ពលរដ្ឋ​ពីរសហគមន៍នៅភ្នំពេញ ជំរុញទៅរដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហាដីធ្លី​

អ្នកសហគមន៍បឹងកក់ និងបុរីកីឡា មកតវ៉ារឿងដីធ្លី នៅមុខទីស្ដីការគណរដ្ឋមន្ត្រី ថ្ងៃទី ២២ មិថុនា ២០១៨ (រូបភាព៖ ណាត សុភាព)

អ្នកមានជម្លោះដីធ្លីនៅបុរីកីឡា និង​តំបន់បឹងកក់ជាង៦០នាក់​ បាន​​ប្រមូលម្តុំគ្នានៅមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ជំរុញទៅរដ្ឋាភិបាលឲ្យពន្លឿនដោះស្រាយ​បញ្ហា​ដីធ្លីជូនពួកគេឲ្យបានឆាប់​​។

តំណាង​សហគមន៍បុរីកីឡា​ អ្នកស្រី ភោគ សុភីន បានរៀប​រាប់ទាំងអួលដើម​ក​ថា ប្រជាពលរដ្ឋជាង៣០គ្រួសារនៅបុរីកីឡាដែលមិនទទួលបានសំណង​នាំគ្នាឡើង​មក​តវ៉ានៅនៅមុខ​ទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ គឺដើម្បី​​ទាមទារឲ្យរដ្ឋាភិបាលជួយ​អន្តរាគមន៍ទៅសាលារាជធានីភ្នំពេញ​ផ្តល់សំណង​ជូនពួកគាត់ឲ្យបានឆាប់​ ​ខណៈបច្ចុប្បន្ននេះពួកគាត់កំពុងមានជីវភាពខ្វះខាត​។

តំណាង​សហគមន៍បុរីកីឡា​ អ្នកស្រី ភោគ សុភីន
បើនិយាយទៅវេទនា និយាយរឿង​កូន ខ្ញុំចង់ស្រក់ទឹកភ្នែក​ ខ្ញុំពិបាកចិត្តរឿង​កូន​…ម៉ែអាឡៃដើរ[តវ៉ា] ផ្លូវ​ខុសអត់មានលុយឲ្យកូនរៀន។ ខ្ញុំជាស្រីមេម៉ាយទៀត ដើរតវ៉ា៦ទៅ៧ឆ្នាំហើយ ដែលខ្ញុំពិបាកទុក ពិបាកវេទនា​នោះ​​

តំណាង​សហគមន៍បុរីកីឡា​ អ្នកស្រី ភោគ សុភីន

ចំណែក តំណាង​សហគមន៍បឹងកក់ កញ្ញា អ៊ីម ស្រីទូច ឯណោះ​វិញ បានអះអាងថា ប្រជាពលរដ្ឋដែលទទួលបានសំណងខ្លះ និងមិនទទួលបានសំណង​ជាង១៦០គ្រួសារ ធ្លាប់ដាក់ញត្តិជាច្រើនដងទៅសាលាក្រុង​ ក្រសួង​ដែនដី ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជាច្រើនឆ្នាំមក​​ហើយ ប៉ុន្តែរហូត​មក​ដល់ពេលនេះមិនទាន់មានដំណោះស្រាយ​នៅឡើយ​។ ករណីនេះ កញ្ញាព្រមានថា បើមិនមានដំណោះស្រាយ​ទេ ពួកគេនៅតែបន្តតវ៉ារហូត​មានដំណោះស្រាយ​។

កញ្ញាអះអាងថា៖«បើសិនជាអត់មានដំណោះស្រាយ ពួកខ្ញុំទាំងអស់គ្នានឹង​បន្ត​តវ៉ាទៀត ស្វែងរកដំណោះស្រាយ​​»។

អ្នកនាំពាក្យ​ប្រតិកម្ម​រហ័សទីស្តីការគណៈរដ្ឋមន្រ្តីលោក ទិត សុធា សុំមិនធ្វើការបកស្រាយជុំវិញការស្នើសុំរបស់សហគមន៍បុរីកីឡា និងបឹងកក់ ដោយថាលោកមិនមានតួនាទីដោះស្រាយ​បញ្ហានេះទេ។

លោកមានប្រសាសន៍ថា៖«ខ្ញុំអត់អាច​ អត្ថាធិប្បាយ​ដោយខ្ញុំមិនបានដឹង​រឿង​ហ្នឹងទេ។ ធម្មតាគេមានគណៈកម្មការទទួលពាក្យបណ្តឹង​រឿង​ដីធ្លី ក្នុងកិច្ចការរដ្ឋាភិបាល មានអ្នកធ្វើកិច្ចការហ្នឹងផ្សេង​​»។

រីឯអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ថា សាលារាជធានីភ្នំពេញកំពុង​យកចិត្តទុកដាក់ដោះស្រាយបញ្ហាសេសសល់ជូនសហគមន៍ទាំងពីរនោះ ប៉ុន្តែលោកថា បើប្រជាសហគមន៍ទាំងនោះមានចម្ងល់អាច​ទំនាក់ទំនងទៅសាលារាជធានីផ្ទាល់។

លោកមានប្រសាសន៍ថា៖«ឲ្យគាត់ទាក់ទងខ្ញុំបន្ថែមទៀត។ សរុប​មក​បងប្អូនយើងទាំងបុរីកីឡា ទាំងបឹងកក់ យើងកំពុង​ធ្វើការដោះស្រាយ​ហើយ​»។

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែរកវិធីពន្លឿនដោះស្រាយ​បញ្ហា​ដីធ្លីជូនប្រជាពលរដ្ឋបុរីកីឡា និងបឹងកក់ទាំងនោះឲ្យអស់ ដោយថាបើមិនធ្វើការដោះស្រាយ​ឲ្យអស់ទេជំងឺរាំរ៉ៃក្នុងសង្គមនៅតែបន្តកើតមាន។

កន្លង​មក​យើងឃើញថា ដូចបុរីកីឡា ជាពិសេសបឹងកក់ មានការប្រើប្រាស់អំពើហិង្សា​ ដើម្បីទប់ស្កាត់ការតវ៉ា​ មានការចាប់ខ្លួន​ជាបន្តបន្ទាប់​ ។​ បើសិនជាមិនបានដោះបញ្ចប់ទេ​ បញ្ហាវាកើតឡើងបន្តទៀត​ អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋ

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត

កាលពីឆ្នាំ២០០៣ ក្រុមហ៊ុន​ ផាន អ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន ទទួលបានសិទ្ធិពីរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅសហគមន៍បុរីកីឡាដោយសន្យាសង់អគារចំនួន ១០ ជូនប្រជាពលរដ្ឋ ១ ៧៧៦គ្រួសារវិញ ប៉ុន្តែ ក្រុមហ៊ុនសង់បានតែ ៨អគារក៏ផ្អាក ដោយលើកហេតុផលថា ក្រុមហ៊ុនក្ស័យធន។

ដោយឡែក កាលពី​ឆ្នាំ២០១១ រដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ដោយបានកាត់ដីចំនួន ១២.៤៤ ហិចតា ឲ្យប្រជា​ពល​​​​រដ្ឋ​ជាង៧០០គ្រួសារ នៅតំបន់បឹងកក់។ ប៉ុន្តែអ្នកបឹងកក់ថា ជិត ៧ឆ្នាំនៅតែមិនទាន់មាន​ដំណោះ​ស្រាយ​​​។​

ក្រោយមកនៅក្នុងវេទិកាជាតិលើកទី២ ​ស្តីពី ​«ការការពារ ​និងអភិរក្សធនធានធម្មជាតិ» នា​ថ្ងៃទី២២សីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់​ឲ្យអភិបាល​​រាជធានី​ភ្នំពេញ​ថ្មី គឺ លោក ឃួង ស្រេង ត្រូវដោះស្រាយបញ្ហាជម្លោះដីធ្លីនៅតំបន់បឹងកក់ឲ្យអស់ ខណៈបច្ចុប្បន្នតំណាង​អ្នក​មាន​ជម្លោះ​​ដីធ្លីនៅតំបន់បឹងកក់ជាង១៦០គ្រួសារនៅតែអះអាងថា ពួកគេមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ