទីតាំងផ្សេងគ្នា នៅព្រឹកថ្ងៃនេះ និង កាលពីម្សិលមិញ ដោយមិនទាន់បានបញ្ជាក់មូលហេតុច្បាស់លាស់នៃការចាប់ខ្លួននេះនៅឡើយ។
នេះបើតាមការបញ្ជាក់របស់មន្ត្រីសង្គមស៊ីវិលនិងអតីតសហការីរបស់ពួកគេនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
ប្រភពពីសកម្មជននិងអតីមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងឱ្យដឹងថា មន្ត្រីមូលដ្ឋានអតីតបក្សសង្រ្គោះជាតិ៣រូបត្រូវបានចាប់ខ្លួន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញារួមមាន លោក លី ម៉េងឃាង អតីតសមាជិកគណ:កម្មការប្រតិបត្តិស្រុកស្អាង ខេត្តកណ្តាល លោក លី លីន អតីតមេឃុំ សំរោងធំ ស្រុកកៀនខេត្តកណ្តាលនិង លោក ឈុន ថៃយុទ្ធ អតីតជំទប់ទី១ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។
ចំណែកឯមនុស្សបីនាក់ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៣ខែកញ្ញារូមមាន លោក យ៉ាត ភារម្យ អតីតសមាជិកយុវជនបក្ស ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ត្រូវចាប់ខ្លួននៅខេត្តបន្ទាយមានជ័យ កញ្ញា យូ ចាន់សុធានី ជាអតីតអ្នកអានព័ត៌មានផេកហ្វេសប៊ុករបស់លោកសម រង្ស៊ី ត្រូវចាប់ខ្លួននៅភ្នំពេញ លោកទុំ ប៊ុនឆន អតីតបេក្ខជនក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូ២ រាជធានីភ្នំពេញ ត្រូវចាប់ខ្លួននៅខេត្តសៀមរាប។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិទាំងនេះ គឺជានិតិវិធីរបស់សមត្ថកិច្ចក្នុងការស៊ើបអង្កេតបទល្មើសខណៈដែលការសម្រេចចោទប្រកាន់ឬអត់នោះជាឆន្ទានុសិទ្ធរបស់ព្រះរាជអាជ្ញា។
លោក ជិន ម៉ាលីន៖ ជួនកាលសមត្ថកិច្ចរកឃើញមានតម្រុយបទល្មើសគេហៅមកសួរនាំសិន បើសិនមិនពាក់ព័ន្ធនឹងបទល្មើសគេអាចឱ្យទៅវិញ បើសិនពាក់ព័ន្ធនឹងបទល្មើសគេអាចបន្តធ្វើនិតិវិធីចោទប្រកាន់។យើងចាំមើលចំណាត់ការរបស់ព្រះរាជអាជ្ញាបើគេចោទប្រកាន់តើពាក់ព័ន្ធនឹងបទល្មើសអីមូលដ្ឋាននៃការចោទប្រកាន់ហ្នឹងមានអ្វីខ្លះ? ជួនកាលបើគាត់មិនពាក់ព័ន្ធបទល្មើសឬអង្គការចលនាអីខុសច្បាប់ទេ គេនឹងលែងពួកគាត់ទៅវិញហើយ តែបើមានពាក់ព័ន្ធគេនឹងបន្តនិតិវិធីទៀត។
វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវ សុភ័គ្របានទេ នៅថ្ងៃសៅរ៍នេះ ខណៈដែលស្នងការនគរបាលខេត្តកណ្ដាលលោក អ៊ាវ ចំរើន ក៏មិនឆ្លើយនឹងសំណួរដែលសួរពីការចាប់ខ្លួនអតីមន្ត្រីមូលដ្ឋានបក្សនៅស្រុកស្អាង និងស្រុកកោះធំនោះទេ។
លោក ទុំ ប៊ុនលី ជាបងបង្កើតរបស់ លោកទុំ ប៊ុនឆនដែលអតីតបេក្ខជនក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូ២ រាជធានីភ្នំពេញ រៀបរាប់ថា ប្អូនប្រុសរបស់ខ្លួនត្រូវសមត្ថកិច្ចតាមដានអស់ច្រើនថ្ងៃនិងត្រូវចាប់ខ្លូននៅវេលាម៉ោង៣រសៀលថ្ងៃទី១៣កញ្ញានៅទីតាំងរកស៊ីទិញលក់អចលទ្រព្យនៅខេត្តសៀមរាប។
លោក ទុំ ប៊ុនលី៖ ដំបូងតេរកទិញដីអ៊ីចឹងក៏គេ(នគរបាលបន្លំ)មកកន្លែងហ្នឹងមួយសន្ទុះក៏ឃើញមានម៉ូតូច្រើនទៅចាប់ឆនហ្នឹងកំពុងបើកឡានទៅគេចាប់។មួយម៉ោងក្រោយមកឆនវាតេមកខ្ញុំប្រាប់ថាគាត់ត្រូវបានគេចាប់ហើយ ហើយខ្ញុំក៏សួរថាមានដីកាអត់ម៉េចបានគេចាប់?អត់ទាន់បានឆ្លើយខ្ញុំផងទូរស័ព្ទក៏បិទទៅ។
លោកបន្តថា ក្រុមគ្រួសាររបស់គាត់កំពុងបារម្ភខ្លាំង ព្រោះមិនបានដឹងដំណឹងពិតប្រាកដសោះថា សមត្ថកិច្ចឃុំខ្លួនលោក ប៊ុន ឆននៅទីណានោះឡើយ។
លោក ប៊ុន លី ៖ « ខ្ញុំចង់ជួបថាយកប្អូនខ្ញុំទៅដាក់នៅឯណា ចោទហ្នឹងពីបទអី?ខ្ញុំក៏ចង់សុំឡានសុំរបស់របរអីទុកឱ្យប្រពន្ធវារកស៊ីចិញ្ចឹមកូន។ធ្វើការសន្និដ្ឋានតាមសម្តីគាត់(លោកឆន)និយាយទៅរឿងនេះគឺពាក់ព័ន្ធនឹងនយោបាយ៩០ភាគរយហើយ ព្រោះវាអត់ដែលមានរឿងអី(រឿងក្ដីក្ដាំ)មិនល្អទេ វាមិនដែលទៅឈ្លោះពីណាទេ គាត់មានតែជួយគេអាណិតគេ តែដល់ថាមានរឿងជាមួយអ្នណាគឺអត់មាន។»
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកគង់ សភា បានសរសេរលើផេកផ្លូវការរបស់ខ្លួនដោយភ្ជាប់នឹងរូបថតមនុស្សទាំង៦នាក់ដែលត្រូវចាប់ខ្លួន។ លោក គង់ សភា បានសរសេរថា៖ នេះជាចេតនាគំរាមកំហែង ផ្នែកនយោបាយបំបាក់ស្មារតីទប់ស្កាត់កម្លាំងយុវជនដែលហ៊ានងើបឡើងណាមួយដែលទៅទទួលលោកប្រធាន សម រង្ស៊ីធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។អាស្រ័យ ដូចបានជម្រាបជូនខាងលើនេះ សូមអំពាវនាវដល់ អង្គការសិទ្ធិមនុស្ស សង្គមស៊ីវិលជាតិ និងអន្តរជាតិ មេត្តាជួយតាមដានក្នុងរឿងនេះផង។
ទាក់ទងនឹងការចាប់ខ្លួននេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថាសមាជិកក្រុមគ្រួសារអ្នកដែលត្រូវចាប់ខ្លូនមួយចំនួនបានទាក់ទងមកអាដហុក ដើម្បីឱ្យជួយសុំយោបល់ជំនួយផ្នែកច្បាប់និងសុំឱ្យជួយតាមឃ្លាំមើលករណីទាំងនេះ។ លោកបន្តថា ករណីទាំងអស់នេះទំនងជាចេតនារបស់គណបក្សកាន់អំណាចដើម្បីឆ្លើយទៅតបទៅនឹងការប៉ុនប៉ងវិលចូលស្រុករបស់លោកសមរង្ស៊ី។ លោកបញ្ជាក់ថា ការចាប់ខ្លួនមន្ត្រីថ្នាក់ក្រោមរបស់អតីតបក្សប្រឆាំងនេះ គឺស្តែងឱ្យឃើញពីស្ថានភាពរំលោភសិទ្ធិមនុស្សដែលគួរឱ្យបារម្ភ។
លោក ស៊ឹង សែនករុណា៖ «យើងគិតថាយើងមានការព្រួយបារម្ភព្រោះយើងឃើញមានការចាត់វិធានការជាបន្តបន្ទាប់អ៊ីចឹង។ ហើយរាជរដ្ឋាភិបាលហាក់ដូចជាអត់បានងាកគិតមិនយកការស្នើសុំរបស់សហគមអន្តរជាតិ(ឱ្យគោរពសិទ្ធិមនុស្ស) ទាល់តែសោះផ្ទុយទៅវិញស្ថានភាពកាន់តែធ្ងន់ធ្ងរទៅស្របនឹងស្ថានភាពនយោបាយនៅកម្ពុជាកាន់តែធ្លាក់(អាក្រក់)ចុះនោះ។
មន្ត្រីអង្គការសង្គមស៊ីវិលឱ្យដឹងថា បើគិតអ្នកទាំង៦នាក់ដែលចាប់ខ្លួនលើកនេះ សរុបចំនួនមនុស្សបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនមានចំនួន២៨នាក់និងជាង ១៥០នាក់ ត្រូវបានកោះហៅមកសាកសួរដោយសមត្ថកិច្ច។
របាយការណ៍កម្រាស់ ២០ទំព័ររបស់អ្នកស្រី រ៉ូណា ស្មីត ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្រុងហ្ស៊ឺណែវ ប្រទេសស្វីសថា មួយឆ្នាំបន្ទាប់ពីការបោះឆ្នោត ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែគ្របដណ្ដប់ដោយការសង្កត់ សង្កិនសិទ្ធិនយោបាយ៕