គណបក្សថ្មីមួយថាក្រសួងមហាផ្ទៃមិនឆ្លើយតបនឹងសំណើសុំជួបសកម្មជនសង្រ្គោះជាតិ

គណបក្សថ្មីមួយដែលបានស្នើសុំជួបសួរសុខទុក្ខសកម្មជន​គណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៣ខែកុម្ភៈនេះអះអាងថាមកដល់ថ្ងៃកំណត់នេះហើយក្រសួងមហាផ្ទៃ នៅមិនទាន់ឆ្លើយតបនឹងសំណើនេះនៅឡើយទេ។

គណបក្សថ្មីមួយដែលបានស្នើសុំជួបសួរសុខទុក្ខសកម្មជន​គណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៣ខែកុម្ភៈនេះអះអាងថាមកដល់ថ្ងៃកំណត់នេះហើយក្រសួងមហាផ្ទៃ នៅមិនទាន់ឆ្លើយតបនឹងសំណើនេះនៅឡើយទេ។

កាលពីថ្ងៃទី១៨ខែកុម្ភៈប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានស្នើសុំអនុញ្ញាតពីលោក ស ខេង ដើម្បីបានជួបសួរសុខទុក្ខសកម្មជន​គណបក្សសង្រ្គោះជាតិជាង១០រូបរាប់ទាំងលោក មាជ សុវណ្ណរ៉ា និង​លោក ហុង សុខហួរ ជាអតីតសមាជិកព្រឹទ្ធសភា។

ក្នុងលិខិតនោះ លោក ពេជ្រ ស្រស់ បានអះអាងប្រាប់លោក ស ខេង ថាមូលហេតុដែលលោកចង់ជួប​សកម្មជនគណបក្សប្រឆាំងព្រោះថ្នាក់ដឹកនាំគណបក្សថ្មីនេះភាគច្រើនជាយុវជន ហើយពួកគេចង់បង្ហាញពីកម្លាំងខ្លាំងក្លារបស់យុវជនដើម្បីស្វែងយល់ពីទឹកចិត្តអ្នកនយោបាយដូចគ្នា។

ប៉ុន្តែអនុប្រធានគណបក្សយុវជនកម្ពុជាលោក អ៊ុន វិសិទ្ធគុន បានប្រាប់VODថាគិតត្រឹមព្រឹក​ថ្ងៃអង្គារនេះជាថ្ងៃកំណត់ដែលគណបក្សលោកត្រូវទៅ​ជួប​សកម្មជនគណបក្សសង្រ្គោះជាតិនោះគឺក្រសួង​មហាផ្ទៃ​នៅមិនទាន់ឆ្លើយតបថាឲ្យជួបឬមិនឲ្យជួបនោះទេ។

លោកអះអាងថា៖ ”ខាងខ្ញុំមិនទាន់បានទទួលចំលើយវិជ្ជមានឬអវិជ្ជមានពីក្រសួងមហាផ្ទៃទេដោយសារខាង​​ខ្ញុំកំពុងតែរង់ចាំ ហើយកំពុងតែស្រាវជ្រាវព្រោះមានចំណុចលេចឮខ្លះដែលគាត់​[ក្រសួងមហាផ្ទៃ]​ឆ្លើយមកមិនទាន់ច្បាស់ ហើយកំពុងតែរង់ចាំការអនុញ្ញាតិពីក្រសួងមហាផ្ទៃផងដែរ”។

លោក អ៊ុន វិសិទ្ធគុន អះអាងថាបើទោះបីជាក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យគណបក្សលោកជួបសកម្មជន​សង្រ្គោះ​ជាតិនៅថ្ងៃនេះក៏លោកនៅតែរក្សាជំហរទៅជួបសកម្មជនគណបក្សប្រឆាំងនៅណាថ្ងៃមួយខាងមុខនេះ។

VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បាននៅឡើយនៅព្រឹកថ្ងៃអង្គារនេះខណៈក្រសួងនេះកំពុងធ្វើសន្និបាតបូកសរុបការងារប្រចាំឆ្នាំ។

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង បានស្វាគមន៍ចំពោះគម្រោងជួបសួរសុខទុក្ខ​សកម្មជនគណបក្សរបស់លោកនេះដោយលោកមិនបារម្ភថាគណបក្សថ្មីនេះអាចស្រូបយកសំឡេងពីគណបក្សសង្រ្គោះជាតិបាននោះទេ។

លោកមានប្រសាសន៍ថា៖ យើងសប្បាយរីករាយបើមានបងប្អូនយើងប្រជាពលរដ្ឋណាដែលមានទឹកចិត្តឈឺ​ឆ្អាលស្រលាញ់​យុត្តិធម៌ចង់ទៅ​សួរសុខទុក្ខសកម្មជនគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ពន្ធនាគារទាំងអស់ហ្នឹងគណបក្សសង្រ្គោះជាតិស្វាគមន៍

សូមបញ្ជាក់ថាគណបក្សយុវជនកម្ពុជាទើបតែដាក់ពាក្យសុំបង្កើតគណបក្សថ្មីនេះទៅក្រសួងមហាផ្ទៃ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។