អ្នក​ឃ្លាំ​មើល​សង្គម​កម្ពុជាយល់​ថា សន្តិភាព​កម្ពុជា​​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​ព្រោះ​តែ​ជម្លោះ​នយោបាយ

លោក កឹម សុខា លោក ហ៊ុន សែន និងលោក សម រង្ស៊ី

ក្រុម​អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា យល់​ឃើញ​ថា ​វិធាន​ការ​រក្សា​សន្ដិភាព​របស់​រដ្ឋាភិបាល​តាម​រយៈ​ការ​រំលាយ​ ការ​ចាប់​ខ្លួន ចោទ​ប្រកាន់​ក្រុម​ប្រឆាំង​ខ្លួន​នោះ ​មិន​មែន​ជា​វិធាន​ការ​រក្សា​សន្ថិភាព​ពិតប្រាកដ​នោះ​ទេ ខណៈ​ពួកគេ​ក៏​រិះគន់​ផង​ដែរ​​ទៅ​ដល់​ដៃ​គូរ​វិវាទ​នយោបាយ​ធំៗ​​ទាំង​ពីរ​ថា ​កំពុង​តែ​រុញ​ស្ថានភាព​សន្ដិភាព​ប្រទេស​ធ្លាក់​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​។

កាល​ពីចុង​សប្ដាហ៍​កន្លង​មក​នេះ ចំ​ទិវា​សន្ដិភាព​ពិភពលោក ​លោកនាយករដ្ឋម​ន្ត្រី​ ហ៊ុន សែន បាន​ចេញ​សារ​លិខិត​មួយ​ ដោយ​លើក​ឡើង​ថា​សន្ដិភាព​របស់​កម្ពុជា​កំពុង​ស្ថិត​ក្នុង​លក្ខណៈផុយ​ស្រួយ​ ដោយ​សារ​តែ​មាន​ការ​គំរាម​កំហែង​ពី​ប្រទេស​មហា​អំណាច​មួយ​ចំនួន​។

លោក ហ៊ុន សែន ថ្លែង​ក្នុង​សារ​លិខិត​នោះ​ថា៖ «សន្ដិភាព​របស់​កម្ពុជា​ក៏​ស្ថិត​ក្នុង​លក្ខណៈ​ផុយ​ស្រួយ​ ដោយ​សារ​តែ​មាន​ការ​គំរាម​កំហែង​ និង​បន្ត​យាយី និង​អន្តរាគមន៍​ចូល​កិច្ច​ការ​ផ្ទៃក្នុង​ឥត​ឈប់​ឈរពីមជ្ឈដ្ឋាន​ខាង​ក្រៅ​ ជា​ពិសេស​ពី​បណ្ដា​ប្រទេស​មហា​អំណាច និង​ប្រទេស​លោក​ខាង​លិចមួយ​ចំនួន»

ការ​លើក​ឡើង​ពី​ភាព​ផុយ​ស្រួយនៃ​សន្ដិភាព​នេះ​ គឺ​ស្រប​ពេល​ដែលស្ថានការណ៍​នយោបាយ​រវាង​លោក ​ហ៊ុន សែន និង​លោក សម រង្ស៊ី កំពុង​តែ​កើន​ឡើង​កម្ដៅ​រហូត​ដល់​រដ្ឋាភិបាល​បាន​ហៅ​ចលនា​របស់​ប្រឆាំង​ថា​ ជា​ចលនា​ភេរវកម្ម ដែល​មាន​សហរដ្ឋអាមេរិក​​នៅ​ពី​ក្រោយ​ផង​ដែរ។

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ លោកបណ្ឌិត ​ប៉ា ច័ន្ទ​រឿន មាន​ប្រសាសន៍​ថា ​ថ្វី​ត្បិត​តែ​កម្ពុជា​បច្ចុប្បន្ន​មាន​សន្ដិភាព​ដោយ​សារ​តែ​គ្មាន​សង្គ្រាម​មែន តែ​សន្ដិភាព​ផ្លូវ​ចិត្ត​នៅ​តែ​គ្មាន​សម្រាប់​ប្រជាជន​នៃ​ប្រទេស​នេះ។

លោក ប៉ា ច័ន្ទរឿន មាន​ប្រសាសន៍​ថា៖ «សន្ដិភាព​មិន​មែន​ត្រឹម​តែ​អវត្តមាន​នៃ​សង្គ្រាម​ ឬ​ទំនាស់​ចម្បាំង​រវាង​ជាតិ​ឯង​ និង​ជាតិ​ឯង​ ឬប្រទេស​ជិត​ខាង​ទេ តែ​វា​បូក​បញ្ជូល​នឹង​កត្តា​យុត្តិ​ធម៌​ ការ​លំបាក​ដោយសារ​គ្រោះ​ថ្នាក់​ធម្មជាតិ ភាព​ក្រីក្រ ទំនាស់​ជា​មួយ​ប្រទេស​ជិត​ខាង សិទ្ធិ​សេរីភាព​ក្នុង​សង្គម ពោល​គឺប្រសិនយើង​យក​ធាតុ​សំខាន់ៗ​ទាំង​៨​ដែល​ជា​សរសរ​ស្ដម្ភ​ទាំង​៨​មក​វាស់​វែង ខ្ញុំ​អាច​សន្និដ្ឋាន​បាន​ថា​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​សន្ដិភាព​ពេញ​លេញ​នៅឡើយ​ទេ​​»។ 

ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិភាព លោក យ៉ង់ គិម​អេង​ បាន​លើក​ឡើង​ថា ​សន្ដិភាព​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ផ្លូវ​មួយ​ដែល​គ្រោះ​ថ្នាក់​ ដោយ​សារ​​អ្នក​នយោបាយ​ទាំងសងខាង​​​រវល់តែ​ឈ្លោះ​គ្នា​តែ​លើ​សេចក្តី​ថ្លែង​ការណ៍​នយោបាយ​រៀង​ខ្លួន ដោយ​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​សង្គម។

លោក យ៉ង់ គិមអេង ប្រាប់​ថា៖ «អ្នក​នយោបាយ​ដែល​និយាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អី​ គឺ​ជា​សេចក្តី​ថ្លែង​ការណ៍​នយោបាយ​ទេ សេចក្តី​ថ្លែង​ការណ៍​នយោបាយ​មាន​លក្ខណៈ​ជា​ប្រជាភិថុត ពេល​ខ្លះ​មាន​លក្ខណៈ​ជា​ក់​ស្ដែង​ ទាំ​ងអស់​ហ្នឹង​គេ​មិន​សូវ​គិត​គួរ​ប៉ុន្មាន​ទេ។ តែ​រឿងសំខាន់​គឺ​វា​នៅ​លើ​តុ​នយោបាយ ការគិត​គូរ​ពី​ប្រជាពលរដ្ឋ​អី​គឺ​ជា​រឿង​សំខាន់ តែ​ពលរដ្ឋ​យើង​គិត​គូរ​តែ​ទៅ​លើ​សេចក្តី​ថ្លែង​ការណ៍​នយោបាយ​ដែល​ថ្លែង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​យក​ទៅ​រិះគន់​អ្នក​ម្ខាងៗ​ដែល​ធ្វើ​ឱ្យ​អ្នក​នយោបាយ​គិត​តែ​ពី​ចង់​ឈ្នះ​ដើម្បី​រក្សា​ប្រជាប្រិយភាព​របស់​ខ្លួន​»

ប្រធានសមាគមអនាគតយុវជនកម្ពុជាអាស៊ាន លោក ស្រ៊ុន ស្រ៊ន មាន​ប្រសាសន៍​ថា បញ្ហា​នយោបាយ​កម្ពុជា​កំពុង​រុញ​ច្រាន​សន្ដិភាព​​​ប្រទេស​នេះ​ ឱ្យធ្លាក់​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​ ខណៈ​ដែល​អ្នក​នយោបាយពឹង​ផ្អែក​ច្រើន​តែ​លើ​បរទេស ជា​ជាង​​ផ្លូវ​ច្បាប់​​នោះ​។

លោក ស៊្រុន ស៊្រន មាន​ប្រសាសន៍​ថា៖«ភាគ​រយ​នៃ​សង្គ្រាម​ វា​អាច​កើត​ឡើង​ច្រើន​ទៅ​ៗ​ហើយ ល្គឹកណា​មេដឹក​នាំ​មិន​យក​ផ្លូវ​ច្បាប់​(​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស) ទៅ​ប្រើ​ធ្វើ​ជា​គោល​ដើម្បីជជែក​រក​ខុស​ត្រូវ​ទេ បែ​រទៅ​ជា​ចោទ​ថា ​ច្បាប់​អត់​ប្រយោជន៍​ប្រើ​មិន​បាន​ទេ យើង​ប្រើ​ជា​អំណាច​ ជា​កម្លាំង​យោធា​ទើប​យើង​អាច​ដោះស្រាយ​វិបត្តិ​នោះ​បាន។ អ៊ីចឹង ​សង្គ្រាម​យោធា​នឹង​កើត​ឡើង​ជា​ស្វ័យ​ប្រវត្តិ​ ដោយ​មាន​ការ​លូក​ដៃ​ពី​បរទេស​ មិន​មែន​ត្រឹម​តែ​អាមេរិក ឬ​ក៏​ចិន​ទេ»

ទោះ​ជាយ៉ាង​ណា​ លោក​យល់​ថា​ នយោបាយ​កម្ពុជា​អាច​ដោះស្រាយ​បាន​តាម​រយៈ​ការ​យល់​ដឹង​របស់​​​ប្រជាជន​ប្រទេស​កម្ពុជា និង​ជំរុញ​ទៅ​អ្នក​ដឹក​នាំ​ខ្លួន​ឱ្យវិល​ត្រលប់​ចូល​តុចរចារ​វិញ។

សម្រាប់​​លោក យ៉ង់ គិម​អេង ​យល់ថា ​ការ​វិល​រក​ការ​ចរចារ​រវាង​អ្នក​នយោបាយ​ទាំង​សងខាង​មិន​ត្រឹម​តែ​បញ្ជៀស​នូវ​ការ​ធ្លាក់​ចូល​សង្គ្រាមក្នុង​​ប្រទេ​សប៉ុណ្ណោះ​ទេ វា​ផ្ដល់ឱ្យ​ប្រទេស​កម្ពុជា​អាច​រក្សា​បាន​ការ​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ពី​ប្រទេស​លោក​សេរី ក៏​ដូច​ជា​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ និង​អាច​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​យុត្តិធម៌​ក្នុង​សង្គម​ទៀត​ផង​ដែរ។

លោក ​យង់ គិមអេង មាន​ប្រសាសន៍​ថា៖ «រឿង​ដែល​សំខាន់​បំផុត ​គឺ​យើង​ព្យាយាម​ដោះស្រាយ​គ្នា​ដោយ​សន្ដិវិធី​ហើយ​រួបរួម​គ្នា​ហើយធ្វើម៉េច​គិត​អំពី​យុត្តិសាស្ត្រ​ពង្រឹង​សេដ្ឋកិច្ច​​កម្ពុជា ហើយ​បើ​សិន​ជា​យើង​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ វា​ធ្វើ​ឱ្យ​យើង​មាន​ការ​រីក​ចម្រើន មាន​ការ​អបអរសាទរ​ពី​ប្រជាជន​ និង​បរទេស​ផ្សេងៗ​ដែរ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ