វិភាគ​៖ មូលហេតុ​ដែល​ធ្វើ​ឱ្យ​កសិករ​បោះបង់​របរ​កសិកម្ម

សកម្មភាពប្រមូលស្រូវរបស់កសិករក្នុងខេត្តបន្ទាយមានជ័យ (រូបកាលពីពេលកន្លងទៅ)

ក្រោយ​ចប់​សង្គ្រាម​ស៊ីវិល​ ដែល​នាំ​មក​នូវ​ស្ថិរភាព​សង្គម​ ប្រទេស​កម្ពុជា​បាន​ពឹង​ផ្អែកខ្លាំង​​លើ​វិស័យ​កសិកម្ម ទោះ​ជា​យ៉ាង​ណា​ក្រោយៗមក រហូតដល់បច្ចុប្បន្ន​វិស័យនេះ បានថយចុះ​​ជា​បន្តបន្ទាប់ ខណៈ​កសិករ​ក៏​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​មុខ​របរ​របស់​ខ្លួន​មក​ចាប់យក​​ការងារ​ផ្សេង​វិញ។

របាយការណ៍​សូចនាករម៉ាក្រូសេដ្ឋកិច្ចឆ្នាំ​២០១៨ ក្រសួង​សេដ្ឋកិច្ច​ឱ្យ​ដឹង​ថា​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​កន្លង​ទៅ​ពឹង​ផ្អែក​ខ្លាំង​លើ​​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ខណៈ​កសិកម្ម​មានតិច​តួច​ប៉ុណ្ណោះ។

ក្រសួង​លើក​ឡើង​ថា៖ « វិស័យ​កសិកម្ម​នៅតែ​បន្ត​កំណើន​ទាប ពោលគឺក្នុងអត្រា ១,៧% ដោយសារ​ការ​ថមថយ​កំណើន​នៃ​អនុវិស័យ​ដំណាំ និងអនុវិស័យចិញ្ចឹមសត្វ បើទោះបីជាអនុវិស័យនេសាទអាចរក្សាបានកំណើនខ្ពស់ជាងឆ្នាំ ២០១៧ បន្តិច​បន្តួច​ក្តី » ។

តើមានមូលហេតុអ្វីដែលធ្វើឱ្យពលរដ្ឋខ្មែរបោះបង់ចោលការងារស្រែចម្ការជាបន្តបន្ទាប់?

កាល​ពី​ថ្ងៃ​ទី ១៩ តុលា ឆ្នាំ​២០១៨ កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក វេង សាខុន​ បាន​លើក​ឡើង​ថា​កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យកសិកម្មនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកពី៨០% នៅឆ្នាំ១៩៩៣ មកត្រឹម ៦០% នៅឆ្នាំ២០០៥ និងបាន​បន្ត​ធ្លាក់​មក​ជិត៤០% នៅឆ្នាំ២០១៧ កន្លងមកនេះ។

ការ​ធ្លាក់​ចុះ​នៃ​កម្លាំង​ពល​កម្ម​នេះ ក៏​ប៉ះពាល់​ដល់​កំណើន​ផលិត​ផល​សរុប​ក្នុង​វិស័យ​នេះ​ផង​ដែរ បើ​យើង​ពិនិត្យ​មើលការ​កត់​ទុក​របស់​ធនាគារ​ពិភព​លោក បាន​ឱ្យ​ដឹង​ថា​​ផលិត​ផល​សរុប​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ពី​ជាង​៤៧ភាគរយ​នៃ​ផលិត​ផល​សរុប​​ក្នុង​ឆ្នាំ​១៩៩៧ មក​នៅ​ត្រឹម​២២ភាគប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៨។

ប្រធានផ្នែកគ្រប់គ្រងធនធានផ្នែកផលិតផល នៅក្រុមហ៊ុន សហករណ៍សិរីរាង្គខ្មែរ លោក នាង ថៃ​ មានប្រសាសន៍​ថា​តាម​និន្នាការ​បច្ចុប្បន្ន ​កសិករ​ខ្នាត​តូច​ជា​ច្រើន​បាន​បោះបង់​ការងារ​កសិកម្ម​របស់​ខ្លួន​ ទៅ​ធ្វើ​ការងារ​នៅ​ទីក្រុង ឬ​ចំណាក​ស្រុក​វិញ ដោយ​ថា​​បណ្ដាល​មក​ពី​បញ្ហា​ទីផ្សារ កង្វះ​បច្ចេកទេស​កសិកម្ម និង​ធារាសាស្ត្រ​ជា​ដើម។

លោក​ថា៖ « ខ្ញុំ​មើល​ទៅ​ភាគច្រើន​គាត់​បោះ​បង់​មក​ហើយ​ធ្វើ​ជា​កម្មករ​ទៅ​វិញ ទៅ​ជា​ចំណាក​ស្រុកទី១ ទី២​គាត់​ទៅ​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន(កសិកម្ម)ធំៗ​វិញ​។ ជាក់​ស្ដែង​នៅ​ខាងខ្ញុំ​គឺ​ធ្វើ​ការ​ប្រមូល​ពី​កសិករ​ដែរ តែ​ដោយ​សារ​គាត់​អត់​អាច​ធ្វើ​ការ​ផ្គត់ផ្គង់​បាន​។ តាម​ពិតទិស​ដៅនៃ​ការ​ធ្វើ​របស់​យើង​គោល​ដៅ​គឺ​ជា​កន្លែង​ប្រមូល​ផ្ដុំ​បន្លែក្នុង​សហគមន៍​របស់គាត់ តែ​ដោយ​សារ​វា​ទាក់ទង​នឹង​ចំណេះ​ដឹង​របស់គាត់​ លុយ​គាត់​មិន​សូវ​មាន ធនធាន​គាត់​មិនសូវ​មាន ហើយ​វា​តូច​ទៀត​អញ្ចឹង​គាត់​ក៏​សម្រេច​ចិត្ត​បោះបង់ការងារ​ស្រែ​ចម្ការ​របស់គាត់ ហើយ​គាត់​បែរជា​មកធ្វើ​ជាកម្ម​ករ​ស៊ីឈ្នួល​ជា​ថ្ងៃ​ជា​ខែ​អី​វិញ » ។

កសិករ​ម្នាក់​នៅ​​​ឃុំ​សំរោង ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់ចាម​ ​លោក ភិន សុផល បាន​ឱ្យ​VOD ដឹង​ថា​ដោយ​សារ​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការងារ​ស្រែ​ចម្ការបែប​នេះ​ទើប​លោកណែ​នាំ​ឱ្យ​កូន​ៗ​គាត់​ធ្វើ​ការងារ​ផ្សេង​ក្រៅ​ពី​ការងារ​ស្រែ​ចម្ការ​វិញ។

លោក​ថា៖ « កំពុង​តែ​ចង់​ឱ្យ​កូន​មាន​ការងារ​នៅ​ភ្នំពេញ​ដែរ ព្រោះ​អី​ការងារ​កសិកម្ម​ឥឡូវ​មិន​អាច​យក​ជា​ការ​បាន​ដូច​ជំនាន់​មុន​ទេ។ ព្រោះ​អី​តម្លៃ​ជី​ថ្លៃ ថ្នាំ​ថ្លៃ ស្រូវ​ពូជ​អី​ក៏​ថ្លៃ​សព្វគ្រប់ » ។

បើ​តាម​លោក ភិន សុផល ការ​ងារ​ស្រែច​ម្ការ​របស់​លោក​គឺ​ធ្វើ​តែ​សម្រាប់​ហូប​ខ្លួន​ឯងប៉ុណ្ណោះ ខណៈ​ចំណូល​បន្ថែម​គឺ​បាន​ពី​ការ​ងារ​សំណង់ ឬ​ការ​ដើរ​ធ្វើ​ម្ហូប​តាម​រោង​បុណ្យ និង​ការ​ប៉ុណ្ណោះ។

ប្រធាន​សម្ព័ន្ធ​សហ​គមន៍​កសិករ​កម្ពុជាលោក​ ថេង សាវឿន មាន​ប្រសាសន៍​ថា​បញ្ហា​ដែល​ធ្វើ​ឱ្យ​កសិករ​បោះបង់​ការងារ​កសិកម្ម​របស់​ខ្លួន​បណ្ដាល​មក​ពី ​តម្លៃ​កសិផល​ដែល​ផលិត​បានមាន​តម្លៃ​ទាប​ជាង​ថ្លៃ​ផលិត ​ខ្វះ​បច្ចេក​ទេស បញ្ហា​ទុន ទីផ្សារ និង​កង្វះ​ប្រព័ន្ធធារាសាស្ត្រ​ជាដើម។ លោក​បន្ថែម​ថា​បច្ចុប្បន្ន​គឺ​មាន​តែ​មនុស្ស​ចាស់​ទេ​ដែល​នៅ​ធ្វើ​ស្រែ​ចម្ការ ខណៈ​មនុស្ស​ក្មេងជាច្រើន​ចាប់​ផ្ដើម​ធ្វើ​ចំណាកស្រុក​ដើម្បី​រក​ការងារ​ធ្វើ​នោះ។

លោក​ថា៖ « កូន​របស់​គាត់ មនុស្ស​ពេញ​វ័យ​ក្នុង​វ័យ​១៨​ឆ្នាំ​ទៅ​ធ្វើ​ចំណាកស្រុក​មក​ធ្វើ​ការ​នៅ​វិស័យ​ឧស្សាហកម្ម​ធ្វើ​ជាកម្មករ​កាត់ដេរ ឬ​ធ្វើ​នៅ​វិស័យ​កំសាន្ត​អី​អញ្ចឹង​ទៅណា ឬ​ក៏​ចំណាកស្រុក​ទៅ​ប្រទេស​ជិត​ខាង​។ មាន​តែ​មនុស្ស​ចាស់​ទេ​ដែល​គាត់​ធ្វើ​កសិកម្ម​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​គាត់​ដោយ​សារ​តែ​គាត់​នៅ​ចាំ​ផ្ទះ​លំនៅ​ដ្ឋាន​ផង គាត់​មិន​ដឹង​ធ្វើ​មុខ​របរ​អី​គាត់​មាន​តែ​ធ្វើ​កសិកម្ម​ដើម្បី​ចិញ្ចឹម​គ្រួសារ​ជាជាង​គាត់​នៅ​ទំនេរ » ។

លោក ថេង សាវឿន បន្ថែម​ថា​ដោយ​សារ​ពលរដ្ឋ​ជាច្រើន​ងាក​ទៅ​លើ​ការងារ​ផ្សេងដោយ​បោះបង់​ចោល​ការងារ​កសិកម្ម​នោះ វា​ធ្វើ​ឱ្យ​កម្ពុជាខ្វះ​កម្លាំង​កសិកម្ម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជាក្លាយ​ជា​អ្នក​​ទិញទិន្នផល​កសិកម្ម​ពី​ប្រទេស​ជិត​ខាង​វិញ។

​ប្រធាន​សមាគម​កសិកម្មឈ្លាសវ៉ៃ​លោកបណ្ឌិត សាន ប៊ុននីកា មាន​ប្រសាសន៍​ថា​ប្រជាកសិករ​មិន​ចង់​បោះបង់​ការងារ​ស្រែចម្ការ​របស់​ពួកគាត់​ទេ តែ​ដោយ​សារ​បញ្ហា​ទីផ្សារ បច្ចេក​ទេស​កសិកម្ម និ​ង​បញ្ហា​ទឹក​ដែល​នៅ​រំពឹង​លើ​មេឃ​ភាគច្រើន​បាន​ធ្វើ​ឱ្យ​ផល​ចំណេញ​របស់​ពួកគាត់​ចេញ​ពី​ពី​វិស័យ​កសិកម្ម​បាន​តិច ទើប​ធ្វើ​ឱ្យ​កសិករ​ងាក​ទៅ​រក​ការងារ​ផ្សេង​វិញ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជីវភាព​របស់​ខ្លូន។

លោក​ថា៖ « ទីផ្សារ​វា​វេទនា ឧទាហរណ៍​ថា​ស្រូវ​សែន​ក្រអូប រដ្ឋាភិបាល​ប្រកាស​ថា​ធ្វើ​សែន​ក្រអូប ហើយ​ដល់​ទៅចេញ​មក​ហើយ​លក់​ពូជ​ឱ្យ​កសិករ​វា​ថ្លៃតែ​ដល់​ពេល​ធ្វើ​បាន​ហើយ​បែរ​ជា​ទម្លាក់​តម្លៃ​ស្រូវ​គាត់។ ដល់​អញ្ចឹង​យើង​បន្ទោស​អ្នកណា? កសិករ​គាត់​អស់ទឹក​ចិត្ត​នឹង​ធ្វើ ព្រោះ​សម័យ​មុន​គឺ​យើង​ធ្វើ​ស្រែ​ដើម្បី​ចិញ្ចឹម​ខ្លួន​ត្រឹម​តែ​ហូប​ប៉ុនហ្នឹង​ទេ។ សម័យ​នេះ​គឺ​រំពឹង​លើ​ទីផ្សារ​ដល់​ទីផ្សារ​របស់​យើង​វា​អត់​មាន​លំនឹង​ គាត់​ធ្វើ​យ៉ាង​មិច​មាន​តែ​ធ្វើតាម​យថា​ហេតុ​យថា​ផល បាន​ក៏​បាន​ទៅ​មិន​បាន​ក៏​មិន​បាន​ទៅ​។ ដល់​អញ្ចឹង​ទៅ​ខាង​សមាគម​ ខា​ង​មន្ត្រី​កសិកម្ម ខាង​រោង​ចក្រ​ ម៉ាស៊ីន​កិន​ស្រូវ គេ​សស្រាក់​សស្រាំ​ជា​មួយ​គ្នា​ណាស់ តែ​អ្នក​ដែល​រងទុក្ខវេទនា​ជាង​គេ​គឺ​កសិករ​យើង​ហ្នឹង​តែ​ម្ដង » ។

បើ​តាម​លោក ប៊ុននីកា ក្រៅ​ពី​បញ្ហា​ដែល​កើត​មាន​ក្នុង​ស្រុក​នេះ ការជ្រៀត​ជ្រែក​​ទីផ្សារ​របស់​ប្រទេស​ជិត​ខាងក៏​ជា​បញ្ហាធំ​នៃ​ទីផ្សារ​កសិកម្ម​របស់​កម្ពុជា​ផង​ដែរ។

អ្នក​ជំនាញ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ទប់​ស្កាត់​ការ​ជ្រៀតជ្រែក​ទីផ្សារ​របស់​ឈ្មួញ​ប្រទេស​ជិតខាង ធានា​ដល់​ទីផ្សារ​ដល់​កសិករ​ ខណៈ​ពង្រឹង​ការងារ​កសិកម្ម​របស់​ខ្លួន​ដោយ​បង្ហាត់​នូវ​បច្ចេកទេសដល់​កសិករ ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ​ឱ្យ​បាន​ដល់​គ្រប់​គ្រាន់​ទូទាំង​ប្រទេស ទប់​ស្កាត់អំពើរ​ពុករលួយ ដែល​រដ្ឋ​ត្រូវ​មាន​ទំនួល​ខុសត្រូវ​ខ្លាំង​លើ​បញ្ហា​នេះ។

​ការ​វិភាគ​របស់​ Trading Economics ចំណូលពី​វិស័យ​កសិកម្ម​នៅ​កម្ពុជា​គិត​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​កម្ពុជា​ប្រមូល​បាន​ជាង​៧២១១ពាន់លាន​រៀល ដែល​ស្មើ​នឹង​ប្រមាណ​១៨០០លានដុល្លារប៉ុណ្ណោះ។

ក្នុង​នាម​ជា​អ្នក​ជំនាញ​កសិកម្ម​មួយ​រូប​លោក សាន ប៊ុននីកា មាន​ប្រសាសន៍​ថា​ប្រសិន​ជា​កម្ពុជា​អាច​លើក​ស្ទួយ​វិស័យ​កសិកម្ម ជា​ពិសេស​ទីផ្សារ​ខ្លួនឱ្យ​រឹងមាំ​នោះ​ប្រទេស​កម្ពុជា​មិន​ចាំ​បាច់​រស់​រំពឹង​លើ​បរទេស​នោះ​ទេ បាន​ន័យ​ថា​កម្ពុជា​អាច​មាន​លទ្ធភាព​ចិញ្ចឹម​ខ្លួន​រស់ ខណៈ​ចំណូល​ពី​ការ​លក់​ទិន្និផល​កសិកម្ម​ក៏​អាច​យក​ទៅ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យកាន់​តែ​រីកចំរើន​ថែម​ទៀត​ផង​ដែរ។

លោក​សាន ប៊ុននីកា៖ « បើ​វិស័យ​កសិកម្ម​យើង​រីក​ចំរើន​កុំ​ថា​ឡើយ​ត្រឹមស្រូវ​មាន​ទាំង​បន្លែ​ មាន​ទាំង​អី​គឺ​ស្រុក​ខ្មែរ​យើង​មិន​ចាំ​បាច់​ខ្ចីគេ​ទេ! អត់​ខ្ចី​តែ​ម្តង​រឿង​លុយ​ហ្នឹងគឺ​យើង​អាច​ចិញ្ចឹម​ខ្លួន​រស់ ហើយ​រដ្ឋាភិបាលអាច​មានលទ្ធភាព​​ប្រមូល​ពន្ធ​ដារ​សម​ស្រប​​ត្រឹមត្រូវដែរ​។ សាក​គិត​មើ​ថា​ស្វាយ​តែ​មួយ​ទេ ស្វាយ​កែ​វ​រមៀត​មួយ​គីឡូ​ប្រាំរយ​អី​ហ្នឹង​កសិករ​យើង​សប្បាយ​ចិត្ត​ហើយ។ ស្វាយ​កែវរមៀត​ខាង​វៀត​ណាម គេ​ទិញ​យកហើយ​មួយ​គីឡូ​៣រយ​៤រយ​អី​ ព្រោះ​អាអន់គេគៀប​យក​ទឹក អាមធ្យម​គេ​យក​ធ្វើដំណាប់ ហើយ​អាល្អ​គេ​យក​ទី​លក់​នៅ​ជប៉ុន​ កូរ៉េ​គេ​មាន​អ្នក​ទទួល​ទិញ​របស់​គេ​ហើយ ហើយ​ស្វាយ​យើង​សោះ » ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ