លោក ហ៊ុន សែនថា តម្លៃស្រូវធ្លាក់ចុះមកពីកត្កាទីផ្សារ ខណៈស្រូវឆ្នាំនេះកើនឡើងខ្ពស់

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

 

លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន ថា តម្លៃស្រូវធ្លាក់ថ្លៃ ដោយសារកត្កាបញ្ហាទីផ្សារអន្តរជាតិមានការធ្លាក់ចុះ ហើយណាមួយឆ្នាំនេះផលិតផលស្រូវមានការកើនឡើងខ្ពស់ បើធៀបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។

 

នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ ឲ្យដឹងថា បញ្ហាដែលជាផលប៉ះពាល់ នៃការស្រុតចុះតម្លៃស្រូវនេះ  គឺមកពីកត្ដាទីផ្សារអន្តរជាតិ នឹងមកពីឆ្នាំនេះ ផលស្រូវមានការកើនឡើងខ្ពស់ បើធៀបទៅនឹងឆ្នាំកន្លងទៅ ។  សេចក្ដីប្រកាសព័ត៌មានបន្តថា  ការកើនឡើងផលិតផលស្រូវមកពីការយកចិត្តទុកដាក់ ការកសាងប្រព័ន្ធធារាសាស្រ្ត សម្រាប់ស្រោចស្រប់ការដាំដុះ ទើបផលិតផលមានការកើនឡើង។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖” សម្ដេចក៏បានលើកឡើងថា បញ្ហាដែលជាផលប៉ះពាល់នៃការស្រុតចុះ តម្លៃស្រូវ ក្រៅពីកត្កាទីផ្សារអន្តរជាតិ គឺកត្កាសន្តិភាពការកសាងប្រព័ន្ធធារាសាស្ត្រ និងការផ្ដល់ទឹកគ្រប់គ្រាន់ ស្រោកស្រពដាំដុះផលិត ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល បានធ្វើឲ្យផ្ទៃដីដាំដុះ និងផលិតផលកសិកម្មពិសេសផលិតផលស្រូវមានការកើនឡើងខ្ពស់ បើធៀបទៅតម្រូវការទីផ្សារ គឺការរីកឡើង ផ្ទៃក្រឡា នៃការដាំដុះស្រូវបន្ថែម ដែលបានបង្កើនទិន្នផលស្រូវ”។

 

អគ្គលេខាធិការសម្ព័ន្ធនៃសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា  ស្រូវឆ្នាំនេះមិនមានការកើនឡើងលើសពីឆ្នាំមុនទេ ហើយកត្កាបញ្ហាទីផ្សារ មិនមែនមានតែឆ្នាំនេះនោះដែរ ។ លោកថា ចំពោះការលើកឡើងរបស់រដ្ឋាភិបាល មិនបានឆ្លុះបញ្ចាំងថា ស្រូវមានឆ្នាំនេះមានការកើនឡើងនោះទេ  ខណៈដែលការប្រមូលផលនឹងត្រូវធ្វើនៅក្នុងខែ១១ ។

 

លោកមានប្រសាសន៍ថា៖”បញ្ហាទីផ្សារដែលលោក នាយករដ្ឋមន្ត្រីថា ក្នុងន័យការពារខ្លួន ខណៈដែលរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្ម មិនមានវិធានការជាក់លាក់មួយក្នុងការរកទីផ្សារ នៅពេលតម្លៃស្រូវចុះថោក  ហើយមិនមានផែនការជាក់លាក់អន្តរាគមន៍ដោះស្រាយបញ្ហាហ្នឹង ។ ចឹងមានតែនិយាយថា ស្រូវកើនឡើងលើសតម្រូវការ ឆ្នាំនេះចលនាការតវ៉ារបស់កសិករវាមានសន្ទុះខ្លាំង ជាងឆ្នាំមុនៗ ដោយសារពួកគេគិតថា ឆ្នាំនេះស្រូវគឺមានតម្លៃថោក ជាងឆ្នាំមុនទៅទៀត ដែលយើងគិតហ្នឹងតាមពីស្ថានភាពនេះ”។

 

កាលពីថ្ងៃទី១៨ ខែកញ្ញា កសិករ ប្រមាណ១ពាន់នាក់ នៅស្រុកសង្កែ ខេត្តបាត់ដំបង បាននាំគ្នាចាក់ស្រូវប្រមាណ៣០០គីឡូក្រាមបិទផ្លូវជាតិលេខ៥ ដើម្បីតវ៉ាទាមទារឲ្យ រដ្ឋាភិបាល ជួយដោះស្រាយរកទីផ្សារ សម្រាប់លក់ស្រូវរបស់ពួកគេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ