ទឹក​ជំនន់ប៉ះ​ពាល់​ពលរដ្ឋ​ជិត​៣២​ម៉ឺន​នាក់​នៅ​ក្នុង​ខេត្ត​​ចំនួន​៦​រយៈ​ពេល​កន្លះ​ខែ​មក​នេះ

ប្រជាពលរដ្ឋកំពុងសម្រាកនៅតង់ទីទួលសុវត្ថិភាពគេចពីទឹកជំនន់ក្នុងស្រុកលំផាត់ខេត្តរតនគីរី (រូបថត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១១សីហា)

តួលេខ​ពី​រដ្ឋាភិបាល​ បង្ហាញ​ថា ប្រជា​ពលរដ្ឋ​​ជាង ១​ម៉ឺន​គ្រួសារ ត្រូវ​បាន​ជម្លៀស​​នៅ​តាម​បណ្ដា​ខេត្ត​​ចំនួន ៦ ដែល​រង​ទឹក​ជំនន់​ចាប់​ពី​ចុង​ខែ​សីហា​រហូត​ដល់​សប្ដាហ៍​កន្លង​មក​នេះ ខណៈ​រដ្ឋាភិបាល​កំពុង​បូក​សរុប​ទំហំ​នៃ​ផល​ប៉ះ​ពាល់​នៃ​​ទឹក​ជំនន់​នៅ​ខេត្ត​មួយ​ចំនួន​ទៀត។

ក្នុង​របាយការណ៍​សង្ខេប​ដែលផ្ញើ​ទៅ​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ម្សិល​មិញ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​រាយការណ៍​ថា ខេត្ត​ចំនួន ៨ នៅ​ភាគ​ខាង​លើ​នៃ​ទន្លេ​មេគង្គ ខេត្ត​នៅ​ភាគ​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ និង​ខេត្ត​ជាប់​បឹង​ទន្លេស​សាប បាន​ទទួល​រង​ទឹក​ជំនន់​ពី​ទន្លេ​មេគង្គ និង​ទន្លេសាប​ចាប់​តាំង​ពី​ចុង​ខែ​សីហា​កន្លង​មក​នេះ។

គណៈកម្មាធិការ​មួយ​នេះ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ខេត្ត​រតនគិរី បាន​រង​គ្រោះ​ពី​ជំនន់​ទឹក​ភ្លៀង​ខ្លាំង​ជាង​គេ ហើយ​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ កោះកុង និង​ខេត្ត​ដទៃ​ទៀត ក៏​ទទួល​រង​គ្រោះ​ពី​​ជំនន់​ទឹក​ភ្លៀង​ផង​ដែរ ប៉ុន្តែ ​ថា «មិន​ធ្ងន់​ធ្ងរ»​ទេ ខណៈដែល​ខេត្ត​បាត់ដំបង និង​ពោធិ៍សាត់ ស្ថាប័ន​មួយ​នេះ ​កំពុង​ចាប់​ផ្ដើម​បូក​សរុប​របាយការណ៍​ផល​ប៉ះ​ពាល់។

របាយការណ៍​ដដែល​នេះ ដែល​បាន​បូក​សរុប​ផល​ប៉ះពាល់​​នៅ​ក្នុង​​ខេត្ត​ចំនួន ៦​នោះ រាយការណ៍​ថា ប្រជា​ពលរដ្ឋ​ជិត ៨​ម៉ឺន​គ្រួសារ (៧៩,៩០៧​គ្រួសារ) ឬ​ស្មើ​នឹង​ចំនួន​ជិត ៣២​ម៉ឺន​នាក់ បាន​រង​ផល​ប៉ះ​ពាល់​ពី​ទឹក​ជំនន់ ក្នុង​នោះ ប្រជា​ពលរដ្ឋ​ជាង ១​ម៉ឺន​​(១០,៨៥៧)គ្រួសារ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទឹក​ជំនន់ ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​នេះ។

ក្រៅ​ពី​ផល​ប៉ះ​ពាល់​ទៅ​លើ​​មនុស្ស​ហើយ​នោះ ​ស្ថាប័ន​មួយ​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ស្រូវ​ស្រែ​ និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត​ទំហំ​សរុប​ដល់​ទៅ​ជាង ២ម៉ឺន ៣​ពាន់​​(២៣,២៤៩)ហិកតា បាន​ខូច​ខាត​ដោយសារ​ទឹក​ជំនន់ ហើយ​សត្វ​ពាហនៈ​ជាង ៣​០,៤០០​(៣០,៤៦៦)​​ក្បាល  ក៏​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ផង​ដែរ។

បើ​តាម​របាយការណ៍​នេះ ស្ថាប័ន​រដ្ឋាភិបាល​មួយ​នេះ បាន​អះ​អាង​ថា ប្រជា​ពលរដ្ឋ ៩០​ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​ត្រូវ​បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​នោះ បាន​ទទួល​ជំនួយ​រួច​ហើយ ហើយ​ក៏​កំពុង​បន្ត​ទទួល​បន្ថែម​ទៀត។

គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​លើក​ឡើង​ក្នុង​របាយការណ៍​នោះ​ថា​៖ «ការ​ផ្ដល់​ជំនួយ​ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​បង​ប្អូន ដែល​រង​ផល​ប៉ះ​ពាល់ គឺ​ធ្វើ​ជា​អាទិភាព​បន្ទាន់​ចំពោះ​គ្រួសារ ដែល​ជម្លៀស​មក​នៅ​លើ​ទីទួល​សុវត្ថិភាព។ […] តែ​ទោះជាយ៉ាងណា ក្រុម​គ្រួសារ​ទាំង​នេះ គឺ​នៅ​បាន​ទទួល​សេវា​អប់រំ​សុខភាព អនាម័យ​ផ្សេងៗ​ដែល​ធ្វើ​ដោយ​ស្ថាប័ន​ពាក់​ព័ន្ធ​នា​ពេល​នេះ និង​នា​ដំណាក់​កាល​បន្ទាប់​ក្នុង​ការងារ​ស្ដារ​ឡើង​វិញ»

​របាយការណ៍​ដដែល​នេះ បាន​បង្ហាញ​ថា ទឹក​ជំនន់ បាន​បំផ្លាញ​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ ៥៦​ខ្នង ហើយ​​​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​ដល់​ជាង ៦​ម៉ឺន ២​ពាន់​(៦២,៣១៣)ខ្នង រង​ផល​ប៉ះ​ពាល់​ផង​ដែរ ខណៈ​ទឹក​ជំនន់​ក៏​ជន់​លិច​សាលា​រៀន ២៣៧​កន្លែង វត្ត​អារ៉ាម ១៥២​កន្លែង ​មណ្ឌល​សុខភាព ២៦​កន្លែង អណ្ដូង​ទឹក ៧៥៤​កន្លែង និង​បង្គន់​អនាម័យ ៥,៤៦៦​កន្លែង​​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ