មន្រ្តី​ពេទ្យ​ជាប់​កិច្ច​សន្យា​ត្រូវ​បាន​បញ្ឈប់ក្រោយ​ប្រពន្ធ​ជាប់ឆ្នោត​ជាមេឃុំ

មន្រ្តីពេទ្យ​ជាប់កិច្ច​សន្យា​ម្នាក់​ ដែលធ្វើ​ការ​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-ជប៉ុន ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​មន្ទីរ​សុខាភិបាល​ បញ្ចប់កិច្ច​សន្យាកាលពី​សប្តាហ៍មុន ក្រោយ​ពេលដែល​ភរិយារបស់គាត់​បាន​ជាប់​ឆ្នោត​ជា​ប្រធានក្រុម​ប្រឹក្សា​ឃុំមក​ពី​គណបក្ស​សង្គ្រោះជាតិ។​

មន្រ្តីពេទ្យ​ជាប់កិច្ច​សន្យា លោក អ៊ូ សេងយ៉ាន់ ប្រាប់វីអូឌីថា​ គាត់​បាន​ចូលរួម​បម្រើ​ការងារ​​ជា​មន្រ្តី​ពេទ្យ​បណ្តែត​ក្នុងមន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-ជប៉ុន​កាលពី​ឆ្នាំ២០០៨ ហើយលោក ​បា​ន​ក្លាយជា​បុគ្គលិក​ជាប់​កិច្ច​សន្យា​នៅ​មន្ទីរពេទ្យនេះ​នៅក្នុង​ឆ្នាំ២០១៤។ លោក​ អ៊ូ សេងយ៉ាន់ បញ្ជាក់​ថា ​កិច្ចសន្យា​របស់​គាត់​ត្រូវ​បញ្ចប់​នៅខែមករា​ឆ្នាំ២០១៨ ប៉ុន្តែ​គាត់ទទួល​បាន​លិខិតបញ្ឈប់ការងារ​ ដោយ​មិនមាន​មូលហេតុ​កាលពី​ថ្ងៃទី១០ខែ​កក្កដាឆ្នាំ២០១៧។

លោកមានប្រសាសន៍ថា៖ «ប្រធាន​ពេទ្យ​ថា ​ធ្វើ​តាម​តែ​បញ្ជា​ថ្នាក់លើទេ។ ខាង​មន្ទីរ ​បាន​បង្ខំ​ឲ្យ​ខ្ញុំ ដាក់លិខិត​លាលែង តែ​មិន​ទាន់បាន​ដាក់លិខិត​ផង ក៏​ត្រូវ​បញ្ឈប់មុន»

ប្រធាន​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-ជប៉ុន​ ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ លោក ចន្ទ វិឌ្ឍីណាវុឌ្ឍ មាន​​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា​ មានតែលោក​ អ៊ូ សេងយ៉ាន់​ ម្នាក់​ប៉ុណ្ណោះ ​ដែល​ត្រូ​វបាន​បញ្ជា​ឲ្យ​បញ្ចប់កិច្ច​សន្យា។ លោកមិន​អាច​បញ្ជាក់​ពី​មូលហេតុ​បានទេ ដោយ​គ្រាន់តែ​អះអាង​ថា​ធ្វើតាម​បញ្ជា​ថ្នាក់​លើ។

លោកថា៖ «ទាល់តែ​អញ្ជើញ​ទៅ​សួរ​មន្ទីរវិញ​ ខ្ញុំអត់​ដឹង ខ្ញុំថ្នាក់​តូចជាងគេ​ហ្នឹង ទាល់តែ​ទៅ​សួរគេ (មន្ទីរសុខាភិបាលខេត្ត​បន្ទាយមានជ័យ)ខាងណោះបានដឹង»

ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​បន្ទាយ​មានជ័យលោក កែវ សុភ័ក្រ្ត​ បដិសេធន៍សំណើរ​សុំជួប​ផ្ទាល់​របស់អ្នក​យក​ព័ត៌មានវីអូឌី​នៅ​ថ្ងៃសុក្រទី២១ខែ​កក្កដា។ ដោយ​ស្នើសុំសម្ភាសន៍​តាម​ទូរស័ព្ទ​ លោក​ឆ្លើយ​ថា​ កំពុង​ជាប់​​ប្រជុំ ដោយ​គ្រាន់តែ​ឆ្លើយ​យ៉ាង​ខ្លី​ថា​ ការ​បញ្ឈប់លោក​ អ៊ូ សេងយ៉ាន់ ​ពីការងារ ​គឺ​ដោយ​សារតែ​គាត់​មិន​បាន​បំពេញ​ការងារ​ដោយ​បាន​ត្រឹម​ត្រូវ​។

លោកថា៖ «ការ​បំពេញ​ការងារមិន​បាន​គ្រប់គ្រាន់ គេ​លុប​ឈ្មោះ​ចោលហើយ អត់គោរព​វិន័យ ការ​មក​បំពេញការងារអត់គោរព​ម៉ោង»។​​

លោក អ៊ូ សេងយ៉ាន់ ​ចាត់ទុក​ការ​បញ្ឈប់គាត់​ពីការ​ងារ​ថា​ជា​ភាព​អយុត្តិធម៌មួយ​។ គាត់មាន​ប្រសាសន៍​ថា ​គាត់​​មិន​ដដែល​ទទួល​បាន​ការ​​ប្រមាន ឬ​ហៅទៅ​សួរនាំ​ម្តងណាទេ។​

យោងតាម​សេចក្តីសម្រេចមួយ ​ដែល​ចេញ​ដោយ​មន្ទីរសុខាភិបាល​ខេត្ត​បន្ទាយ​មានជ័យ លេខ​១០៥៩ ចុះ​ហត្ថលេខា​ដោយ​ប្រធាន​មន្ទីរលោកវេជ្ជបណ្ឌិត កែវ សុភ័ក្រ្ត កាលពី​ថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៧ បាន​សម្រេច​លុប​ឈ្មោះ ​លោក អ៊ូ សេងយ៉ាន់ ​ជា​មន្រ្តី​ជាប់កិច្ច​សន្យា​ចេញពី​បញ្ជីឈ្មោះ​ការ​ប្រើ​ប្រាស់​មន្រ្តី​ជាប់កិច្ច​សន្យា​ឆ្នាំ២០១៧ ចាប់​ពី​ថ្ងៃទី១០ខែ​កក្កដា​ឆ្នាំ២០១៧។​ ការ​សម្រេច​ ដែល​បាន​ចំលង​ជូន​ទៅក្រសួងសុខាភិបាល​ផងនោះ មិន​បាន​បញ្ជាក់​អំពី​មូលហេតុនៃការ​បញ្ចប់នេះទេ។

បើតាមលោក អ៊ូ សេងយ៉ាន់​ គាត់​បាន​ទទួល​លិខិត​បញ្ឈប់ពីការ​ងារ​នេះ បន្ទាប់​ពី​លោក​បាន​បដិសេធ​បញ្ចុះបញ្ចូល​ភរិយា​របស់លោក​ឲ្យ​មក​ចូលរួម​ជាមួយនឹង​គណបក្ស​ប្រជាជនកម្ពុជា នៅមុន​ការ​បោះឆ្នោត​ជ្រើ​សរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ថ្ងៃទី៤ខែ​មិថុនាឆ្នាំ២០១៧។

ភរិយារបស់លោក អ៊ូ សេងយ៉ាន់​ ឈ្មោះ​លោកស្រី ឡាញ់ ថាវរី បច្ចុប្បន្នគឺជា​មេឃុំ​ជាប់​ឆ្នោត​ថ្មី​នៅ​ឃុំ​ឬស្សីក្រោក ស្រុក​មង្គល​បូរី​ មក​ពីគណបក្ស​សង្រ្គោះជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ