ពលករខ្មែរចំណាកស្រុកខុសច្បាប់៤៨នាក់ត្រូវបញ្ជូន​មក​​ប្រទេសកំណើតវិញ

ពលករខ្មែរធ្វើការលើទូកនេសាទរបស់ថៃ (ប្រភព៖ Human Right Watch)

ក្រសួងការបរទេស​បានឲ្យដឹងថា ស្ថានទូតកម្ពុជា​ប្រចាំប្រទេសចំនួន៤ បាន​បញ្ជូនពលករខ្មែរចំណាកស្រុក៤៨នាក់ត្រឡប់មក​​ប្រទេសកំណើតវិញ បន្ទាប់ពីពួកគេឆ្លងដែនខុសច្បាប់ទៅធ្វើការនៅក្រៅប្រទេស។

ក្នុង​លិខិតរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះផ្សាយថ្ងៃនេះថា ស្ថានទូតតំណាង​កម្ពុជា​ប្រចាំប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី និងប្រទេសឡាវ បានអន្តរាគមន៍ជួយពលករខ្មែរ៤៨នាក់ ដែលពួកគេលួច​ឆ្លង​ដែន​ខុសច្បាប់​​ចូលទឹកដីនៃប្រទេសទាំងនោះ ដើម្បី​ធ្វើការនៅលើទូកនេសាទរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ​។លិខិតដដែល​បញ្ជាក់ថា ពលករខ្មែរទាំងត្រូវ​ត្រូវបានបញ្ជូនត្រឡប់មក​ដល់​កម្ពុជាចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ​២០១៨នេះ​។

កាលពីខែមិថុនាឆ្នាំ២០១៤ អាជ្ញាធរថៃចាប់បញ្ជូនពលករ​ខ្មែរប្រមាណ២០ម៉ឺន​នាក់មក​ប្រទេស​កម្ពុជា​វិញ ក្រោយពីរកឃើញថាពួកគេចូលធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់។ ក្រោយមកអាជ្ញាធរ​ថៃ​បាន​ទទួល​​យកពលករខ្មែរវិញ ដោយឲ្យ​បំពេញ​​បែបបទតាមផ្លូវច្បាប់។

ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ២០១៧នេះ រដ្ឋាភិបាល​យោធា​ថៃ បានអនុវត្តវិធានការថ្មីមួយទៀត ដោយបាន​ចាប់​​បញ្ជូន​ពលករ​បរទេស​ទៅ​ប្រទេស​​កំណើត​របស់​ពួក​គេ​​វិញ ដោយថា ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ច្បាប់​គ្រប់​​គ្រង​​ពលករ​បរទេស​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​មួយ​នេះ។

តាមរបាយការណ៍របស់ក្រសួងការបទេសកម្ពុជា រយៈពេល៦ខែដើមឆ្នាំ២០១៧ អាជ្ញាធរកម្ពុជា​បានជួយ​សង្គ្រោះ​និងធ្វើ​មាតុ​ភូមិ​និវត្តន៍​ ពលករខ្មែរចំនួន ៤៥០នាក់។ ក្នុងនោះ បញ្ជូនមកពីប្រទេសថៃ មានចំនួន១៧៨នាក់ ម៉ាឡេស៊ី ចំនួន​១៣៤នាក់ វៀត​ណាម ចំនួ​ន​៦៨នាក់ មកពីឡាវ ចំនួន២៤នាក់ និងចំនួន ២២នាក់ផ្សេងទៀត បញ្ជូនមកពីប្រទេសចិន​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ