ACU ឲ្យមន្រ្តីអន្តោប្រវេសន៍ម្នាក់ឆ្លើយបំភ្លឺសង្ស័យជាប់ពាក់ព័ន្ធអំពើពុករលួយ

ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​នៅក្នុង​កិច្ច​ប្រជុំ​កាលពីពេលកន្លងទៅ (រូបថតដោយលោក ទូច សុខា​)

​អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យមន្រ្តីនគរបាលម្នាក់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឆ្លើយបំភ្លឺដោយសង្ស័យជាប់ពាក់ព័ន្ធអំពើពុករលួយព្រោះទទួលបានលុយលើសពីការផាកពិន័យពេលចុះពិនិត្យកាស៊ីណូមួយនៅខេត្តព្រះសីហនុ។

ក្នុងលិខិតមួយចុះថ្ងៃទី៩ ខែកញ្ញាដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានផ្ញើរលិខិតមួយទៅលោក យឹម ឡាលី ជាមន្រ្តីនគរបាលមានតួនាទីជាប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសនៅខេត្តព្រះសីហនុ ដើម្បីឲ្យឆ្លើយបំភ្លឺអំពីនីតិវិធីនិងលក្ខខណ្ឌ នៃការផាកពិន័យ និងការទទួលបានថវិកាលើសពីការផាកពិន័យ។

ក្នុងលិខិតដដែលនេះ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថាមូលហេតុដែលឲ្យ​​លោក យឹម ឡាលី ចូលឆ្លើយបំភ្លឺនោះធ្វើឡើងបន្ទាប់ពី ACU ទទួលបាន និងពិនិត្យ​លើពាក្យបណ្តឹងមួយដោយរកឃើញថាក្រោមការដឹកនាំរបស់លោក យឹម ឡាលី ដែលចុះពិនិត្យទីតាំងកាស៊ីណូមួយនៅខេត្តព្រះសីហនុកាលពីខែមុននោះ គឺមានភាពមិនប្រក្រដី។

អង្គភាពមួយនេះ ឲ្យដឹងថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសដឹកនាំដោយលោក យឹម ឡាលី ផ្ទាល់បានចុះពិនិត្យទីតាំងកាស៊ីណូ ស៊ឹង ឈឹង ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យមើលការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ការងារ។

ACU បញ្ជាក់ទៀតថា ការ​ចុះ​អធិការកិច្ច​នោះ​ គឺ​មាន​ការផាកពិន័យ​ជនបរទេស​គ្មាន​បណ្ណ​ការងារ​ចំនួន​៥៧​នាក់ ​ដោយ​ក្នុង​១នាក់​ត្រូវ​បង់​ពិន័យចំនួន​១២៥​ដុល្លារ និង​សរុប​ទាំងអស់​៥៧​នាក់​ស្មើនឹង​៧១២៥​ដុល្លារ។

ចំណែកការផាកពិន័យ៣ចំណុចផ្សេងទៀតនោះ មានចំនួនទឹកប្រាក់​១៦៨០​​ដុល្លារ ​ដោយសារ​ម្ចាល់កាស៊ីណួនេះមិន​អនុវត្តតាម​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​បុគ្គលិក ​សេចក្ដី​ប្រកាស​ជូន​ដំណឹងស្ដីពី​ចលនា​បុគ្គលិក និងលិខិត​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ហត្ថពលកម្ម​បរទេស។

​ប៉ុន្តែលោក យឹម ឡាលី បែរជាទទួលបានប្រាក់ពីតំណាងកាស៊ីណូចំនួន២ម៉ឺនដុល្លារ ដែលលើសពីចំនួនត្រូវផាកពិន័យរហូតដល់ចំនួន ១១ ១៩៥ ​ដុល្លារ​។

វិអូឌីបានព្យាយាមសុំការឆ្លើយតបពីប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស លោក យឹម ឡាលី តាមរយៈទូរស័ព្ទដែរប៉ុន្តែមានមនុស្សស្រីលើកដែលអះអាងថា ត្រូវកូនស្រី  ហើយបានប្រាប់ថា លោក យឹម ឡាលី រវល់ទុកទូរស័ព្ទនៅផ្ទះ។ វិអូឌីបានព្យាយាមពេលក្រោយទៀតដោយទូរស័ព្ទច្រើនដងប៉ុន្តែគ្មានអ្នកទទួល។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក កែវ វណ្ណថន មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះទេដោយថា លោកទើបមកពីបំពេញ​បេសកម្មនៅក្រៅប្រទេស។ លោក បញ្ជាក់​ថាប្រសិនជាករណីនោះកើតឡើងមែន ហើយរកឃើញថាលោក យឹម ឡាលី ពិតជា​មានកំហុសមែននោះ អង្គភាព​នឹងដាក់ពិន័យទៅតាមច្បាប់។

លោក បន្ថែមថា៖ «បើសិនជារកឃើញកំហុស យើងត្រូវដាក់ពិន័យគាត់ទៅតាមវិន័យរបស់កងកម្លាំងនគរបាលជាតិហើយ»

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយបានចុះទៅឃាត់ខ្លួនប្រធានមន្ទីរៀបចំដែនដី និងសំណង់ខេត្តពោធិសាត់ លោក លៀម ប៊ុនរឿន អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់ លោក ជាង វុទ្ធី និង​មន្ត្រី​សុរិយោដី​ខេត្ត​ទទួលបន្ទុក​ច្រក លោក តែ ប៊ុនថេង ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយដោយឃុប​ឃិត​គ្នាទារប្រាក់ពីម្ចាស់ដីដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនមន្រ្តីមន្ទីរៀបចំដែនដីទាំង៣នាក់នោះ នៅថ្ងៃទី៣១ ខែកក្កដា ដោយចោទចំនួន៣បទល្មើសគឺ បទវិតិក្រមតាមក្រមព្រហ្មទណ្ឌ បទរំលោភអំណាច និងបទសម្អាតប្រាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ