អតីតសមាជិក CNRP ដែលត្រូវបាន​ចាប់ខ្លួនមួយចំនួន ធ្លាក់ខ្លួនឈឺក្នុងពន្ធនាគារ

កញ្ញា យូ ចាន់ធានី លោក ឈុន ថៃយុទ្ធ(រូបកណ្ដាល) និង លោក នុត ពេច ដែលត្រូវមេធាវីនិងសាច់ញាតិអះអាងថា មានបញ្ហាសុខភាពបន្ទាប់ពីជាប់ពន្ធនាគារ (រូបថតបណ្ដាញសង្គមហ្វេសប៊ុក)

អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលជាប់ពន្ធនាគារមួយចំនួន កំពុងធ្លាក់ខ្លួនឈឺ ខណៈដែលជីវភាពគ្រួសារពួកគាត់កាន់តែយ៉ាប់យ៉ឺន។ នេះបើតាមការបញ្ជាក់របស់មេធាវីការពារក្ដីនិងក្រុមគ្រួសាររបស់អ្នកទាំងនោះ ប្រាប់វីអូឌីនៅព្រឹកថ្ងៃទី២០ខែកញ្ញានេះ។

ក្នុងខែកញ្ញានេះលោកមេធាវី លោក ជូង ជូងី បានទទួលការពារក្ដីឱ្យអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន៤នាក់ ដែលរួមមានបីនាក់នៅខេត្តកណ្ដាលនិងម្នាក់នៅកំពត។ កូនក្ដីរបស់មេធាវីរូបនេះ បីនាក់នៅកណ្ដាលនោះត្រូវចាប់ខ្លួន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា  រួមមាន លោក លី ម៉េងឃាង  លោក លី លីន និង លោក ឈុន ថៃយុទ្ធ។ ចំណែកម្នាក់នៅខេត្តកំពតនោះ ឈ្មោះនុត ពេច ត្រូវចាប់សមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃ១៧ ខែសីហា ពេលគាត់កំពុងស្ទូងស្រូវ ក្នុងស្រែ ក្នុងភូមិស្រង៉ែ ស្ថិតក្នុងឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។

មេធាវី លោក ជូង ជូងី មានប្រសាសន៍ថា  កូនក្ដីរបស់លោក២នាក់ក្នុងចំណោម៤នាក់កំពុងធ្លាក់ខ្លួនឈឺ ហើយជំងឺនេះទាមទារឱ្យមានការយកចិត្តទុកដាក់ព្យាបាលបន្ទាន់។ លោកបន្តថានៅខេត្តកំពតលោកនុត ពេច ឈឺជំងឺពិបាកបត់ជើង ចំណែកលោក ឈុន ថៃយុទ្ធកំពុងជាប់ពន្ធនាគារនៅខេត្តកណ្ដាលនោះឈឺជំងឺចាស់ធ្វើទុក្ខ ។

លោក ជូង ជូងី ៖ «នុត ពេចដែលជាប់នៅពន្ធនាគារនៅកំពតនោះ គ្រួសារគាត់ក្រផងមិនអាចផ្គត់ផ្គង់អាហារឱ្យគាត់គ្រប់គ្រាន់គាត់មានបញ្ហាសុខភាពធ្ងន់ពិបាកបត់ជើងគាត់បត់ជើងម្ដងរាប់ម៉ោង ហើយបន្ទប់ចង្អៀតផង។ នៅខេត្តកណ្ដាលលោក ឈុន ថៃយុទ្ធគាត់មានជំងឺច្រើនមុខ តែមិនមានបញ្ហារឿងស្នាក់នៅទេ។ ខ្ញុំនឹងប្រើតួនាទីរបស់ខ្ញុំខិតខំឱ្យអស់លទ្ធភាពដើម្បីការពារក្ដីពួកគាត់រហូតមានការដោះលែងពួកគាត់»

លោក ជូង ជូងី បន្ថែមថា លោកបានដាក់លិខិតទៅកាន់សាលាឧទ្ធរណ៍សុំឱ្យកូនក្ដីរបស់លោកនៅក្រៅបណ្ដោះសន្នដើម្បីបានព្យាបាលជំងឺ ប៉ុន្តែមិនទាន់ទទួលលទ្ធផលនៅឡើយ។

កូនប្រុសរបស់មន្ត្រីមូលដ្ឋានអតីតគណបក្សសង្គ្រោះជាតិ លោកនុត ពេច ឈ្មោះលោកពន់ ធានី លើកឡើងថា ឪពុករបស់លោកចាប់ផ្តើមកើតជំងឺបន្ទាប់ពីជាប់ពន្ធនាគារជាង១ខែរួចមក ហើយក្រុមគ្រួសារបារម្ភជាខ្លាំងចំពោះស្ថានភាពនេះ។

លោក ពន់ ធានី៖ ខ្ញុំទៅមើលគាត់កាលពីម្ស៉ិលម៉ិញ ខ្ញុំឃើញគាត់កើតរមាស់ពេញខ្លួនលេបថ្នាំមិនបាត់ លេបទៅអន់បន្តិចក៏កើតរមាស់ទៀតដោយសារនៅគ្នាច្រើនពេកចង្អៀត។ ខ្ញុំចេះតែបារម្ភចំពោះសុខភាពគាត់ព្រោះគាត់ចាស់ហើយអាយុ៦៣ឆ្នាំហើយពេលគាត់ចេញមកជួបខ្ញុំម្ដងៗចេះតែភ្លេចភ្លាំង គាត់និយាយភាំង ៗ

ក្រៅពីកូនក្ដីរបស់លោកជូង ជូងី ដែលលោកអះអាងថា កំពុងមានជំងឺនោះក្រុមគ្រួសាររបស់អ្នកជាប់ឃុំផ្សេងទៀតក៏បានប្រាប់ថា ព្រួយបារម្ភសុវត្ថិភាពរបស់សាច់ញាតិខ្លួនដែរ។

ឪពុករបស់កញ្ញា យូ ចាន់ធានី គឺលោក យូ សុខារិទ្ធិ បានទៅសួរសុខទុក្ខកូនស្រីនៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី២០ ខែកញ្ញា។ លោក សុខារិទ្ធ មានប្រសាសន៍ថា កាលពីថ្ងៃទី១៥កញ្ញា កូនស្រីរបស់លោកត្រូវឆ្មាំគុក យកទៅឃុំក្នុងបន្ទប់ចង្អៀតណែនក្ដំដែលមានអ្នកទោសប្រមាណ១រយនាក់នៅជាមួយ ប្រការនេះធ្វើកូនគាត់ដេកមិនបាននិងអាចមានជំងឺថែមទៀត។

លោក យូ សុខារិទ្ធិ បានលើកឡើងថា៖ «ក្នុងនាមជាឪពុកព្រួយៗព្រួយណាស់ ព្រួយពីសុខភាពកូន ក្នុងនាមជាឪពុកហ្នឹងដេកមិនលក់ទេ អាណិតកូនគ្រប់រឿងតែម្ដង ម្យ៉ាងគ្នាជាស្រីផង។ ខ្ញុំគិតថាទៅចោទកូនខ្ញុំអីធ្ងន់ម្ល៉េះកូនខ្ញុំអត់ដឹងអីដែរ»

ទៅជាយ៉ាងក្ដី បងស្រីបង្កើតរបស់កញ្ញាយូចាន់ធានី បានប្រាប់វីអូឌីតាមទូរសព្ទថា នៅថ្ងៃត្រង់ថ្ងៃទី២០កញ្ញានេះ ឆ្មាំគុកបាននាំប្អូនគាត់ទៅស្នាក់នៅក្នុងបន្ទប់ផ្សេង ដែលមិនសូវជាចង្អៀតដូចមុនប៉ុន្មានឡើយ។

ទាក់ទងនឹងស្ថានភាពសុខភាពរបស់អ្នកជាប់ឃុំ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ពន្ធនាគារមានគ្រូពេទ្យ​ ហើយបើស្ថានភាពធ្ងន់ធ្ងរគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រៅពន្ធនាគារផ្អែកតាមស្ថានភាពជាក់ស្ដែង។

លោក ជិន ម៉ាលីន មានប្រសាសន៍៖ «អ៊ីចឹងបើសិនជាជនជាប់ឃុំមានជំងឺគេនឹងព្យាបាលហើយ មិនមែនបានន័យថា សាច់ញាតិជនជាប់ឃុំអីអាច សុំដោះលែងដោយសារមានជំងឺអីមិនអាចទេ។ បើសិនចេះដោះលែងតាមការទាមទារហ្នឹងគឺដោះលែងទាំងអស់ហើយ។ គេមានការពិនិត្យត្រឹមត្រូវច្បាស់លាស់របស់គេ

របាយការណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញថាពន្ធនាគារនៅកម្ពុជាមានចំនួន២៨ខណៈចំនួនអ្នកជាប់ឃុំ នៅកម្ពុជាគិតត្រឹមខែមេសាឆ្នាំ២០១៨ មានប្រមាណជាង៣ម៉ឺននាក់។ របាយការណ៍ សិក្សាស្រាវជ្រាវ មួយរបស់អង្គកាលីកាដូចេញផ្សាយកាលពីខែមេសាឆ្នាំ២០១៩ ដោយសិក្សាលើពន្ធនាគារចំនួន១៨ រកឃើញថា មានជនសង្ស័យ៣៧% ត្រូវបានអាជ្ញាធរចាប់ដាក់គុកបណ្ដោះអាសន្នរង់ចាំសវនាការ។លីកាដូ បានសិក្សាលើពន្ធនាគារព្រៃសឬម១ ដោយបានរកឃើញថា ពន្ធនាគារនេះអាចដាក់អ្នកទោសបានជាង២០០០នាក់ ប៉ុន្តែការពិតជាក់ស្ដែងមានជនជាប់ឃុំប្រមាណជាង៣ដងគឺស្មើនឹងជាង៦ពាន់ឯណោះ ដែលជាហេតុនាំឱ្យពន្ធនាគារចង្អៀតណែន ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស។

វីអូឌីមិនអាច ទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនាបានទេ នៅថ្ងៃទី២០ខែកញ្ញានេះ។

មន្ត្រីអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សង្គមស៊ីវិលរកឃើញថា ការចាប់ខ្លួនមនុស្សពាក់ព័ន្ធបញ្ហានយោបាយ គឺមានចំណុចគួរឱ្យសង្ស័យច្រើន ពិសេសមានភាពមិនប្រក្រតីតែម្ដង។

លោក ស៊ឹង សែនករុណា និយាយថា៖«ក្នុងការចាប់ខ្លួននាពេលកន្លងមក គឺមានភាពមិនប្រក្រតីច្រើនក្នុងដំណាក់កាលនីមួយៗ ។ដោយឡែកការបញ្ជូនទៅឃុំខ្លួនយើងឃើញថាមានការស្នើសុំតាំងពីដំណាក់កាលសាលាដំបូង សាលាឧទ្ធរណ៍និងកំពូលវិលចុះវិលឡើង រហូតដល់ស្ថានភាពនយោបាយធូរទៅក៏ដោះលែងវិញ ។អ៊ីចឹងហើយបានជាមានគេតវ៉ា ប្រឆាំងទាមទារយុត្តិធម៌ហ្នឹង

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រកាសថា សមាជិករបស់ខ្លួន២៦នាក់ហើយត្រូវបានរដ្ឋាភិបាលចាប់ខ្លួនដាក់ពន្ធនាគារ ខណៈដែលសង្គមស៊ីវិលរកឃើញថាសមាជិកបក្សប្រឆាំងជាង១៥០នាក់ត្រូវបានកោះហៅទៅសួរនាំពាក់ព័ន្ធបញ្ហានយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ