ក្រសួងនឹងចាត់ការលើអ្នកចូលរួមយុទ្ធនាការម្រាមដៃ៩និងចលនាដែលគាំទ្រលោកសម រង្ស៊ី

លោក សម រង្ស៊ី និង លោក ហូ វ៉ាន់ លើកម្រាមដៃ៩ ជាមួយសកម្មជន អតីតគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក អតីតសកម្មជនគណបក្សសង្រ្គោះជាតិ)

ក្រសួងយុតិ្តធម៌ ព្រមានចាត់វិធានការច្បាប់លើអតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងដែលចូលរួមធ្វើយុទ្ធនាការលើកម្រាមដៃ៩ ជាសញ្ញាគាំទ្រគម្រោងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ខែ វិច្ឆិកា។

អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩  បានប្រកាសឱ្យអតីតមន្ត្រីនិងសកម្មជនបក្សសង្គ្រោះជាតិទាំងអស់ធ្វើយុទ្ធនាការលើកម្រាមដៃ៩ ជាសញ្ញាគាំទ្រការវិលចូលមកកម្ពុជារបស់លោក​នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកការធ្វើយុទ្ធនាការនោះថា ​ជាផែនការ​ប៉ុងប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ លោក បាន​ប្រាប់​វីអូឌីនៅថ្ងៃ​នេះ អ្នកដែល​ចូល​រួម​យុទ្ធនាការម្រាមដៃ៩និងសកម្មភាព​ផ្សេងៗទៀតដែលបង្ហាញ​ការគាំទ្រដល់លោក សម រង្ស៊ីជាអំពើខុសច្បាប់។

លោក មានប្រសាសន៍ថា៖«អ្នកផ្ដើមគំនិត មេគំនិត រៀបចំផែនការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល គឺចូលបទឧបឃាត។ ក៏ប៉ុន្តែសម្រាប់អ្នកគាំទ្រតាមគ្រប់រូបភាពទាំងអស់ម្រាមដៃ មិនម្រាមដៃទេ មិនថាប្រមូលជួបជុំឬក៏សម្ដែងមតិអី​​​​ ក្នុងន័យគាំទ្រដល់សកម្មភាព​​ដែលជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល អានេះជាបទល្មើសរួមគំនិតក្បត់ដែលមានចែងក្នុងមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ»។

តាមមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌបុគ្គលិក​ដែល​ត្រូវបាន​ចោទប្រកាន់ពី«បទឧបឃាត» ត្រូវដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈទោស ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។

បុគ្គលដែលត្រូវជាប់ចោទ​ពី «បទរួមគំនិតក្បត់» តាមត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ ​ត្រូវផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយបើបុគ្គលនោះ ជាមន្រ្តីសាធារណៈ ត្រូវជាប់ទោសពី១០ឆ្នាំ ទៅ ២០ឆ្នាំ។

អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ចាត់ទុកវិធានការរបស់ក្រសួងយុត្តិធម៌នេះ ថាជាការគំរាមកំហែងដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយសន្តិវិធី។

លោកស្រី​ លើកឡើង​ថា៖«យើងនៅតែធ្វើការអំពាវនាវជូន​ដល់ប្រជាពលរដ្ឋគ្រប់ៗរូប ជាមួយនឹងយើងខ្ញុំនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ពីព្រោះជាប្រជាពលរដ្ឋខ្មែរ ​យើងមានសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញ នៅក្នុងជ្រើសរើសអ្នកដឹកនាំ។

យើងពុំអាចរស់ដោយខ្វះសិទ្ធិសេរីភាព រស់ក្នុងភាពភ័យខ្លាច ប្រជាធិបតេយ្យកើតបានឡើង លុះត្រាតែគ្រប់ៗរូបមានសិទ្ធិស្មើរគ្នា មិនរស់ក្នុងភាពអយុត្តិធម៌ ភាពភ័យខ្លាចក៏សាងលទ្ធិប្រជាធិបតេយ្យគឺកសាងជាមួយគ្នា។ យើងខ្ញុំមិនមែនជាជនក្បត់ជាតិទេ។ យើងខ្ញុំពុំដែលលក់ដីជាតិទេ។ យើងខ្ញុំពុំដែលកាប់ព្រៃឈើទេ យើងខ្ញុំពុំដែលប្រព្រឹត្តអំពើអយុត្តិធម៌ទៅលើបុគ្គលណាទេ»។

នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថា វិធានការរបស់ក្រសួងមិនបានឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់ ប៉ុន្តែវាជារឿងនយោបាយទៅវិញទេ។

លោកថា​៖«យើងឃើញថា ការចាប់ខ្លួន ការធ្វើទុក្ខបុកម្នេញមួយចំនួន នាំឱ្យសាធារណៈមតិក៏ដូចជា ជាតិ និងអន្តរជាតិ​យល់ថាវាពាក់ព័ន្ធនឹងស្ថានភាពនយោបាយជាងការអនុវត្តច្បាប់»។

រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជានៅជំពូក​ទី​៣ នៃមាត្រា ៣១ ស្តី​អំពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​ខ្មែរ​ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ សេរីភាព​ខាង​ជំនឿ​សាសនា និង​សេរីភាព​ខាង​ការ​ដើរហើរ។

ពលរដ្ឋ​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ សិទ្ធិ​ទទួល​ការ​រ៉ាប់រង​ដោយ​សង្គម សិទ្ធិ​ធ្វើ​បាតុកម្ម និង​កូដកម្ម​ដោយ​សន្តិវិធី។

បើតួលេខដែលសរុបដោយអតីតគណបក្សសង្គ្រោះជាតិ បង្ហាញថាសកម្មជនគណបក្សប្រឆាំង២៨ នាក់ហើយត្រូវបានចាប់ខ្លួននឹងបញ្ជូនដាក់ពន្ធនាគារ ខណៈដែលជាង១៥០ ផ្សេងទៀតត្រូវបានកោះហៅសួរចម្លើយពីសំណាក់សមត្ថកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ