ជនជាតិដើមភាគតិចនៅ​មណ្ឌលគិរី ប្តឹង​អាជ្ញាធរមូលដ្ឋានព្រោះ​មិន​ទប់ស្កាត់​ការ​ទន្រ្ទាន​ដីព្រៃ​

ព្រៃសហគមន៍នីតិបុគ្គល ដែលត្រូវពលរដ្ឋកាប់ទន្ទ្រានកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩

ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី បានដាក់ពាក្យបណ្ដឹងទៅតុលាការដែលប្ដឹងអាជ្ញាធរមូលដ្ឋាន ដោយពួកគេថា មិនបានទប់ស្កាត់ការទន្ទ្រានដីព្រៃ​ និងការកាប់ព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀ។

តំណាងសហគមន៍ភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា លោក ក្លាង ថូល ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ពួកគាត់ចំនួន១៥ នាក់ បានចុះល្បាតព្រៃ ដោយចាប់បានពលរដ្ឋម្នាក់ដែលស៊ីឈ្នួល​កាប់រានដីព្រៃសហគមន៍នីតិបុគ្គល ដែលមានទីតាំងស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀអស់ជាង២ ហិកតា។ 

លោក បន្តថាពួកគាត់ប្ដឹងមេប៉ុស្តិ៍ទួលសា្វយឈ្មោះ លាង ណាង  និងមេឃុំដាក់ដាំ លោក ចាស់ណា ទៅតុលាការ ដោយសារតែ អាជ្ញាធរទាំងពីរបែរជាបណ្ដោយឱ្យពលរដ្ឋចូលកាប់ទន្ទ្រានដី និងការកាប់ព្រៃឈើដោយមិនធ្វើការទប់ស្កាត់ ទាំងដីព្រៃសហគមន៍នេះ ស្ថិតក្នុងដែនគ្រប់គ្រងរបស់ខ្លួននោះ។

លោក ស្នើទៅតុលាការ និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទៅលើអ្នកការកាប់ទន្ទ្រានដីព្រៃនិងកាប់បំផ្លាញ់ព្រៃឈើ រួមទាំងមន្ត្រីថ្នាក់ក្រោមទៅតាមច្បាប់។

លោក ថា៖«ខ្ញុំសំណូមពរទៅព្រះរាជអាជ្ញាហ្នឹង​ ធ្វើតាមច្បាប់​ ដែលកុំឱ្យ លម្អៀង  ព្រោះកន្លងទៅដាក់ពាក្យបណ្ដឹងជាច្រើនករណីពីមុនៗអត់បានផលអីសោះ ។ ខ្ញុំដាក់ពាក្យបណ្ដឹងបរិហារក៏មាន បទកាប់ទន្ទ្រានដីព្រឈើក៏មានដែរ​ ប៉ុន្តែអត់មានប្រសិទ្ធភាពលើហ្នឹងមិនដឹងម៉េច»

មេប៉ុស្តិ៍៨លោក លាង ណាង  ​ បានបដិសេធការចោទប្រកាន់របស់ប្រជាសហគមន៍ ដែលថាអាជ្ញាធរធ្វេសប្រហែលក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនិងការទន្ទ្រានដីព្រៃ។ លោកបន្តថា ប្រសិនបើតុលាការកោះហៅលោកនឹងចូលបំភ្លឺចំពោះរឿងនេះ។ 

លោក ថា៖«ពួកខ្ញុំនៅមិនបានជាប់ ព្រោះត្រូវទៅប្រជុំនៅខេត្តនៅ វរៈអីអ៊ីចឹង ។ [កន្លងមក] អ្នកភូមិនៅនោះឧស្សាហ៍តេមកប្រាប់ខ្ញុំដែរ ខ្ញុំក៏បានឱ្យកម្លាំងទប់ស្កាត់រួចរាល់ម្ដង ហើយក្រោយមកៗទៀតខ្ញុំក៏អត់បានដឹងដែរ»។

មេឃុំដាក់ដាំលោក ចាស់ ណា ក៏បានបដិសេធការចោទប្រកាន់របស់ប្រជាសហគមន៍ជនជាតិដើមភាគតិច។

លោក មានប្រសាសន៍ថា៖«ពួកខ្ញុំមិនបានធ្វេសប្រហែលអីទេ គ្រាន់តែខាងនោះ[ភូមិនោះវាជិត] ខាងខ្ញុំវាឆ្ងាយ[ភូមិខ្ញុំវាឆ្ងាយ] ដ៏អ៊ីចឹងខាងខ្ញុំក៏មិនចុះ»។

អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីលោក មាស ប្រុស មានប្រសាសន៍ថា តុលាការបានទួលពាក្យបណ្ដឹងពីក្រុមប្រជាសហគមន៍នឹងបានបញ្ជូនទៅព្រះរាជអាជ្ញាពិនិត្យរួចហើយដែរ។

លោក ថា៖«ទទួលហើយបញ្ជូនទៅខាងលើហើយ អត់ទុកទេ។ ព្រះរាជអាជ្ញាគាត់ ចាត់ឱ្យព្រះរាជអាជ្ញារងមួយណា [អត់បានដឹងទេ]ក្នុងសំណុំរឿងហ្នឹង»។

អ្នកប្រឹក្សាយោបល់សម្រាប់សហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី លោក គ្រើង តុលា ស្នើទៅរដ្ឋាភិបាលនិងតុលាការ ឱ្យដាក់ទោសលើមន្ត្រីអសកម្មដែលមិនចុះទប់ស្កាត់បទល្មើសព្រៃឈើដូចគ្នានឹង​អ្នក​ប្រព្រឹត្តបទល្មើសដែរ។

បើតាមតំណាងសហគមន៍ពូលុ លោក ក្លាង ថូល អះអាងថា ព្រៃសហគមន៍នីតិបុគ្គលត្រូវបានក្រសួងទទួលស្គាល់ និងចុះបញ្ជីកាលពីឆ្នាំ២០១១ ដោយដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងដោយសហគមន៍ពូលុ ដែលមានប្រជាពលរដ្ឋជិត២០០គ្រួសារអាស្រ័យផល។ ព្រៃនេះស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀ។

ដែនជម្រកសត្វព្រៃណាំលៀ ត្រូវរដ្ឋាភិបាលបានដាក់បញ្ចូលជាដែនជម្រកសត្វព្រៃ កាលពីឆ្នាំ២០១៦ ដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានដែលមានផ្ទៃដីជាង ២ម៉ឺនហិកតា (២១.៩៣៣)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ