ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានហៅអាជ្ញាធរខេត្តបាត់ដំបងដែលចាប់វាយខ្នោះព្រះសង្ឃមួយអង្គ បន្ទាប់ពីបង្ហាញរូបភាពកាំភ្លើងជ័រនោះថា ជាទង្វើស្មោកគ្រោក។
ការលើកឡើងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ គឺខណៈដែលព្រះសង្ឃជិត៣០អង្គ នាំគ្នាទៅឃ្លាំមើលនៅមុខសាលាដំបូងខេត្តបាត់ដំបងនៅព្រឹកនេះ។
មានសង្ឃដីកាប្រាប់អ្នកសារព័ត៌មានផ្សាយផ្ទាល់តាម Facebook រួមជាមួយសមាជិកបណ្តាញ២៨អង្គទៀត ព្រះតេជគុណ ប៊ុត ប៊ុនទិញ ថាអាជ្ញាធរមិនបានមកជួបតាមពេលណាត់ទេ។ ព្រះអង្គបន្តថា ព្រះរាជអាជ្ញារល្មើសច្បាប់ ដោយថាចាប់អត់ភស្តុតាង ចាប់មុនថ្ងៃកំណត់ និងចាប់មុនការស៊ើបអង្កេត។ ព្រះអង្គថា «ព្រះអាជ្ញាស្មោគគ្រោក ហើយជាតុលាការលេងសើច»។
កាលពីម្សិលមិញ ព្រះសង្ឃមួយអង្គដែលជាសមាជិកនៃ បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះនាម ហន សុផាន្នី គង់នៅវត្តដំរីស ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ទៅតាមដីការបស់តុលាការខេត្ត បន្ទាប់ពីបង្ហាញរូបកាំភ្លើងនៅតាមហ្វេសប៊ុក៕