អតីត​បក្ស​ប្រឆាំង​​រៀបផែនការ​​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក ចំពេល​រដ្ឋាភិបាល​ត្រៀម​ទប់​ស្កាត់​​អំឡុង​បុណ្យ​ភ្ជុំ

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (FB: លោក សម រង្សុី)

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ​បាន​សម្រេច​ដាក់​ផែន​ការវិល​ត្រលប់​របស់​​លោក​ សម រង្ស៊ី ដែលគ្រោង​វិល​ត្រឡប់​នៅ​ដើម​ខែ​​វិច្ឆិកា​ខាង​មុខ ខណៈ​ដែល​រដ្ឋាភិបាល​ត្រៀម​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បុណ្យភ្ជុំបិណ្ឌនេះ​ផង​ដែរ។

​លោក សម រង្ស៊ី ដែល​បាន​ប្រកាស​ខ្លួន​ឯង​ជា​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​​ជាតិ បាន​កំណត់​ថ្ងៃ​វិល​ចូល​ស្រុក​របស់​លោកវិញ​នា​ថ្ងៃ​៩ វិច្ឆិកា​​ខាង​មុខ ចំ​ថ្ងៃ​ខួប ៦៦​ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​១៥ កញ្ញា អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ Massachuesetts សហរដ្ឋ​អាមេរិក​ បាន​សម្រេច​រៀប​ចំ​ផែន​ការ​សកម្ម​ភាព​សម្រាប់​ដំណើរ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី មាន ​៥​ចំនុច​ដែល​រួម​មាន សម្រេច​ឱ្យ​លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​បក្ស​ចូល​ទៅ​កាន់​តំបន់​អាស៊ី​នៅ​ថ្ងៃ​៥ វិច្ឆិកា រៀប​ចំ​ថវិកា​សម្រាប់​គាំទ្រ​ដល់​កង​កម្លាំង​ផ្ដាច់​ខ្លួន ប្រគល់​ភារកិច្ច​ឱ្យ​រចនា​សម្ព័ន្ធ​បក្ស​ទាំងក្នុង​ ​និង​ក្រៅ​ប្រទេស អនុវត្តន៍​ផែន​ការ​មាតុភូមិ​និវត្តន៍ និង​អំពាវ​នាវ​ឱ្យ​ពលករ​ក្រៅ​ស្រុក​ចូល​រួម​ជា​​កម្លាំង​នៃ​ការ​ចូល​ស្រុក​នេះ​ផង​ដែរ។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូ សុខហួរ បាន​ឱ្យ VOD ដឹងថា ការសម្រេចនេះ គឺជាស្មារតីរបស់គណបក្សលោកស្រីក្នុងការជំរុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមានក្នុងប្រទេស។

លោកស្រី មូរ សុខហួរ ប្រាប់ថា៖ «យើងដឹងច្បាស់ថា នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាយើង គឺមហាជន និងសកម្មជនយើងមានស្មារតីរឹងមាំ ចង់ឱ្យមានការផ្លាស់ប្ដូរហើយសកម្មភាពនោះមានគ្រប់ទីកន្លែងដែលធ្វើឱ្យរដ្ឋាភិបាលលោកហ៊ុន សែន មានការខ្វាយខ្វល់ដែលបង្ក​ឱ្យមានការចាប់ចងសកម្មជន ឬក៏ប្រជាពលរដ្ឋដោយខុសច្បាប់។ តែយើងឃើញថាសកម្មជនយើង គណបក្សសង្គ្រោះជាតិមិនដកថយ គឺទៅមុខដើម្បីឆ្ពោះទៅរកបំណងរបស់ពលរដ្ឋគឺការផ្លាស់ប្ដូរជាវិជ្ជមាន»

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល ​លោក ផៃ ស៊ីផាន​ បដិសេធ​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​ការ​សម្រេច​នេះ ដោយ​លោក​ចាត់​ទុក​ថា​ជាការ​សម្រេច​របស់​ក្រុមក្រៅ​ច្បាប់។

លោក​ ផៃ​ ស៊ីផាន ប្រាប់​ថា៖ «សុំ​ជម្រាប​ជូន​អញ្ចេះ! អាចលនាសង្គ្រោះ​ជាតិ ឬ​បក្សសង្គ្រោះជាតិ​ ខ្ញុំ​អត់​មាន​សមត្ថកិច្ច​ណា​ទៅ​ឆ្លើយ​ឆ្លង​ជា​មួយ​ពួក​ហ្នឹង​ទេ​! ព្រោះ​សុទ្ធ​តែ​ពួក​ក្រៅ​ច្បាប់​ទាំង​អស់»

ស្រប​ពេល​ដែល​បក្ស​សង្គ្រោះ​ជាតិ​រៀប​ចំ​បែប​នេះ​ កាល​ពី​ថ្ងៃ​ទី​១៣ កញ្ញា​កន្លង​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហា​ផ្ទៃ​ លោក ស ខេង បាន​សម្រេច​ចាត់​ឱ្យ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឱ្យ​ចូល​រួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​គ្រប់វត្ត​ទូទាំង​ប្រទេស ដោយ​ឆ្លៀត​ឱកាស​ឱ្យ​ជួយ​ផ្សព្វផ្សាយ​ពី​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ថែរក្សា​សុខ​សន្ដិភាព​របស់​កម្ពជា​ផង​ដែរ។

​ក្នុង​សារ​សំឡេង​ដែល​បាន​បែក​ធ្លាយ​ ដែល​គេ​ជឿ​ថា​ជា​​ប្រសាសន៍​របស់​លោក​ ស ខេង រដ្ឋម​ន្ត្រី​មហាផ្ទៃ​រូប​នេះ បាន​បញ្ជារ​ឱ្យ​មន្ត្រី​​ចុះ​មូល​ដ្ឋានតាម​វត្ត​អារ៉ាម​ទាំង​នោះ ​​ដើម្បី​សង្កេត និង​ទប់​ស្កាត់​ភាព​មិន​ប្រក្រតី ក្រោយពេល​ដែល​លោក​ទទួល​ដំណឹង​ថា​ចលនា​សង្គ្រោះ​ជាតិ​នឹងប្រើ​ប្រាស់​ការ​ជួប​ជុំ​នៅ​ទីវត្ត​អារ៉ាម​ក្នុង​ពេល​បុណ្យ​ភ្ជុំ​ដើម្បី​ពិភាក្សា​រៀប​ចំ​ផែន​ការ​ងងឹត​ប្រឆាំង​រដ្ឋ។

លោក ស ខេង ថ្លែង​ថា៖ «សុំ​ជម្រាប​ជូន​ឯក​ឧត្តម លោកជំទាវ អភិបាលរាជធានី​ខេត្ត មេត្តា​ជា្រប​អញ្ចេះ ពួក​ប្រឆាំង​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ គេ​បាន​ឱ្យ​គ្នា​គេ​ចុះ​ទៅ​តាម​វត្ត​ពេល​ភ្ជុំ​បិណ្ឌ​នោះ​ឱ្យ​បាន​ច្រើន​ ដើម្បី​ជា​ឱកាស​ពេល​ភ្ជុំ​បិណ្ឌ​ហ្នឹង​ជួប​ជុំ​គ្នា ហើយ​នឹង​ពិភាក្សា ឬ​ក៏​រៀប​ចំ​ផែន​ការ​ខ្មៅ​របស់​គេ​នោះ។ ឥឡូវ​នេះ​ យើង​នាំ​គ្នា​រៀប​ចំតាម​ខ្ញុំ ​យើង​រៀប​ចំ​ឱ្យ​មន្ត្រី​ចុះ​តាម​វត្ត ម្យ៉ាង​ គឺ​ដើម្បី​រៀប​ចំ​បុណ្យ​ភ្ជុំបិណ្ឌ ម្យ៉ាង​គឺ​រៀប​ចំ​សភាព​ការណ៍​ឱ្យ​បាន​ល្អ​ផង​»

អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ លោក ខៀវ សុភ័គ បដិសេធ​មិន​បញ្ជាក់​ពី​សារសំឡេង​នេះ ដោយ​ឱ្យ​អ្នក​សារព័ត៌មាន​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង។

លោក ខៀវ សុភ័គ ប្រាប់​​ថា៖ «ពូ​អត់​មាន​អី​ឆ្លើយ​ទេ​ក្មួយ​ ពូ​សុំ​មិន​ឆ្លើយ​រឿង​ហ្នឹង! ក្មួយ​ឆ្លើយ​ខ្លួន​ឯង​មួយ​ម៉ាត់​ទៅ គិត​ឡើង​វិញ​ទៅ​។ រៀន​ជំនាញ​មិន​ដល់​បាន​ជា​មិន​ដឹង​»

អ្នក​វិភាគ​នយោបាយ​លោកបណ្ឌិត ​ឡៅ ម៉ុងហៃ យល់​ថា វិធានការ​របស់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​នេះ​ ហាក់បី​ដូច​ជា​កំពុង​បង្ហាញ​​នូវ​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក​សម រង្ស៊ី។ លោ​ក​បន្ថែម​ថា ​ការ​បង្កើន​វិធាន​ការ​ក្ដៅ​ដាក់​គ្នា​ទៅ​វិញ​​ទៅ​មក​នេះ​មិន​បាន​ធ្វើ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ដល់​ជាតិ​ទេ។

លោក​បណ្ឌិត ​ឡៅ ម៉ុង​ហៃ មាន​ប្រសាសន៍​ថា៖ «ចេះ​តែ​ចាត់​វិធាន​ការ​ផ្សេង​ៗ​ ទី១ ​ដើម្បី​ទប់​ស្កាត់ សម រង្ស៊ី កុំ​ឱ្យ​ដណ្ដើម​អំណាច។ ទី២ អ្នក​ដែលមាន​អំណាច​ហើយ​នៅ​តែ​ឱប​ក្រសោប​អំណាច​ជា​បន្ត​ទៀត ហើយ​អ្នក​ដែល​មាន​អំណាច​ហ្នឹង​ក៏​ចេះ​តែ​បន្ត​ប្រើប្រាស់​ធនធាន​របស់​ជាតិ​ហ្នឹង ជាពិ​សេស​លុយ​កាក់​ពន្ធ​ដារ​របស់​ប្រជាពលរដ្ឋ​ហ្នឹង យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​ទៅ។ […] ហ្នឹង​ គឺ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​យើង​អត់​ហ៊ាន​ថា​ យ៉ាងម៉េច​ៗ​ទេ តែ​វា​អាច​កើត​មានគ្រាន់​តែ​ខុស​គ្នា​បន្ដិច​បន្ដួច។ ​អាហ្នឹង​ វាអាច​ទៅ​ជា​រងើក​ភ្លើង​ ឬ​ផ្កា​ភ្លើង​ដែល​ធ្វើ​ឱ្យ​ឆេះ​ផ្ទះ​បាន​»

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ឱ្យ​ជា​យោបល់​ថា​ នយោបាយ​ទាំង​ពីរ​គួរ​ស្រុះ​ស្រួល​គ្នា​វិល​រក​តុចរចារ​ដើម្បី​ពិភាក្សា និង​សាមគ្គី​ជាតិ​​វិញ​ទើប​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រីក​ចំរើន។

ក្រោយ​ការ​និរទេស​ខ្លួន​ឯង​កាល​ពី​ចុង​ឆ្នាំ​២០១៥ លោក សម រង្ស៊ី  បាន​ប្រកាស​​វិល​ចូល​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ខណៈ​ដែល​ជាប់​បណ្ដឹងជា​ច្រើន​ប្ដឹង​ដោយ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។

​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា នឹង​ចាប់​ខ្លួន​លោក សម រង្ស៊ី នៅ​ពេល​លោក​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​នោះ ខណៈ​ដែល​​សកម្មជន​ និង​មន្ត្រី​មូល​ដ្ឋាន​អតីត​គណបក្ស​​សង្គ្រោះ​ជាតិ​ចំនួន​ ២៦នាក់ហើយ​ត្រូវ​បាន​អាជ្ញាធរ​​ចាប់​ខ្លួន ដោយ​ចោទ​ថា ​មាន​ពាក់ព័ន្ធ​នឹង​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ