អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ជជែក​គ្នា​ក្រោយ​កូរ៉េ​ខាង​ជើង​​គំរាម​លុប​ចោល​ជំនួប

រូបភាព៖ ប្រភពវេបសាយបរទេស AFP

មេដឹកនាំ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង បាន​​ជជែក​គ្នា​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​គំរាម​លុប​ចោល​ជំនួប​កំពូល​ជាមួយ​ក្រុង​វ៉ាស៊ីងតោន។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ជំនួប​កំពូល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា​ខាង​មុខ​នេះ នៅ​ឯ​ប្រទេស​សិង្ហបុរី។

ប៉ុន្តែ គម្រោង​ជំនួប​នេះ​បាន​ជួប​ភាព​រអាក់​រអួល​ជា​បណ្ដើរៗ​ហើយ បន្ទាប់​ពី​ការ​ផ្ដោះ​ផ្ដង​សង្គ្រាម​ពាក្យ​សម្ដី​ដាក់​គ្នា​ ដែល​ជំរុញ​ឲ្យ​ក្រុង​ព្យុងយ៉ាង​គំរាម​ដក​ខ្លួន​ចេញ​ពី​ជំនួប​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ដក​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​ប្រធានាធិបតី លោក មូន ជែអ៊ីន ដែល​បាន​ឲ្យ​ដឹង​ថា លោក មូន បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​លោក ត្រាំ ជុំ​វិញ​ទង្វើ​របស់​កូរ៉េ​ខាង​ជើង​នា​ពេល​ថ្មីៗ​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ AFP បាន​ដក​ស្រង់​នោះ បាន​ឲ្យ​ដឹង​បន្ថែម​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​ធ្វើការ​ជិត​ដិត​នឹង​គ្នា ដើម្បី​សម្រេច​បាន​ជំនួប​កំពូល​នា​ពេល​ខាង​មុខ​នេះ ដែល​វា​នឹង​ក្លាយ​ជា​ជំនួប​លើក​ដំបូង​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង។

ទោះជាយ៉ាងណា គ្មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ជុំ​វិញ​កិច្ច​សន្ទនា​រវាង​មេដឹកនាំ​អាមេរិក និង​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​នោះ​ឡើយ។

ក្រៅ​ពី​គំរាម​ដក​ខ្លួន​ចេញ​ពី​ជំនួប​កំពូល​ខាង​មុខ​នេះ​ហើយ នៅ​ថ្ងៃ​នេះ ក្រុង​ព្យុងយ៉ាង​​ក៏​បាន​ទាមទារ​ទៅ​ក្រុង​សេអូល ឲ្យ​បញ្ជូន​ត្រឡប់​ទៅ​​កូរ៉េ​ខាង​ជើង​វិញ​នូវ​ស្ត្រី​ជា​អ្នក​បម្រើ​កូរ៉េ​ខាង​ជើង ដែល​បាន​រត់​ចុះ​ចូល​នឹង​កូរ៉េ​ខាង​ត្បូង​កាល​ពី​ឆ្នាំ​មុន​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ