នាវា​ចម្បាំង​រុស្ស៊ី​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះសី​ហនុដើម្បី​រឹត​ចំណងមិត្តភាពកងទ័ពជើងទឹកជាមួយកម្ពុជា

នាវា​កងទ័ពជើងទឹក​រុស្សី ចុះចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​២២​ ឧសភា ២០១៨។ រូបភាព៖ AKP

នាវាចម្បាំង​៣គ្រឿង​របស់​ប្រទេស​រុស្ស៊ី​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះ​សីហនុ ដើម្បីបង្កើន​ចំណង​ទំនាក់​ទំនង​ទ័ពជើង​ទឹក​រវាង​ប្រទេស​ទាំង​ពី​ឲ្យ​កាន់​តែ​ប្រសើរ។

​យោង​តាម​ទីភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា​ AKP នាវាទាំងបី ចូល​ចត​នៅ​កំពង់​ផែក្រុង​ព្រះ​សី​ហនុរយៈ​ពេល​ប្រាំ​ថ្ងៃ​គឺ​ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។ តាមប្រភពដដែល នាវាចម្បាំង​របស់​រុស្ស៊ីដែល​មានឈ្មោះ Admiral Vinagrador និង Admiral Tributs ដែល​មាន​ប្រវែង​១៦៣​ម៉ែត្រជា​ប្រភេទ​នាវាពិឃាត និង Pechenga មានប្រវែង​១៣០ម៉ែត្រជា​នាវា​ផ្ទុក​   ប្រេង។ នាវាទាំងបី​​ផ្ទុក​នាវិកសរុប​​ចំនួន៨១៩នាក់។ ​ នាវា​ទាំង​នេះ ​ដឹក​នាំ​ដោយមេ​បញ្ជា​ការ​កង​នាវា​ចម្បាំង​រុស្ស៊ី​​ប្រចាំ​តំបន់​ប៉ាស៊ី​ហ្វិក​លោក​ Olen Korolev។

បើតាម​ AKP អំឡុងពេលចតនាវានៅព្រះរាជាណាចក្រកម្ពុជារយៈពេលប្រាំថ្ងៃនេះ ប្រតិភូកងទ័ពរុស្ស៊ី មានគម្រោងចូលជួប ជាមួយអគ្គ​នាយក​កំពង់ ផែស្វយ័តក្រុងព្រះសីហនុ អភិបាលខេត្តព្រះសីហនុ មេបញ្ជាការមូលដ្ឋានសមុទ្រ និងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ក្រៅពីនោះក៏មានការប្រកួតកីឡាបាល់ទាត់ និង​បាល់ទះជាមួយកងទ័ពជើងទឹកកម្ពុជាផងដែរ។

នេះ​ជា​លើកទី​៤​ហើយ​ដែល​កង​នាវា​របស់​​សហព័ន្ធ​រុស្ស៊ីបាន​ចូល​មក​ចត​នៅឆ្នេរ​សមុទ្រកម្ពុជា​ចាប់​ពី​ឆ្នាំ​២០១១​មក។ កាល​ពី​ចុង​ឆ្នាំ​មុន​នាវាច​ម្បាំង​ចំនូន​ពីរ​បស់​រុស្ស៊ី​ក៏​បាន​ចូល​ចត​នៅ​កំពង់​ផែខេត្ត​ព្រះសី​ហនុ​ផង​ដែរ។

ការ​មក​ដល់​នៃនាវា​កង​ទ័ព​ជើង​ទឹក​រុស្ស៊ី​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​សម្រេច​ផ្អាក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ខាង​ផ្នែក​យោធា​មួយ​ចំនួន​ជាមួយ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី នៅ​ដើម​ឆ្នាំមុន៕

រូបភាព៖ កងទ័ពជើងទឹកកម្ពុជាស្វាគមន៍នាវិករុស្ស៊ី (ប្រភពពី AKP)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ